លោក Bill Gates បង្ហើបនូវសំនួរ៣ ដែលលោកមិនបានធ្វើកាលពីវ័យខ្ទង់២០ឆ្នាំ

ជាការពិតមនុស្សម្នាក់ៗមានការគិត និងការឲ្យអត្ថន័យនៃភាពជោគជ័យរៀងៗខ្លួន ហើយអ្វីទាំងនោះ នឹងមានការប្រែប្រួលទៅតាមវ័យកាន់តែចាស់ទៅៗរបស់យើងគ្រប់គ្នា។

លោក Bill Gates ធ្លាប់បាននិយាយការពីចុងឆ្នាំ២០១៨ថា ប្រសិនបើអ្នកគិតថា​អ្នកមិនទាន់ទទួលបាននូវភាពជោគជ័យគ្រប់គ្រាន់នោះទេ នោះវាពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងការចាប់ផ្ដើមសួរខ្លួនឯងនូវសំនួរទាំងបីនេះ៖

១. តើខ្ញុំបានចំណាយពេលគ្រប់គ្រាន់ដែរឬទេសម្រាប់ក្រុមគ្រួសារខ្ញុំ?

ប្រាក់អាចទិញនូវរបស់របរជាច្រើនដែលអ្នកចង់បាន ប៉ុន្ដែប្រាក់ពិតជាមិនអាចទិញពេលវេលាបន្ថែមឲ្យលើសពី២៤ម៉ោងនៅក្នុងមួយថ្ងៃបានពិតមែន។

បើទោះបីជា លោក Bill Gates មានកាលវិភាគរវល់យ៉ាងក៏ដោយ​ក៏លោកនៅតែមិនអាចឲ្យគ្រួសាររបស់លោកបាត់បង់ភាពកក់ក្ដៅ និងពេលវេលានៅជាមួយពួកគេដែរ។ ពេលខ្លះបើទោះបីជារវល់ មិនអាចជួបក្រុមគ្រួសារបានយូរ ក៏លោក និងប្រពន្ធ កូន អាចស្វែងរកសុភមង្គលនៅលើពេលធ្វើដំណើរក្នុងរថយន្ដ ដោយចាក់បទចម្រៀងស្តាប់កំសាន្ដ និងជជែកគ្នាយ៉ាងរីករាយ។

២. តើខ្ញុំបានរៀនអ្វីដែលថ្មីៗគ្រប់គ្រាន់ហើយឬនៅ?

មហាសេដ្ឋី Bill Gates បានបោះបង់ការសិក្សាពីសាកលវិទ្យាល័យ HARVARD នៅក្នុងឆ្នាំ១៩៧៥ ប៉ុន្ដែលោកនៅតែរក្សាបាននូវការរៀនសូត្រដោយខ្លួនឯងជាប់ជាប្រចាំតាមរយៈការអាន ស្តាប់ និងជួបមនុស្សជុំវិញខ្លួនលោក។ លោក Gates ធ្លាប់បាននិយាយថា លោកអានសៀវភៅយ៉ាងតិច៥០ក្បាល​នៅក្នុង១ឆ្នាំ។ មកដល់ពេលនេះ លោកនៅតែបន្ដរៀនសូត្រជានិច្ចដោយជួបជាមួយនឹងអ្នកនិពន្ធ អ្នកស្រាវជ្រាវ និងកន្លែងដែលគួរឲ្យចាប់អារម្មណ៍ជាច្រើន។

៣. តើខ្ញុំបានកសាងមិត្ដភាពថ្មី និងរក្សាមិត្ដចាស់គ្រប់គ្រាន់ហើយឬនៅ?

សំនួរមួយនេះ ធ្លាប់ត្រូវបានលោក Warren Buffett ឆ្លើយម្ដងដែរ។ លោកបាននិយាយថា​ “របស់ដែលអាចវាស់ពីភាពជោគជ័យរបស់មនុស្សបាន គឺមានតែពិនិត្យមើលមនុស្សជុំវិញខ្លួនរបស់គេ តើមនុស្សទាំងនោះសប្បាយចិត្ត និងស្រឡាញ់គេប៉ុណ្ណា!” លោក Bill Gates ធ្លាប់បានសរសេរនៅក្នុងប្លុកផ្ទាល់ខ្លួនរបស់លោក នៅក្នុងឆ្នាំ២០១៦ ថាលោកបានរៀនសូត្រពីមេរៀនមួយចំនួនពីលោក Warren Buffett អស់រយៈពេល២៥ឆ្នាំមកហើយ​ ហើយមេរៀនសំខាន់នោះគឺ ការរក្សាចំណងមិត្ដ ភាព។

អត្ថបទដោយ៖ ឡាយ ឧត្ដម