លោក Jeff Bezos៖ “អតិថិជនអាចប្រាប់អ្នកបានត្រឹមតែអ្វីដែលពួកគេចង់បាន ប៉ុន្តែពួកគេនឹងមិនប្រាប់នោះទេ នូវអ្វីដែលអ្នកត្រូវធ្វើ”

“ពេលខ្លះការស្រាវជ្រាវទីផ្សារ មិនអាចជួយអ្វីអ្នកបាននោះទេ!”

ប្រសិនបើ អ្នកត្រឡប់ទៅមើលអតិថិជនកាលពីឆ្នាំ២០១៣វិញ នោះអ្នកនឹងមើលឃើញយ៉ាងច្បាស់ថា វាជាការលំបាកខ្លាំងបំផុតដែលអ្នកត្រូវដើរទាំងព្រឹក ទាំងល្ងាច ដើម្បីទៅស្កាត់ជួបអតិថិជន ហើយធ្វើការពន្យល់ពួកគេពីផលិតផលរបស់អ្នកម្ដងម្នាក់ៗ ឬសាកសួរពីព័ត៌មាន    ទាក់ទងនឹងផលិតផល និងសេវាកម្មពីពួកគេ។ ទីបំផុត អ្វីដែលអ្នកទទួលបាននោះគឺ  ការសម្លឹងមើលមកអ្នក ដោយខ្សែភ្នែកចម្លែក និងពាក្យថា “អត់ទេ! អរគុណហើយ”។

ការធ្វើអាជីវកម្ម វាពិតជាមានសារសំខាន់ខ្លាំងណាស់ ដែលអ្នកត្រូវមានក្រុមការងារដែលរឹងមាំ ហើយដាក់ចេញនូវផែនការរួមគ្នា។ នៅពេលដែលអ្នកដឹងពីអ្វីដែលត្រូវធ្វើ និងចាំបាច់ត្រូវកសាង នោះអ្នកប្រាកដជាអាចសាងបាននូវភាពអស្ចារ្យសម្រាប់អាជីវកម្មរបស់អ្នកជាមិនខាន។ ផ្ទុយទៅវិញ វានឹងក្លាយជាពេលវេលាមួយដែលអ្នកនឹងប្រឈមមុខនឹងហានិភ័យ និងភាពប្រថុយប្រថានខ្ពស់បំផុតសម្រាប់ជីវិតអាជីវកម្មរបស់អ្នក នៅពេលដែលអ្នកមិនដឹងថាត្រូវធ្វើអ្វីពិតប្រាកដ និងធ្វើវាដោយរបៀបណា? លោក Jeff Bezos បានលើកឡើងថា “នៅពេលដែលម្ចាស់អាជីវកម្ម ដឹងពីអ្វីដែលត្រូវធ្វើ និងកសាងច្បាស់លាស់ នោះវាជាពេលដែលត្រូវកើបយកប្រាក់ចំណេញ និងពង្រីកអាជីវកម្មរបស់ខ្លួន”។

ទោះបីជាយ៉ាងណាក៏ដោយ ការស្រាវជ្រាវទីផ្សារដែលអ្នកគិតថានឹងអាចធ្វើឲ្យអ្នកមានគំនិតច្នៃប្រឌិតថ្មីៗច្រើនបំផុតនោះ តាមពិតទៅគឺមិនទាំងអស់នោះទេ ក៏ប៉ុន្ដែអ្នកក៏មិនត្រូវមើលរំលងវាដែរ នេះបើតាមការលើក   ឡើងរបស់លោក Bezos ។ មែនទែនទៅ ការចុះយកទិន្និន័យពីអ្នកប្រើប្រាស់ ឬអតិថិជន វាជាការដែលលំបាកមួយ ដែលត្រូវសួរពួកគេថា តើអ្នកចង់បានអ្វី? ឬតើអ្នកចូលចិត្តអ្វីនោះ? អ្នកចាំបាច់ត្រូវស្ដាប់ពួកគេដោយការយកចិត្តទុកដាក់បំផុត ហើយក្ដាប់អ្វីដែលជាគំនិតសំខាន់ដែលពួកគេចង់បាន យកមកធ្វើផែនការភ្លាមៗ ព្រោះថា ល្បឿនវាជាចំណុចសំខាន់នៃការលក់ផលិតផល។ ប្រសិនបើអ្នក យឺតយ៉ាវ អ្នកនឹងបាត់បង់ឱកាសលក់ទំនិញ ទៅអ្នកដែលត្រូវការ ដោយហេតុថា ដៃគូប្រកួតប្រជែងរបស់អ្នកក៏មិនព្រមចុះចាញ់អ្នកដែរ ហើយតម្រូវការរបស់ពួកគេអាចនឹងប្រែប្រួលក៏ថាបាន។ គ្រប់អាជីវកម្មទាំងអស់ មិនអាចទទួលបាននូវភាពយូរអង្វែងបាននោះទេ ប្រសិនបើមិនមានផែនការ “អង្កេតលើឥរិយាបថរបស់អតិថិជន”។ ការបត់បែន និងផ្លាស់ទី វាជាអ្វីដែលធ្វើឲ្យមានលំនឹង និងទទួលបានប្រសិទ្ធិភាពខ្ពស់នៅក្នុងការអភិវឌ្ឍអាជីវកម្ម៕

អត្ថបទដោយ៖ ឡាយ ឧត្ដម

SHARE