លោក Thomas Edison៖ ខ្ញុំមិនធ្លាប់បរាជ័យនោះទេ ផ្ទុយទៅវិញខ្ញុំបានរកឃើញ ១០,០០០វិធី ដែលមិនដំណើរការនៅក្នុងការបង្កើតអំពូល

នរណាៗក៏ដឹងថា លោក Thomas Edison គឺជាកំពូលអ្នកច្នៃប្រឌិតម្នាក់នៅក្នុងលោក ជាពិសេសតាមរយៈរបកគំហើញនៅក្នុងការបង្កើតអំពូលភ្លើង។ លោកជាមនុស្សដែលត្រូវបានគេចាត់ទុកថា បរាជ័យច្រើននៅក្នុងជីវិត តាំងតែពីវ័យក្មេង រហូតដល់លោកបាត់បង់ជីវិត។ លោកត្រូវបានគ្រូបណ្ដេញចេញពីសាលាតាំងតែពីលោករៀននៅថ្នាក់បឋមសិក្សា។ ប៉ុន្ដែដោយសារតែមានម្ដាយជាមនុស្សដែលមានចំណេះដឹងគ្រាន់បើ និងយល់ពីតម្លៃនៃការអប់រំ លោកបានទទួលនូវចំណេះដឹងស្ដីពីជីវិត និងភាពតស៊ូ ព្យាយាម ដែលនៅក្នុងសាលាមិនដែលបង្រៀន។

លោកធ្លាប់បានលើកឡើងថា “ខ្ញុំមិនធ្លាប់បរាជ័យនោះទេ ផ្ទុយទៅវិញខ្ញុំបានរកឃើញ ១០,០០០វិធី ដែលមិនដំណើរការនៅក្នុងការបង្កើតអំពូល”។ តាមន័យនេះ គឺចង់បានបង្ហាញថា គ្មានទេភាពបរាជ័យនៅក្នុងលោកនេះ ផ្ទុយទៅវិញគឺមានតែការរកឃើញអ្វីដែលថ្មី និងមេរៀនថ្មី សម្រាប់មនុស្សគ្រប់គ្នាតែប៉ុណ្ណោះ។ ប្រសិនបើអ្នក ធ្វើរឿងមួយមិនជោគជ័យ នោះអ្នកបានដឹងថា របៀបធ្វើបែបនេះគឺគ្មានលទ្ធផលនោះទេសម្រាប់កិច្ចការមួយនេះ។ សំនួរសួរថា តើនេះពិតជាភាពបរាជ័យមែនឬក៏អត់? បើអ្នកចាត់ទុករឿងនេះជាភាពបរាជ័យ នោះអ្នកនឹងមិនអាចដើរទៅមុខរួចនេះទេ ហើយអ្នកនឹងអាចបោះបង់ក្ដីសង្ឃឹមចោល។ ប៉ុន្ដែ ប្រសិនបើអ្នកមិនបានចាត់ទុករឿងនេះជាភាពបរាជ័យទេ នោះអ្នកនឹងទទួលបានមេរៀនមួយយ៉ាងសំខាន់នោះគឺ វិធីដែលអ្នកប្រើនេះ គឺមិនមែនមធ្យោបាយសម្រាប់បង្កើតអ្វីដែលអ្នកចង់បាននោះទេ តែវាអាចនឹងប្រើដើម្បីបង្កើតអ្វីផ្សេង ពោលគឺវាជារបកគំហើញមួយ។ ដូច្នេះ ឈប់ប្រើវិធីនេះ សម្រាប់ធ្វើរឿងដែលចង់បាន តែត្រូវស្វែងរកវិធីផ្សេងមកប្រើជំនួស។

អាចនិយាយបានថា អ្នកមិនខាតនោះទេ នៅពេលដែលវិធីដែលអ្នកប្រើដើម្បីបង្កើតអ្វីមួយ ហើយមិនឃើញលទ្ធផល។ យ៉ាងហោចណាស់ ក៏អ្នកដឹងថា វិធីដែលអ្នកប្រើនេះ គឺមិនមែនជាវិធីដែលយកមកប្រើសម្រាប់បង្កើតអ្វីនេះទេ។ ដូច្នេះ អ្នកនឹងចូលទៅកាន់តែកៀកនឹងអ្វីដែលអ្នកចង់បង្កើត៕

“ខ្ញុំមិនធ្លាប់បរាជ័យនោះទេ ផ្ទុយទៅវិញខ្ញុំបានរកឃើញ ១០,០០០វិធី ដែលមិនដំណើរការនៅក្នុងការបង្កើតអំពូល”

លោក Thomas Edison

អត្ថបទដោយ៖ ឡាយ ឧត្ដម