លោក វង្សី វិស្សុត៖ រដ្ឋាភិបាល បាននឹងកំពុងសិក្សាក្នុងការរៀបចំផែនការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ

ថ្លែងក្នុង​សន្និសីទ​សារព័ត៌មាន​កាលពីពេល​ថ្មីៗ ​នេះ ​នៅ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ លោក វ​ង្សី វិស្សុត រដ្ឋលេខាធិកាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​មានប្រសាសន៍ប្រាប់ឲ្យដឹងថា ​«​បច្ចុប្បន្ន រាជរដ្ឋាភិបាល តាមរយៈ​គណៈកម្មាធិកា​រគោល​នយោបាយ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដែលជា​សេនាធិការ បាន​នឹង​កំពុង​សិក្សា​គិតគូរ​រៀបចំ​ផែនការ និង​យុទ្ធសាស្ត្រ​ស្តារ​សេដ្ឋកិច្ចកម្ពុជា​ឡើងវិញ​»។

ទន្ទឹមនឹងនេះ លោកបានបន្តថា ផែនការស្តារសេដ្ឋកិច្ចឡើងវិញនេះ អាចនឹងធ្វើឡើងជា ២ ដំណាក់កាលដែលរួមមានដូចជា៖ ដំណាក់កាលទី១ គឺផែនការត្រៀមខ្លួន សម្រាប់ឆ្នាំ ២០២០-២០២១ ដោយបន្តផ្តោតលើការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ការទ្រទ្រង់ និងស្តារអាជីវកម្ម និងជួយដល់ជនដែលងាយរងគ្រោះពីជំងឺកូវីដ-១៩ តាមរយៈកម្មវិធីជំនួយសង្គមរបស់រាជរដ្ឋាភិបាល។ ថ្វីត្បិតតែយើងត្រូវបែងធនធានមួយចំណែកដ៏ធំ របស់ជាតិ សម្រាប់អន្តរាគមន៍ក្នុងវិស័យ សង្គមកិច្ចក្តី តែយើងក៏មិនដកថយ ក្នុងការបង្កើនការវិនិយោគលើវិស័យហេដ្ឋារចនាសម័ន្ធរូបវ័ន្តសំខាន់ៗ ដូចជា គមនាគមន៍ដឹកជញ្ជូន និងឡូជីស្ទិក, អគ្គិសនី និងឌីជីថលជាដើម ដើម្បីបង្កើនភាពប្រកួតប្រជែង។ ទន្ទឹមនឹងនេះយើងក៏ត្រូវធ្វើកិច្ចការមួយ បន្ថែមចំនួនទៀត ដើម្បីសម្រួលដល់លំហូរទំនិញ, សេវា និងមនុស្សកុំឱ្យមានការប៉ះពាល់ ឬរអាក់រអួល។

ចំណែក ដំណាក់កាលទី២ វិញ គឺផែនការងើបឡើងវិញ សម្រាប់ចាប់ពីឆ្នាំ ២០២២ តទៅ ដោយបន្តផ្តោតលើការបង្កើន ភាពប្រកួតប្រជែង, ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការពង្រឹងសមត្ថភាពស្ថាប័ន ព្រមទាំងការបង្កើនការវិនិយោគសាធារណៈ ដើម្បីទាក់ទាញវិនិយោគឯកជន ឱ្យកាន់តែបានច្រើនថែមទៀត។

លោក វង្សី វិស្សុត បានលើកឡើងទៀតថា ការរៀបចំផែនការស្តារសេដ្ឋកិច្ចឡើងវិញខាងលើនេះ នឹងត្រូវផ្តោតលើគោលការណ៍ណែនាំ សំខាន់ៗចំនួន៣ ផងដែរ។ ដោយ ទី១៖ ការស្វែងយល់ និងកំណត់និន្នាការ ឬប្រក្រតីកម្មថ្មី (Global Trends/New Normal) របស់ពិភពលោក៖ ពិភពលោកក្រោយវិបត្តិជំងឺកូវីដ-១៩ អាចនឹងមិនដូចពិភពលោក នៅមុនពេលវិបត្តិជំងឺកូវីដ-១៩ នោះទេ ហើយនិម្មាបនកម្មសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិភពលោក ក៏នឹងត្រូវបានផ្លាស់ប្តូរផងដែរ។ ក្នុងន័យនេះ ពិភពលោកក្រោយវិបត្តិកូវីដ-១៩ គឺជាពិភពលោកមួយ ដែលមានកំណើនទាប, មានទំនាក់ទំនងពាណិជ្ជកម្មតិចជាងមុន និងមានការគាំពារ និយមកាន់តែច្រើនជាងមុន ជាពិសេសការផ្លាស់ប្តូរ នៃខ្សែសង្វាក់ផលិតកម្ម ពីកម្រិតពិភពលោក មកកម្រិតតំបន់ និងពីកម្រិតតំបន់ដល់កម្រិតប្រទេសនីមួយៗវិញតែម្តង ជាពិសេស ចំពោះមុខទំនិញដែលចរិតយុទ្ធសាស្រ្តរបស់ជាតិ ដូចជា៖ ម្ហូបអាហារ, ថ្នាំពេទ្យ, ស្បៀង, អាវុធ, គីមី និងបច្ចេកវិទ្យាជាដើម។

