លោក MARK ZUCKERBERG៖ ខ្ញុំរៀនពីខាងក្រៅបានច្រើន ជាងការដែលខ្ញុំអង្គុយរៀនក្នុងសាលា HAVARD

បើនិយាយពីឈ្មោះលោក Mark Zuckerberg ជឿជាក់ថា មនុស្សភាគច្រើនសុទ្ធតែបានស្គាល់ និងនឹកឃើញមុនគេដល់ស្នាដៃដែលលោកបានបង្កើតនោះគឺបណ្ដាញសង្គម Facebook ដែលជាគេហទំព័រដ៏ល្បីល្បាញមួយ ខណៈមានអ្នកប្រើប្រាស់ដល់ទៅរាប់ពាន់លាននាក់នៅជុំវិញពិភពលោក។

មហាសេដ្ឋី​វ័យ​ក្មេង​លំដាប់​ពិភព​​លោករូបនេះ​​បាន​លើកឡើងតាមរយៈសារពត៌មាន CNBC ថា ​ពិភពលោក​ខាង​ក្រៅ​​អាច​ផ្ដល់​ចំណេះដឹង​ និង អ្វី​ដែល​ថ្មីៗ​សម្រាប់មនុស្ស​ ច្រើន​ជាង​ការ​អង្គុយ​រៀន​តែ​ក្នុង​សាលា​តែ​មួយ​មុខ​។ លោកក៏បានបន្ដទៀតថា “ខ្ញុំ​ប្រហែលជាទទួលបានចំណេះដឹង​យ៉ាង​ច្រើន​ពី​របៀប​​សរសេរ​កូដ​ ​​​​លើ​គម្រោង​ផ្សេងៗ ​របស់​ខ្ញុំ​ ជាជាង​​ការ​អង្គុយ​រៀន​នៅ​ក្នុង​សាលា​”។ ​

​​​ស្ថិតក្នុង​វ័យ​ត្រឹម ​៣៥ ​ឆ្នាំ ​តែសហគ្រិនដ៏ជោគជ័យនេះ ​មាន​ទ្រព្យសម្បត្តិ​រហូត​ដល់​ ​ជាង​ ៧៤.៤ ​ពាន់​លានដុល្លារ​អាមេរិក​។ ជាការពិតទៅ ​លោក​ Mark Zuckerberg​ ក៏ជា​អតីត​និស្សិត​នៅ​សាកលវិទ្យាល័យ Harvard​ ​ជា​​សាលា​ដ៏​ល្បី​លំដាប់​ពិភពលោក​ ដែលយុវវ័យជាច្រើនមានក្ដីស្រមៃចង់រៀននៅទីនោះ។ ប៉ុន្តែ​លោក​បែរ ​ជាសម្រេច​ចិត្ត​បោះបង់​ចោល​ការ​សិក្សា និងឱកាសដ៏មានតម្លៃនេះ​ ​ព្រោះ​​តែយល់​ឃើញ​ថា ​លោក​​នឹង​​ទទួល​បាន​អ្វី​ដែល ប្លែកៗ និង​អស្ចារ្យ ​ជាងការ​អង្គុយ​រៀន​តែ​នៅ​ក្នុង​សាលា។

ត្រង់ចំណុចនេះ លោកក៏ចង់ដាស់តឿនឲ្យមនុស្សគ្រប់គ្នា កុំប្រឹងរៀនតែនៅក្នុងសាលា ហើយផ្ដេកផ្តួលទាំងស្រុងទៅលើចំណេះដែលបានបង្រៀនក្នុងសាលា គួរតែព្យាយាមស្វែងយល់ពីពិភពលោកឲ្យបានច្រើន ហើយព្យាយាមធ្វើការអនុវត្តជាក់ស្ដែងទៅលើជំនាញដែលអ្នកបានរៀន។

​មែនទែនទៅ ដោយសារតែលោកមានគោលគំនិតបែបនេះហើយ ទើប​ធ្វើ​ឲ្យរូប​​លោក​​បែកគំនិត និង​សម្រេច​ចិត្ត​បង្កើតគម្រោង និងអាជីវកម្ម​ផ្ទាល់ខ្លួន ពោលគឺ​ បណ្ដាញ​សង្គម​មួយ​ដែល​មាន​ឈ្មោះ​ថា Facebook ​ហើយ​បច្ចុប្បន្ន​ទទួល​បាន​ការ​ទទួលស្គាល់ទូទាំងសកលលោកនាពេលបច្ចុប្បន្ន៕

អត្ថបទដោយ៖ ស្រីពេជ្រ​​

SHARE