លោក Elon Musk ធ្លាប់បាននិយាយថាវត្ថុទាំង ៥ នេះនឹងធ្វើឲ្យពិភពលោកមួយនេះផ្លាស់ប្ដូរ

មហាសេដ្ឋីElon Musk ដែលមានឈ្មោះពេញថា Elon Reeve Musk កើតនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៧១ នៅទីក្រុង Pretoria ប្រទេសអាព្រិចខាងត្បូង។ រហូតមកដល់ពេលនេះ លោក Elon Musk មានអាយុត្រឹមតែ៤៩ឆ្នាំតែប៉ុណ្ណោះ តែបានក្លាយជាមហាសេដ្ឋីលំដាប់ថ្នាក់ពិភពលោកជាមួយនឹងទ្រព្យសម្បត្ដិសុទ្ធច្រើនជាង៥៤.៥ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០២០នេះ។ នាយកប្រតិបត្ដិក្រុមហ៊ុនSpace X រូបនេះ បានចាប់ផ្ដើមបង្កើតក្រុមហ៊ុន X.com នៅឆ្នាំ១៩៩៩ ដែលពេលបច្ចុប្បន្ននេះក្លាយជាក្រុមហ៊ុនPayPal។ នៅក្នុងឆ្នាំ២០០២ លោកបានបង្កើតក្រុមហ៊ុនទី៣របស់លោកគឺ Space X ហើយនៅឆ្នាំបន្ទាប់ ពោលគឺអំឡុងឆ្នាំ២០០៣ លោកបាន  ក្លាយជាសហស្ថាបនិកក្នុងក្រុមហ៊ុន Tesla Motors។

លោកបានធ្វើការព្យាករណ៍វត្ថុចំនួន៥យ៉ាងដែលនឹងអាចផ្លាស់ប្ដូរពិភពលោកទាំងមូល៖

. ប្រព័ន្ធអ៊ីនធើណេត

លោក Musk បានប្រដូចប្រព័ន្ធអ៊ីនធើណេតដូចទៅនឹងប្រព័ន្ធប្រសាទរបស់មនុស្សថា “ប្រសិនបើអ្នកមិនមានប្រព័ន្ធប្រសាទទេអ្នកនឹងមិនដឹងមានអ្វីកើតឡើងនោះទេ ម្រាមដៃម្រាមជើងរបស់អ្នកមិនអាចកម្រើកបានទេ”។ លោកក៏បានបន្ដទៀតថា អ្នកអាចចូលទៅមើលសៀវភៅបានភ្លាមៗ ហើយទោះបីជាអ្នកស្ថិតនៅដាច់ស្រយ៉ាលពីគេក៏ដោយ ក៏អ្នកអាចទទួលបានព័ត៌មានរបស់មនុស្សទាំងអស់នោះបានដោយគ្រាន់តែអ្នកភ្ជាប់អ៊ីនធើណេតប៉ុណ្ណោះ។

. ការរស់នៅភពផ្សេង

កាលពីក្មេង Musk បានអានសៀវភៅប្រឌិតបែបវិទ្យាសាស្ដ្រជាច្រើនទើបធ្វើឲ្យលោកមានគំនិតចង់បង្កើតយាន្ដអាវកាស ដែលអាចធ្វើដំណើរទៅភពនានាបាន។ កាលពីថ្ងៃទី៣០ ខែឧសភាក្រុមហ៊ុន SpaceX ដែលជាក្រុមរុករកទីអាវកាសបានបាញ់យាន្ដអាវកាស ក្រោមកិច្ចសហប្រតិបត្ដិការជាមួយនឹងអង្គការ NASA ដែលមានមនុស្សពីរនាក់ ចូលទៅក្នុងគន្លងផ្កាយរណបជាលើកដំបូង។ វាជាព្រឹតិ្ដការណ៍មួយដ៏អសារ្យសម្រាប់អ្នកអាវកាស និងធ្វើឲ្យMusk បានសម្រេចក្ដីស្រមៃរបស់គាត់។

. ការផ្លាស់ប្ដូហ្សែនរបស់មនុស្ស

Musk បានប្រាប់ថា “ខ្ញុំគិតថាវានឹងក្លាយទៅជារឿងធម្មតានៅក្នុងការផ្លាស់ប្ដូហ្សែនរបស់មនុស្សដើ​ម្បី​​ធើ្វ​ការព្យាបាលជម្ងឺរបស់ពួកគេ” ។

ឧទាហរណ៍៖ ប្រសិនបើអ្នកមានជម្ងឺមហារីកហើយត្រូវស្លាប់ទាំងវ័យក្មេង នោះអ្នកជៀសមិនផុតក្នុងការផ្លាស់ប្ដូហ្សែនរបស់អ្នកដើម្បីព្យាបាលជម្ងឺនោះទេ។ ដូច្នេះមនុស្សដែលមានជម្ងឺធ្ងន់ធ្ងរភាគច្រើនតែង​តែផ្លាស់ប្ដូហ្សែនរបស់ពួកគេជារឿងធម្មតា។

. ថាមពលអគ្គិសនី

ប្រសិនបើអ្នកជីកអណ្ដូងរ៉ែ និងដុតអ៊ីដ្រូសែនកាបូនមកធ្វើជាថាមពលអគ្គិសនីជារៀងរាល់ថ្ងៃ នោះវាអាចនឹងអស់ ព្រោះវាមិនងាយក្នុងការកកើតឡើងវិញម្ដងទៀតទេ។ នៅឆ្នាំ២០០៤ Musk បានបង្កើតក្រុមហ៊ុនTesla ដែលបានផលិតរថយន្ដអគ្គិសនី ហើយលោកបានបង្កើតរថយន្ដអគ្គិសនីជាច្រើនសម្រាប់ឲ្យប្រជាជនប្រើប្រាស់ និងបញ្ឈប់ការដុតអ៊ីដ្រូសែនកាបូន។

. ឧបករណ៍សិប្បនិមិត្ដ

នៅ​ក្នុងឆ្នាំ ២០១៩ មានសន្និសិទមួយស្ដីពីឧបករណ៍សិប្បនិមិត្តដែលធ្វើឡើងនៅក្រុងសៀងហៃ លោក Musk ក៏បាននិយាយថាកុំព្យូទ័រ នឹងក្លាយជាឧបករណ៍មួយដែលវ៉ាដាច់ឧបករណ៍ដទៃទៀត។ បច្ចេកវិជ្ជា AI នឹងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនាពេលខាងមុខនេះ ដោយនឹងជំនួសមនុស្សបន្ដិចម្ដងៗ។

ទាំងអស់នេះជាអ្វីដែល Elon Musk បានប្រាប់ថាវានឹងធ្វើឲ្យពិភពលោកមានការប្រែប្រួល ដោយ​សារ​ការវិវត្តន៍នៃមនុស្សជាតិ និងធ្វើឲ្យមនុស្សទាំងអស់កាន់តែមានភាពងាយស្រួល៕

អត្ថបទដោយ ៖ ចន្ថា