ជាមួយគ្នានេះ មនុស្សក៏ចាប់ផ្តើមផ្លាស់ប្តូរ និងចេះរស់នៅតាមរបៀបថ្មី ដោយក្នុងនោះ នឹងមានការប្រើប្រាស់បច្ចេកវិទ្យាកាន់តែច្រើន ហើយការថែទាំ និងបង្ការជំងឺ ក៏នឹងកាន់តែធំជាងមុន ដែលជាហេតុធ្វើឱ្យមានតម្រូវការថ្មី ក្នុងខ្សែសង្វាក់នៃការផ្គត់ផ្គង់ និងសេវាកម្ម។ ជាមួយគ្នានេះ ការប្រែប្រួលអាកាសធាតុ ក៏នៅតែជាបញ្ហាប្រឈមរបស់មនុស្សជាតិ និងប្រទេសនីមួយៗ ហើយក្នុងករណីខ្លះ ការប្រែប្រួលនៃអាកាសធាតុ ក៏បានបង្កើតជាជំងឺខ្លះឥតឈប់ឈរផងដែរ។ គួរគូសបញ្ជាក់ផងដែរថា ដោយសារការរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩នេះ បានធ្វើឱ្យវិស័យបច្ចេកវិទ្យាមានសន្ទុះរីកចម្រើន និងការអភិវឌ្ឍ ក្នុងល្បឿនមួយដ៏លឿនជាងពេលណាៗទាំងអស់។

ទី២៖ ការកំណត់បរិការណ៍ក្នុងស្រុក (Local Context)៖ ទន្ទឹមនឹងនិន្នាការពិភពលោកថ្មី ដែលជាបរិការណ៍ក្រៅ ប្រទេសខាងលើនេះកម្ពុជាក៏ត្រូវពិនិត្យ និងវាយតម្លៃឡើងវិញ នូវស្ថានភាពរួមរបស់ប្រទេស, សក្តានុពលដែលមាន, កម្លាំងធនធាន និងបញ្ហាប្រឈមទាំងឡាយ នៅក្នុងស្រុកផងដែរ ដើម្បីអាចដាក់ ចេញនូវិធានការ អន្តរាគមន៍ ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ គួបផ្សំនឹងប្រព័ន្ធអេកូមួយ ដែលសមស្រប បត់បែន និងឆ្លើយតបទៅនឹង ទាំងបរិការណ៍ក្រៅស្រុក និងក្នុងស្រុក ។ ជាមួយគ្នានេះ វិធានការអន្តរាគមន៍ ក្នុងស្តារសេដ្ឋកិច្ចឡើងវិញនេះ ត្រូវតែធ្វើឡើងដោយឈរលើគោលការណ៍សម្រិតសម្រាំងខ្ពស់ (Selectivity) ដើម្បីកំណត់វិស័យណាដែលចរិតជាយុទ្ធសាស្រ្ត តាមដំណាក់កាលនីមួយៗ ស្របតាមផែនការច្បាស់លាស់ ព្រោះរដ្ឋមិនអាចធ្វើអន្តរាគមន៍គ្រប់វិស័យទាំងអស់ ក្នុងពេលតែមួយបាននោះទេ។ ទន្ទឹមនឹងនេះ ការរៀបចំក្របខណ្ឌស្ថាប័នឱ្យកាន់តែរឹងមាំ សក្តិសិទ្ធិភាព និងមានប្រសិទ្ធភាព គឺជាកត្តាគន្លឹះ ដើម្បីឱ្យយន្តការសេដ្ឋកិច្ចទីផ្សារអាចដំណើរការបានរលូន ក្នុងការបែងចែក និងប្រើប្រាស់ធនធានរបស់ជាតិឱ្យកាន់តែមានប្រសិទ្ធភាព ។

