លោក ដូណាល់ ត្រាំ៖ ប្រសិនជាខ្ញុំជាប់ឆ្នោតសារជាថ្មីនៅអណត្តិក្រោយប្រទេសចិននឹងដឹងគ្នាជាមិនខាន

សង្គ្រាមពាណិជ្ជកម្មរវាងប្រទេសអាមេរិក និងប្រទេសចិននៅតែបន្តកើតមានឡើងឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។ ហើយកាលពីថ្ងៃអង្គារកន្លងទៅនេះប្រធានាធិបតីលោក ដូណាល់ ត្រាំ បានដាក់សម្ពាធទៅលើប្រទេសចិនឱ្យធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ​​នឹងសហរដ្ឋអាមេរិកបើសិនជាប្រទេសចិនមិនចង់ជួបផលវិបាកកាន់តែខ្លាំងនៅថ្ងៃខាងមុខ ព្រោះថាបើលោកជាប់ឈ្មោះជាប្រធានាធិបតីម្ដងទៀតប្រទេសចិននឹងមានបញ្ហាជាមិនខាន ។

លើសពីនេះទៅទៀត លោក ដូណាល់ ត្រាំ បានចែករំលែកសាររបស់លោកនៅក្នុងបណ្ដាញសង្គម Twitter ថា “សាកស្រមៃទៅមើលថាមានរឿងអ្វីកើតឡើងទៅលើប្រទេសចិន ប្រសិនបើខ្ញុំជាប់ឆ្នោតសារជាថ្មី?” ប្រាកដណាស់ថា ការដោះដូរនឹងកាន់តែពិបាក ហើយមិនយូរមិនឆាប់ខ្សែសង្វាក់ផ្គត់ផ្គង់របស់ប្រទេសចិននឹងធ្លាក់ចុះហើយអាជីវកម្មការងារ និងលុយនឹងត្រូវបាត់បង់ទៅតាមនោះដែរ។​ គួរបញ្ជាក់ផងដែរថាការបោះឆ្នោតរើសប្រធានាធិបតីអណត្តិថ្មីរបស់ប្រទេសអាមេរិកនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ ២០២០ ខាងមុខនេះ។

ពន្ធថ្មី ១៥ ភាគរយរបស់អាមេរិកទៅនឹងត្រូវដាក់ទៅលើផលិតផលរបស់ប្រទេសចិនប្រមាណ ១១២ ពាន់លានដុល្លារ។ ចំណែកទំនិញចិនផ្សេងទៀតប្រមាណ ១៦០ ពាន់លានដុល្លារ រួមទាំងកុំព្យូទ័រយួរដៃ និងទូរស័ព្ទចល័តនឹងត្រូវប្រឈមនឹងការជាប់ពន្ធ ១៥ ភាគរយនៅថ្ងៃទី ១៥ ខែធ្នូ ខាងមុខនេះ៕

អត្ថបទដោយ៖ ស្រីពេជ្រ