លក្ខណៈកំពូលនៃមេដឹកនាំទាំង ៤ប្រការដែលមនុស្សគ្រប់គ្នាត្រូវតែមាន

មេដឹកនាំ ជាមនុស្សដែលត្រូវតែខ្លាំង មិនអាចខ្សោយដាច់ខាត។ មេដឹកនាំ ត្រូវតែច្បាស់លាស់ និងទទួលខុសត្រូវចំពោះក្រុមការងារ ការងារ និងខ្លួនឯង។ ភារៈរបស់មេដឹកនាំ គឺធំធេងណាស់ បើអ្នកមិនទាន់មានលក្ខណៈសម្បត្ដិគ្រប់គ្រាន់ និងសមត្ថភាពគ្រប់គ្រាន់ទេ ចូរអ្នកក៏អាចសាកល្បងធ្វើមេដឹកនាំគេអ្វី។ ត្រូវកសាងខ្លួនឯង ឲ្យមានព្រលឹងភាពជាអ្នកដឹកនាំក្នុងខ្លួនសិន។ ខាងក្រោមនេះ ជាលក្ខណៈ៤ប្រការរបស់មេដឹកនាំកំពូល៖

១. អ្នកដឹកនាំត្រូវធ្វើការសិក្សារៀនសូត្រជាប្រចាំ

ការសិក្សារៀនសូត្រពិតជាសខាន់ខ្លាំងណាស់សម្រាប់មនុស្សម្នាក់ៗ ហើយរឹតតែសំខាន់ទៅទៀតចំពោះ មេដឹកនាំ។ ធ្វើជាមេដឹកនាំត្រូវតែជាមនុស្សដែលមានចំណេះដឹង និងបញ្ញា ស្មារតីរឹងមាំ នៅក្នុងការដោះស្រាយបញ្ហាដែលកើតឡើង។ ការសិក្សាពីមនុស្សនៅជុំវិញខ្លួន ពីបុគ្គលល្បីៗ នោះជាវិធីសាស្ត្រដែលមេដឹកនាំជាច្រើននិយមប្រើ។

២. មេដឹកនាំ គឺជាអ្នកបង្កើតមេដឹកនាំ

ក្រៅពីតួនាទីគ្រប់គ្រងការងារ និងបុគ្គលិក នៅក្នុងក្រុមហ៊ុន មេដឹកនាំត្រូវមានភារកិច្ចបណ្ដុះមេដឹកនាំជំនាន់ក្រោយទៀត។ មេដឹកនាំត្រូវធ្វើការអង្កេតមើលបុគ្គលិកដែលសក្ដានុពល ហើយធ្វើការណែនាំបន្ថែមជាប្រចាំ ដើម្បីឲ្យបុគ្គលិកទាំងនោះ មានឱកាសបញ្ចេញនូវសមត្ថភាពរបស់ពួកគេ។

៣. ត្រូវមានស្ដង់ដារការងារខ្ពស់

មេដឹកនាំ ត្រូវបង្កើតស្ដង់ដារការងារមួយដែលអនុវត្ដជាទូទៅនៅក្នុងក្រុមដែលខ្លួនដឹកនាំ ដូចជា គុណភាពផលិតផល សេវាកម្ម និងដំណើរការការងារជាដើម ក្នុងគោលបំណងធានាបាននូវប្រសិទ្ធិភាព និងរបៀបរៀបរយនៅក្នុងការអនុវត្ដការងារ។ ស្ដង់ដារការងារ វាមិនត្រឹមតែជួយឲ្យបុគ្គលិកខិតខំធ្វើការសម្រេចបានលទ្ធផលដែលអង្គភាពចង់បាន និងអាចដឹងពីចំណុចដែលខ្លួនកំពុងតែនៅប៉ុណ្ណោះទេ តែវាក៏ជួយឲ្យកាត់បន្ថយបញ្ហាដែលកើតឡើងជាយថាហេតុផងដែរ។

៤. គិតឲ្យធំ សុបិនឲ្យធំ

មេដឹកនាំត្រូវជាមនុស្សដែលមានក្ដីស្រមៃ និងចក្ខុវិស័យវែងឆ្ងាយ។ នៅក្នុងក្រុមហ៊ុន មេដឹកនាំ គឺជាអ្នកបង្កើត និងរក្សាទំនាក់ទំនងល្អជាមួយនឹងបុគ្គលិក និងអតិថិជន ក្នុងគោលដៅជំរុញឲ្យពួកគេសម្រេចនូវគោលដៅរបស់អង្គភាព។ មេដឹកនាំ ពួកគេមានការគិតផ្សេង និងតែងឈរនៅជ្រុងម្ខាង ដើម្បីមើលថាតើមានបញ្ហាអ្វីដែលនឹងកើតឡើង និងត្រូវកែលំអឡើងវិញ?

អត្ថបទដោយ៖ ឡាយ ឧត្ដម