រោងចក្រអគ្គិសនីប្រើប្រាស់ធ្យូងថ្មនៅខេត្ត ឧត្តរមានជ័យ គ្រោងបញ្ចប់ការសាងសង់នៅ ឆ្នាំ២០២១

បន្ទាប់ពីសម្រេចការសាងសង់បាន ៦០ ភាគរយ និងកំពុងបង្កើនល្បឿនសាងសង់ ដោយក្រុមហ៊ុនជំនាញ រោងចក្រផលិតថាមពលអគ្គិសនីដោយប្រើប្រាស់ធ្យូងថ្ម នៅខេត្តឧត្តរមានជ័យ គ្រោងនឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០២១ ខាងមុខនេះ។ បើយោងតាមការបញ្ជាក់របស់អភិបាលខេត្តឧត្តរមានជ័យ ។

ការបញ្ជាក់របស់អភិបាល ធ្វើឡើងនៅ សន្និសីទសារព័ត៌មានស្តីពី វឌ្ឍនភាពនិងទិសដៅការងារបន្តរបស់ខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃទី ១៩ ខែឧសភា នាទីស្តីការគណៈរដ្ឋមន្រ្តី។

ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងយ៉ាងដូច្នេះថា៖ «ចំពោះវិស័យអគ្គិសនី និងថាមពល ក្រសួងរ៉ែនិងថាមពលបានផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនអគ្គិសនីធ្វើការកែច្នៃដើរដោយធ្យូងថ្មមានកម្លាំង ២៦៥ មេហ្គាវ៉ាត់»។

ឯកឧត្តម បានបញ្ជាក់ថា៖ « សក្តានុពលនេះអត្ថប្រយោជន៍យើងបានជួយខេត្តឧត្តរមានជ័យបានជួយអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ពីទីរួមខេត្តឧត្តរមានជ័យទៅស្រុកទាំងពីរនោះ ចម្ងាយប្រហែលជា១០០ គីឡូម៉ែត្រ ទៅស្រុកអន្លង់វែងនិងស្រុកត្រពាំងប្រសាទ ។ សក្តានុពលយើងមានបីស្រុកនៅក្រុងមួយស្រុកពីរនេះនៅជុំ បន្ទាយអំពិល ចុងកាល សំរោងនិងទីរួមខេត្ត ពីសំរោងទៅអន្លង់វែងដល់ត្រពាំងប្រាសាទប្រហែល១២០ គីឡូម៉ែត្រ អញ្ចឹងយើងត្រូវយល់ពីស្ថានភាព អញ្ចឹងអគ្គិសនីនេះយើងផ្គត់ផ្គង់ទៅសៀមរាបវាជិតជាង»។

លោកក៏បានបន្ថែមថា៖ «មកដល់ពេលគម្រោងសាងសង់រោងចក្រធ្យូងថ្ម ដើម្បីផលិតថាមពលអគ្គិសនី សម្រេចបាន៦០ភាគរយហើយ ដោយក្រុមការងារជំនាញកំពុងពន្លឿនការ សាងសង់អោយហើយនៅពេលឆាប់ៗនេះ ខណៈរោងចក្រនេះនៅពេលដែលសាងសង់រួចរាល់ វាអាចផ្តល់ថាមពលអគ្គិសនីក្នុងខេត្តឧត្តរមានជ័យ និងសៀមរាប» ។

គួរបញ្ជាក់ថា ចំពោះរ៉ែធ្យូងថ្មដែលធ្វើការកែច្នៃនោះមានកម្តៅប្រហែលជាង ៣០០០ កាល់ឡូរី ដែលធ្វើការផលិតភ្លើងបាន ២៦៥គីឡូវ៉ាត់ ដែលអាចបំពេញតំរូវការដល់ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប។ មិនតែប៉ុណ្ណោះ រោងចក្រផលិតថាមពលអគ្គិសនីដោយប្រើប្រាស់ធ្យូងថ្ម នៅខេត្តឧត្តរមានជ័យនេះ នឹងមកជួយបំពេញសេចក្តីត្រូវការរបស់អ្នកប្រើប្រាស់ និងធានាសន្តិសុខថាមពលនៅកម្ពុជា៕

ដោយ៖ ស្រីពេជ្រ