ទី៣៖ ការកៀរគរធនធាន៖ ដើម្បីគាំទ្រដល់ការអនុវត្តផែនការ ស្តារសេដ្ឋកិច្ចឡើងវិញ កម្ពុជាត្រូវតែមានធនធានគ្រប់គ្រាន់ ទាំងធនធានហិរញ្ញវត្ថុ និងទាំងធនធានមនុស្ស។ លោក វង្សី វិស្សុត បានសង្កត់ធ្ងន់ថា រដ្ឋចាំបាច់ត្រូវហ៊ានបង្កើនចំណាយធំជាងមុន តាមរយៈការបង្កើនការខ្ចីបន្ថែម និងការកៀរគរធនធានពីវិស័យឯកជន។ ចំពោះការខ្ចីពីក្រៅបន្ថែម គឺកម្ពុជាមិនពិបាកនោះទេ ដោយសារកម្ពុជា នៅសល់លំហរច្រើន សម្រាប់បង្កើនការខ្ចីបន្ថែម ព្រោះបន្ទុកបំណុលក្រៅប្រទេស របស់យើងនៅតិចនៅឡើយ ហើយបច្ចុប្បន្នក៏មានដៃគូរ ជាច្រើនចង់ឱ្យកម្ពុជា ខ្ចីបន្ថែមផងដែរ ។ ដោយឡែក ចំពោះការខ្ចីពីទីផ្សារក្នុងស្រុកវិញ ក៏ជាសក្កានុពលមួយដ៏ធំផងដែរ តែកម្ពុជានៅពុំទាន់បានខ្ចីពីផ្សារនេះនៅឡើយ។ ដូចនេះ ការអភិវឌ្ឍប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុឱ្យកាន់តែរឹងមាំ និងមានជវភាព គឺជាកត្តាគន្លឹះមិនអាចខ្វះបាន។

បន្ថែមពីនេះ លោកក៏បានគូសបញ្ជាក់ ការបង្កើនទំហំចំណាយតែមួយមុខ នៅមិនទាន់អាចដោះស្រាយបញ្ហាបានទាំងស្រុងនៅឡើយទេ តែអ្វីដែលសំខាន់ជាងនេះ គឺត្រូវចាយឱ្យចំមុខ, តាមនីតិវិធី និងមានប្រសិទ្ធភាព។ លើសនេះទៀត យើងចាំបាច់ត្រូវប្រមូលធនធានទាំងអស់ដែលមាន និងតម្រង់ទិសការប្រើប្រាស់ធនធានទាំងនេះ ឱ្យអស់លទ្ធភាព និងមានប្រសិទ្ធភាព តាមរយៈការបង្កើតក្របខណ្ឌ និងប្រព័ន្ធអេកូមួយសមស្រប ដែលអាចផ្តល់នូវទំនុកចិត្ត, ការលើកទឹកចិត្ត និងទាក់ទាញការចូលរួមពីគ្រប់តួអង្គទាំងអស់ ទាំងរដ្ឋ និងទាំងវិស័យឯកជន និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ ជាមួយគ្នានេះ កម្ពុជាក៏ត្រូវគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិ ដោយភាពឆ្លាតវៃ ដើម្បីបង្កើតតម្លៃឬចំណូលបន្ថែម ដោយម្ខាងធានាឱ្យមាននូវចីរភាពខាងផ្នែកបរិស្ថាន និងម្ខាងទៀត ដើម្បីបានផលចំណេញដល់សេដ្ឋកិច្ច។

យ៉ាងណាមិញ ទាក់ទិននឹងកិច្ចការនេះ លោករដ្ឋលេខាធិកាក៏បានបញ្ជាក់ថា ត្រូវធ្វើឱ្យបានឆាប់ ម៉ត់ហ្មត ត្រឹមត្រូវ និងគ្រប់ជ្រុយជ្រោយ ដើម្បីធ្វើឱ្យ សេដ្ឋកិច្ចកម្ពុជា អាចងើបឡើងវិញ បានឆាប់រហ័សដោយមិនរង់ចាំរហូតដល់ពេលដែលជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់នោះទេ ពោលយើងអាចត្រូវចេះរៀនរស់នៅជាមួយនឹងជំងឺនេះ៕

ដោយ៖ ស្រីពេជ្រ