វិធីសាស្ត្រនិយាយថា “យល់ព្រម និងមិនយល់ព្រម” បែបឈ្នះៗ

ពេលខ្លះយើងពិតជាពិបាកនៅក្នុងសម្រេចប្រើពាក្យថា “YES ឬNO” ទៅលើរឿងអ្វីមួយ ឬប្រាប់នរណាម្នាក់។ ប្រសិនបើជាអ្នកស្គាល់គ្នា ឬជាមិត្ដភិក្ដ នោះការសម្រេចចិត្ដប្រើពាក្យទាំងពីរម៉ាត់នេះ ពិតជារងសម្ពាធខ្លះណាស់។ សម្រាប់ទាក់ទងនឹងជំនួញវិញ នោះអ្នកត្រូវតែគិតពិចារណាឲ្យបានមែនទែន ជៀសវាងការភ័ន្ដច្រឡំ។ ខាងក្រោយនេះ ជាវិធីសាស្ត្រមួយចំនួនដែលអ្នកអាចពិចារណាបាន៖

១. នៅតែនិយាយថា “យល់ព្រម” នូវរឿងដែលអ្នកអាចធ្វើបាន (Strive to say yes if you can)

ជាការពិតរឿងណាដែលអ្នកគិតថា​អ្នកអាចធ្វើបាន និងជាប្រយោជន៍សម្រាប់អ្នក នោះអ្នកមិនគួរបដិសេធទេ ប៉ុន្ដែអ្នកក៏ត្រូវប្រាកដក្នុងចិត្តថា អ្នកបានត្រៀមខ្លួនរួចរាល់ហើយ។ ឱកាសមួយ អាចធ្វើឲ្យអ្នកបង្កើតឱកាសបានច្រើនបន្ដទៀត។ ដូច្នេះ ចូរគិតពីជម្រើស “យល់ព្រម” ឲ្យអស់លទ្ធភាព មុននឹងសម្រេចចិត្តប្រើពាក្យ “មិនយល់ព្រម”។

២. ប្រសិនបើអ្នកមិនអាចធ្វើបាន ចូរផ្ដល់ហេតុផលសមរម្យដល់ពួកគេ (If you can’t, explain your reasons professionally)

នៅពេលដែលអ្នកគិតថា អ្នកមិនអាចធ្វើបាន ឬមិនមានប្រយោជន៍អ្វីដែលអ្នកត្រូវធ្វើ នោះអ្នកគួរតែនិយាយបដិសេធ ដោយភាពឆ្លាតវៃ និងមិនធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងរបស់អ្នក។ ចូររកហេតុផលណាមួយដែលសាកសម និងអាចទទួលយកបានពីដៃគូ។ រឿងខ្លះពិតជាពិបាកនៅក្នុងការនិយាយពាក្យថាទេមែន ប៉ុន្ដែអ្នកត្រូវអាកាត់ ដោយប្រើហេតុផលសមរម្យដូចជា ការពន្យាលពេល ចាំគិតមើលសិន ឬមិនមានពេលគ្រប់គ្រាន់សម្រាប់ធ្វើ ដោយអ្នកកំពុងជាប់នឹងកិច្ចការងារណាមួយបាត់ទៅហើយ។ ឬអាចនិយាយថា គម្រោងរបស់អ្នកគឺល្អ ប៉ុន្ដែមិនសាកសមនឹងខ្ញុំនោះទេ គួរតែជាអ្នកនេះ ឬអ្នកនោះវិញ។ អ្នកអាចផ្ដល់យោបល់ជាគំនិតខ្លះៗ ដើម្បីបំពេញពាក្យថា “​ទេ” របស់អ្នក។ នៅចុងបញ្ចប់ អ្នកអាចនិយាយថា សង្ឃឹមថាលើកក្រោយយើងនឹងអាចនិយាយគ្នាម្ដងទៀត ពីគម្រោងផ្សេងៗ។

៣. បង្កើតជម្រើសថ្មី ឬដំណោះស្រាយថ្មី (Provide an alternative)

ពេលខ្លះ គំនិតរបស់ដៃគូរបស់អ្នក អាចនឹងមានភាពខ្វះខាត ឬមិនមានប្រយោជន៍អ្វីសម្រាប់អ្នក ប៉ុន្ដែអ្នកមិនអាចនិយាយពាក្យថា ទេ ដោយផ្ទាល់នោះទេ។ អ្នកអាចផ្ដល់ជាគំនិតថ្មី ឬសំណើរថ្មីបន្ថែមពីគម្រោងរបស់គេ ឬបង្កើតគម្រោងថ្មីដែលអ្នក និងដៃគូរបស់អ្នកអាចធ្វើបាន។ ប្រសិន គេមិនយល់ព្រមនោះ អ្នកមានលះគ្រប់គ្រាន់នៅក្នុងការនិយាយពាក្យថាទេ ដោយមិនប៉ះពាល់ទំនាក់ទំនងរបស់អ្នក ហើយដៃគូរបស់អ្នកក៏មិនអាក់អន់ស្រពួនចិត្ដ ពីព្រោះគេយល់យ៉ាងច្បាស់ពីតម្រូវការរបស់អ្នក។

៤. ជ្រើសរើសជម្រើសថ្មីណាមួយដែលល្អប្រសើរសម្រាប់ទាំងសងខាង (Be committed to the alter​na​tive​)​

ប្រសិនបើអ្នកចង់បន្ដ នោះអ្នកគួរតែពិភាក្សាគ្នាលំអិត ពីគម្រោង ឬចំណុចណាមួយ ដែលអ្នក និងដៃគូរបស់អ្នកអាចធ្វើរួមគ្នាបាន។ ប៉ុន្ដែតម្រូវឲ្យអ្នកទាំងពីរមានឆន្ទះចង់ធ្វើការរួមគ្នាពិតប្រាកដ។ បង្កើតជម្រើសថ្មីណាមួយដែលមានប្រសិទ្ធិភាព និងផ្ដល់ផលប្រយោជន៍ទាំងសងខាងនោះ ទើបជាដំណោះស្រាយល្អ។

៥. ចូរបង្កើតកិច្ចព្រមព្រៀងណាមួយ ប្រសិនបើអ្នកយល់ព្រមនូវសំណើរដើមរបស់គេ (Negotiate priorities if saying yes)

ប្រសិនបើអ្នកជៀសមិនផុតពីការប្រើពាក្យថាយល់ព្រម ឬអ្នកមិនអាចបដិសេដបាន នោះអ្វីដែលអ្នកគួរធ្វើគឺការ​ដាក់លក្ខខណ្ឌបន្ថែម ដែលវាជាប្រយោជន៍របស់អ្នក។ បង្កើតនូវកិច្ចព្រមព្រៀងរវាងគ្នានឹងគ្នាឲ្យបានច្បាស់លាស់ និងបង្ហាញពីគោលបំណងរបស់អ្នកឲ្យបានច្បាស់ ជៀសវាងមានការភ័ន្ដច្រឡំនៅពេល​ក្រោយ៕

អត្ថបទដោយ៖ ឡាយ ឧត្ដម