លោក ROBERT KIYOSAKI៖ រកចំណូលបានប៉ុន្មានមិនសំខាន់នោះទេ អ្វីដែលសំខាន់ តើអ្នកសន្សំបានប៉ុន្មាន?

នាពេលបច្ចុប្បន្ននេះ យើងគ្រប់គ្នាពិតជាខិតខំប្រឹងប្រែងស្វែងរកប្រាក់ចំណូលឲ្យបានច្រើនទៅតាមសមត្ថភាពរៀងៗខ្លួន ប៉ុន្តែផ្ទុយទៅវិញពួកគេប្រហែលជាមិនបានគិតឲ្យលំអិតអំពីការចំណាយ និងសន្សំ របស់ពួកគេទេនៅក្នុងការរស់នៅប្រចាំថ្ងៃ។ ទាក់ទងការមានចំណេះដឹងផ្នែកហិរញ្ញវត្ថុគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់សតវត្សនេះ ព្រោះវាជាសម័យចាយលុយហើយរូបិយវត្ថុបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការដោះដូរទំនិញ។ ប្រសិនបើអ្នកមានការយល់ដឹងផ្នែកហិរញ្ញវត្ថុ នោះនឹងមិនធ្វើឲ្យអ្នកមានបញ្ហាផ្នែកហិរញ្ញវត្ថុទៀតឡើយ។

ហេតុបែបនេះហើយបានជាលោកRobert Kiyosaki ដែលជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុបានលើកឡើងនូវទស្សនៈមួយថា រកចំណូលបានប៉ុន្មានមិនសំខាន់នោះទេ អ្វីដែលសំខាន់ តើអ្នកសន្សំបានប៉ុន្មាន?

ជាក់ស្ដែងណាស់ នៅក្នុងសង្គមបច្ចុប្បន្នយើងគ្រប់គ្នាពិតជាមិនសូវយល់ដឹងអំពីប្រព័ន្ធហិរញ្ញវត្ថុនោះ ទេ ហើយយើងគ្រប់គ្នាមិនមានទម្លាប់សន្សំទុកមុនចំណាយ រកចំណូលបានប៉ុន្មាន ចំណាយប៉ុណ្ណឹងផងដែរ។ ពេលខ្លះទៀតយើងថែមទាំងបានចំណាយច្រើនជាងចំណូលទៀតផង ដែលជាហេតុធ្វើឲ្យគ្មានសមតុល្យរវាងចំណូលនិងចំណាយ។ ដូច្នេះហើយប្រសិនបើយើងចេះរៀបចំចំណូល ចំណាយរបស់យើងឲ្យបានល្អ នោះអ្នកប្រាកដជាមានប្រាក់សម្រាប់សន្សំទុកសម្រាប់វិនិយោគ ដើម្បីបង្កើតបាន​នូវប្រាក់ចំណូលថែមមួយប្រភពទៀតផងដែរ។ ដូច្នេះអ្នកត្រូវមានទម្លាប់សន្សំសំចៃនៅក្នុងការចាយ​វាយប្រចាំថ្ងៃ ដោយការកាត់បន្ថយឬឈប់ទិញរបស់ប្រើប្រាស់ដែលមានតម្លៃថ្លៃៗ និងមិនចាំ​បាច់​។

ជារួមមកការមានចំណេះដឹងផ្នែកហិរញ្ញវត្ថុនឹងជួយឲ្យយើងដឹងថាអ្វីខ្លះដែលយើងត្រូវចំណាយ និងមានផែនការច្បាស់លាស់នៅក្នុងចំណូលចំណាយ ហើយយើងត្រូវសន្សំប៉ុន្មានភាគរយនៃប្រាក់ចំណូលរបស់យើង ដូច្នេះអ្នកត្រូវបង្កើតទម្លាប់សន្សំទុកមុនចំណាយ នោះអ្នកប្រាកដជាមានប្រាក់នៅសល់សម្រាប់ធ្វើការវិនិយោគ សម្រាប់បង្កើតផលចំណេញជាមិនខាន។

អត្ថបទដោយ៖ សុភ័ក្រ្ត