លោកឧកញ៉ា អ៊ុច សម្បត្តិ បង្ហាញមនុស្ស ៧ប្រភេទដែលកំពុងធ្វើដំណើរទៅរកភាពជោគជ័យរបស់ពួកគេ

លោក​ឧកញ៉ា ​អ៊ុច ​សម្បត្តិ​ ត្រូវបានគេស្គាល់ថា ជាម្ចាស់​ក្រុម​​ហ៊ុន​​គ្រឿង​​សំអាង​ឈ្មោះ​ថា​ គ្រួសារ​កក់​​ក្ដៅ ដែលទទួលបានការគាំទ្រយ៉ាងច្រើនពីអតិថិជននាពេលបច្ចុប្បន្ននេះ។ បន្ទាប់ពីទទួលបានការបរាជ័យផ្ទួនៗជាច្រើននាពេលអតីតកាល ពេលនេះលោកឧកញ៉ា បានក្លាយជាបុគ្គលដែលត្រូវបានគេទទួលស្គាល់ថា ជាសហគ្រិនជោគជ័យមួយរូបនៅកម្ពុជា។ ដោយផ្អែកលើបទពិសោធន៍នៃការធ្វើជំនួញ និងរកស៊ីកន្លងមក លោកឧកញ៉ាបានបង្ហើបពីមនុស្ស៧ប្រភេទ ដែលកំពុងតែដើរទៅរកភាពជោគជ័យរបស់ពួកគេក្នុងផ្លូវផ្សេងៗពីគ្នា ដូចខាងក្រោម៖

១. ប្រភេទមនុស្សដែលទៅទាំងងងឹតងងល់៖ គឺទៅទាំងមិនដឹងផ្លូវ ទៅបន្តិចឈប់ ឈប់បន្តិចចង់បន្តទៅ ទៅមុខបន្តត្រលប់ក្រោយ ត្រលប់ក្រោយបន្តិចក៏ចង់ទៅ វិលវល់ចង់កន្លះជីវិតហើយ នៅមិនដឹងខ្លួនទៀត។

២. ប្រភេទមនុស្សដែលទៅទាំងគ្មានចំណេះដោយគ្រាន់តែឃើញគេជោគជ័យ៖ ឃើញគេថា ក៏ចង់មកតាមគេ តែមិនខ្ចីសួរគេ រត់តាមគេឲ្យកក្លាក់ រត់បន្តិចក៏ហត់ ហត់បន្តិចក៏បន្តរត់ រត់ឈប់ៗ ក៏បន្ទោសគេថា “មកពីអ្នកហៅខ្ញុំមក”។

៣. ប្រភេទមនុស្សដែលទៅដោយចំណេះដឹងខុសជំនួញដែលកំពុងធ្វើ៖ ប្រភេទនេះ មានគ្រឹះខ្លះ មកបន្តិចដួល ដួលបន្តិចងើប អើបបន្តិចដួល ដួលបន្តិចងើប កន្លះជីវិតនេះ ដួលងើបៗ ក្រាញ់ននៀលនៅហ្នឹង មិនខ្ចីរកអ្នកចេះឲ្យជួយ។ ប្រភេទនេះអាចនិយាយបានថា ប្រភេទ “អញចេះអស់ហើយ”។

៤. ប្រភេទមនុស្សដែលទៅបណ្តើររៀនបណ្តើរ៖ ដើររដិតរដុបមួយៗ តែដើរបានយូរ ដោយសារបានរៀនចំកន្លែង តែមិនទាន់រកឃើញខ្លួនឯងពិតប្រាកដ ទើបទៅមុខយឺត។

៥. ប្រភេទមនុស្សដែលរៀនចំជំនួញរៀនចំកន្លែងចេះ តែឆ្វេចឆ្វាចចិត្តមិននឹងនរ៖ ទៅមុខលឿន ទៅមុខរហ័ស តែអំនួត ឆាប់ភ្លេចកំណើត ជោគជ័យបានលឿន ជិះទូកម្តង២ ឬច្រើន ហើយក៏ងាយបោះបង់ ងាកទៅចាប់នេះបន្តិច ចាប់នោះបន្តិច ក៏ងាយធ្លាក់ផ្លូវណាស់។

៦. ប្រភេទមនុស្សដែលទៅដោយមានអ្នកបង្ហាញផ្លូវ តែខ្ជិលអូសគូទ៖ ពួកគេទៅដោយមានអ្នកបង្ហាត់បង្ហាញ ទៅទាំងមានអ្នកគូសវាសផ្លូវ ងាយទទួលជោគជ័យ តែជោគជ័យបន្តិចក៏ខ្ជិល ជោគជ័យបានតែមួយឆាវ ក៏បាត់ទៅវិញ។

៧. ប្រភេទមនុស្សដែលទៅដោយស្គាល់ផ្លូវ ទៅជាមួយអ្នកស្គាល់ផ្លូវច្បាស់លាស់៖ ប្រភេទនេះជាប្រភេទច្បាស់លាស់ ជោគជ័យនៅជាមួយប្រភេទនេះ ព្រោះគេដឹងថាទៅធ្វើអ្វី និងទៅដើម្បីអ្វី៕

តើអ្នកកំពុងអាននេះ ទៅរកភាពជោគជ័យ តាមប្រភេទមួយណា?

សម្រួលអត្ថបទដោយ៖ ឡាយ ឧត្ដម