លោក WARREN BUFFETT៖ មេរៀនជីវិតដ៏សំខាន់មួយដែលខ្ញុំតែងតែបង្រៀនដល់កូនៗ

បើនិយាយដល់រឿងវិនិយោគ មនុស្សជាច្រើនប្រហែលជានឹកឃើញមុនគេដល់ស្ដេចវិនិយោគ Warren Buffett ព្រោះលោកជាបុគ្គលដែលមានភាពប៉ិនប្រសប់ ឆ្លាតវាងវៃ និងលេចធ្លោម្នាក់ទៅលើការវិនិយោគ។ មិនតែប៉ុណ្ណោះ នៅពេលដែលមហាសេដ្ឋីវ័យ ៩១ ឆ្នាំរូបនេះ ដាក់ចិត្តធ្វើអ្វីមួយហើយគឺកម្រនឹងបរាជ័យណាស់។ ចុះលោកមានអាថ៍កំបាំងអ្វីទៅ ?

មែនទែនទៅ លោក Warren Buffett ធ្លាប់បាននិយាយបង្ហើបប្រាប់ជាច្រើនលើក ច្រើនសាររួចមកហើយ តាមរយៈកម្មវិធី និងបទសម្ភាស៍នានាថា “កត្ដាដែលធ្វើឲ្យរូបលោកទទួលបានជោគជ័យដូចសព្វថ្ងៃនេះ ក៏ដោយសារតែលោកធ្វើកិច្ចការខ្លួនឯងស្រលាញ់។ ថ្វីបើមានគំនិតចង់បង្កើតលុយតាំងតែពីនៅកុមារ ប៉ុន្ដែលោកមិនបានយកលុយមកដឹកមុខឡើយ អ្វីដែលសំខាន់គឺយកចិត្តទុកដាក់ទៅលើការងារ និងធ្វើវាដោយអស់ពីសមត្ថភាព”។

ហើយត្រង់នេះក៏ជាមេរៀនសំខាន់មួយដែលលោកបានបង្រៀនដល់កូនៗ របស់ខ្លួនផងដែរ។ នៅពេលដែលពួកគេរកឃើញនូវការងារខ្លួនស្រលាញ់ពិតប្រាកដ នោះពួកគេនឹងប្រឹងប្រែងដោយមិនខ្លាចនឿយហត់ យកចិត្តទុកដាក់ និងមានទឹកចិត្តមោះមុតក្នុងការសម្រេចវាឲ្យបាន។ លោកក៏បានបន្ថែមទៀតថា “ការបង្កើតប្រាក់ជារឿងសំខាន់ តែមុននឹងបង្កើតវា អ្នកត្រូវស្វែងរកឲ្យឃើញនូវអ្វីដែលខ្លួនចង់ធ្វើ និងមានផែនការច្បាស់លាស់ នោះទើបប្រឹងប្រែងមិនខុសគោលដៅ ហើយមានប្រសិទ្ធភាពខ្ពស់”។

ដោយឡែក លោក Peter Buffett ដែលត្រូវជាកូនប្រុសបង្កើតរបស់លោក Warren Buffet ក៏ធ្លាប់បានលើកឡើងថា “ឳពុករបស់ខ្លួន តែងតែផ្ដល់ដំបូន្មានល្អៗ ជារឿយៗ ហើយតែងប្រាប់ឲ្យព្យាយាមធ្វើអ្វីដែលខ្លួនឯងស្រលាញ់ នោះទើបយើងទទួលបានសម្មិតល្អជាទីគាប់ចិត្ត”។ Peter ក៏បានបន្ដទៀតថា “បើយើងធ្វើកិច្ចដែលមិនស្រលាញ់នោះ ច្បាស់ណាស់ថា គោលដៅដែលយើងធ្វើគឺដើម្បីតែលុយប៉ុណ្ណោះ។ ការងាររបស់អ្នកអាចរីកចម្រើនទៅតាមពេលវេលា ប៉ុន្ដែមិនដល់កម្រិតកំពូលដូចបុគ្គលដែលរកឃើញនូវអ្វីដែលពួកគេចង់បានពិតប្រាកដឡើយ”។ បែបនេះ ហើយគួរតែព្យាយាមស្វែងរកការងារដែលខ្លួនពេញចិត្ត ជាជាងធ្វើការដើម្បីតែលុយគ្មានទិសដៅច្បាសលាស់៕

អត្ថបទដោយ៖ ស្រីពេជ្រ