លោក Bill Gates ណែនាំសៀវភៅពីរក្បាលដែលCEO និងអ្នកជំនួញគ្រប់រូបគួរអាន

លោក Bill Gates ដែលត្រូវបានគេស្គាល់ថាជាមហាសេដ្ឋីកំពូលម្នាក់នៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ(Self-made billionaire) និងជា co-founder នៃក្រុមហ៊ុនយក្ស Microsoft មិនធ្លាប់ធ្វើការណែនាំសៀវភៅប្រភេទអាជីវកម្មម្ដងណាទេ ប៉ុន្ដែលើនេះ លោកបានធ្វើការណែនាំសៀវភៅប្រភេទ​ជំនួញចំនួន២ក្បាលជូនដល់មិត្ដភក្ដិ និងអ្នកជំនួញនានាគួរតែអានឥឡូវនេះ។

លោកបានលើកឡើងនៅក្នុងប្លក់ផ្ទាល់ខ្លួនរបស់លោកថា “ជាបទពិសោធន៍ ខ្ញុះកម្រនឹងធ្វើការលើកឡើងពីសៀវភៅជំនួញ ការកសាងប្រតិបត្ដិការនៅក្នុងអង្គភាព ឬក៏ជាតិចនិចនៅក្នុងការអនុវត្ដនៅក្នុងអង្គភាពជាក់ស្ដែងណាស់”។ ប៉ុន្ដែពេលនេះ មានសៀវភៅប្រភេទអាជីវកម្មដែលទើបតែចេញថ្មីមួយក្បាល ដែលមានចំណងជើងថា “The Ride of a Lifetime” និពន្ធដោយអតីត CEO Disney លោក Robert Iger”។ លោក Lger ដែលបានធ្វើការនៅក្នុងក្រុមហ៊ុន Disney តាំងពីឆ្នាំ២០០៥ ដែលពេលនេះលោកបានចូលនិវត្ដន៍ហើយនៅក្នុងឆ្នាំ២០២០នេះ។ “លោកបានសរសេររៀបរាប់និងពន្យល់បានយ៉ាងល្អពីអ្វីដែលហៅថា CEO និងតើCEO មាននាទីពិតប្រាកដជាអ្វី?” នេះជាការលើកឡើងរបស់លោកBill Gates ជាមនុស្សចូលចិត្តអានម្នាក់។

លោកBill Gates បានបន្ថែមថា “បើទោះបីជាអ្នកមិនចូលចិត្ដសៀវភៅប្រភេទជំនួញ ឬការធ្វើជំនួញ ក៏អ្នកអាចអានសម្រាប់កំសាន្ដបានដែរ សម្រាប់សៀវភៅមួយនេះ ដែលបានរៀបរាប់ពីផ្នែកខាងក្នុងនៃអាជីវកម្មមួយដោយច្បាស់ និងបង្ហាញពីផ្លូវដែលអ្នកអាចសម្រេចបាននូវការបង្កើតក្រុមហ៊ុនដ៏ធំមួយនៅក្នុងពិភពលោក”។

លោក Bill Gates បានលើកសសើរមិនដាច់ពីមាត់ថា សៀវភៅនេះគឺជាសៀវភៅប្រភេទអាជីវកម្មដែល្អបំផុតដែលលោកធ្លាប់អានក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ មិនត្រឹមតែប៉ុណ្ណេះ លោកក៏បានឆ្លៀតបង្ហើបពីសៀវភៅមួយក្បាលទៀត ដែលមានចំណងជើងថា “Business Adventures” និពន្ធដោយ John Brooks ដែលជាសៀវភៅដែលលោកចូលចិត្តបំផុតមួយផងដែរ។

ប្រភព៖ CNBC

អត្ថបទដោយ៖ ឡាយ ឧត្ដម