លោក BILL GATE ៖ គួរផ្ដល់ចំណេះដឹង ការអប់រំដល់កូនៗ ជាជាងផ្ដល់ទ្រព្យសម្បតិ្តទាំងអស់ឲ្យទៅពួកគេ

ឳពុកម្ដាយជាច្រើនតែងខិតខំប្រឹងប្រែងធ្វើការ និងកសាងអាជីវកម្មណាមួយក្នុងគោលបំណងរកប្រាក់ចំណូល ដើម្បីធ្វើយ៉ាងណាឲ្យកូនៗ របស់ខ្លួន អាចរស់នៅបានដោយស្រួល។ លើសពីនេះ​ ថែមទាំងមានគំនិតចង់ប្រគល់ទ្រព្យសម្បត្តិទាំងអស់នោះទៅដល់កូនៗ របស់ខ្លួន ទុកឲ្យពួកគេប្រើប្រាស់ទៅថ្ងៃអនាគតថែមទៀតផង។

ដោយឡែក យោងតាមសម្ដីរបស់លោក​ Bill Gates មហាសេដ្ឋីលំដាប់ពិភពលោក ដែលបានដកស្រង់ចេញពីប្រភពពត៌មាន Business  Insider បានលើកឡើងថា “ចំពោះលោកផ្ទាល់ លោកនឹងមិនប្រគល់ទ្រព្យសម្បត្តិទាំងអស់ដែលមានឲ្យទៅកូនៗ ទាំង ៣ របស់លោកឡើយ ក៏ប៉ុន្ដែជំនួសមកវិញ លោកនឹងផ្ដល់ចំណេះ និងការអប់រំដ៏ល្អប្រសើរមួយសម្រាប់ពួកគេ”។ លោកក៏បានបន្ថែមទៀតថា “នៅពេលដែលពួកគេទទួលបានការអប់រំ និងចំណេះល្អមួយ បើទោះជាមាន ដើមទុនក្នុងដៃតិច ក៏ពួកគេអាចមានភាពច្នៃប្រឌិត និងចេញប្រឡូកដើម្បីដើរឆ្ពោះទៅរកក្ដីសុបិន្ត ដែលពួកគេមាន”

ជាងនេះទៅទៀត ប្រសិនបើពួកគេមានដើមទុន និងលុយកាក់ចាយវាយច្រើនស្រាប់ ពួកគេនឹងក្លាយខ្លួនទោះជាមនុស្សខ្ជិល គ្មានភាពតស៊ូ និងអាងទៅលើទ្រព្យសម្បត្តិដែលឳពុកម្ដាយមានស្រាប់ ចុះបើពួកគេមិនមែនជាមនុស្សដែលរឹងមាំ ហើយថ្ងៃណាមួយពួកគេជួបនឹងព្យុះភ្លៀងខ្លាំង តើពួកគេអាចងើបឈរឡើងវិញដោយខ្លួនឯងបាន ឬទេ? ម៉្យាងទៀត លោក Bill Gate មិនចង់ឲ្យកូនៗ របស់ខ្លួនទទួលបានភាពជោគជ័យ ដោយគ្មានការប្រឹងប្រែងនោះឡើយ ព្រោះជោគជ័យដែលបានមកពីទ្រព្យសម្បត្តិឳពុកម្ដាយ និងការជួយជ្រោមជ្រែងច្រើនពីអ្នកដទៃ មិនមែនជាជោគជ័យគួរឲ្យអបអរសាទរនោះឡើយ។

គួររំលឹកផងដែរថា បច្ចុប្បន្ន ​ស្ថាបនិក​ក្រុមហ៊ុន ​Microsoft រូបនេះ មានទ្រព្យសម្បត្តិច្រើនជាង ១០៨  ពាន់លានដុល្លារអាមេរិក ខណៈពេលដែលលោកស្លាប់ទៅ កូនៗ ទាំង ៣ របស់លោកនឹងទទួលបាន ទ្រព្យសម្បត្តិប្រហែល ១០ លានដុល្លារប៉ុណ្ណោះ រីឯទ្រព្យសម្បត្តិដែលនៅសល់នឹងបរិច្ចាគទៅអង្គការសប្បុរសធម៌នានាៗ៕​​

អត្ថបទដោយ៖ ស្រីពេជ្រ