សណ្ឋាគារ និងផ្ទះសំណាក់ជាង ២០០ ទីតាំងនៅក្នុងខេត្តសៀមរាបបានបិទទ្វារ និងព្យូរការងារដោយសារការជះឥទ្ធិពលពី កូវីត១៩

ដោយសារតែការរីករាលដាលនៃជំងឺកូវីត ១៩ បានធ្វើឲ្យវិស័យទេសចរណ៍ នៅតាមបណ្ដាប្រទេស ជាច្រើននៅជុំវិញពិភពលោកមានការធ្លាក់ចុះ  រួមទាំងកម្ពុជា ខណៈប្រទេសខ្លះសឹងតែស្រោចស្រង់ឡើងមិនរួច។

ជាក់ស្ដែង ខេត្ដសៀមរាប ដែលជាតំបន់ទេសចរណ៍ដ៏សំខាន់មួយរបស់ កម្ពុជា ក៏កំពុងនឹងបានទទួលរងនូវការវាយប្រហារយ៉ាងខ្លាំងដោយសារជំងឺកូវីដ១៩ ខណៈធ្វើឲ្យសណ្ឋាគារ ផ្ទះសំណាក់ ប្រមាណជិត ២០០ ទីតាំង ត្រូវព្យួរការងារ និងបិទទ្វារជាបន្ដបន្ទាប់។

នេះជាការលើកឡើងរបស់ លោក លី សំរិទ្ធ អភិបាលខេត្ដរងខេត្តសៀមរាប ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅបន្ដរបស់រដ្ឋបាលខេត្តសៀមរាប»  នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០នេះ។

អភិបាលរងខេត្តរូបនេះ បានថ្លែងយ៉ាងដូច្នេះថា «ការបិទនេះ គឺដោយសារម្ចាស់ផ្ទាល់តែម្ដង ព្រោះគ្មានលទ្ធភាពទប់ទល់នឹងថ្លៃចំណាយផ្សេងៗ ដោយសារគ្មានចំណូលពីការជួលស្នាក់នៅរបស់ភ្ងៀវទេសចរ ប៉ុន្តែសម្រាប់សណ្ឋាគារ និងផ្ទះសំណាក់ជាលក្ខណៈគ្រួសារគឺនៅដំណើការដដែល និងនៅតែបើកទ្វារទទួលភ្ញៀវជាធម្មតា។ សម្រាប់ផ្ទះសំណាក់ និងសណ្ឋាគារ ដែលរងផលប៉ះពាល់ដោយសារកង្វះភ្ញៀវទេសចរនេះ បានបិទទ្វារអាជីវកម្ម ចំនួន១៨ទីតាំង និងផ្អាកអាជីវកម្មបណ្ដោះអាសន្ន​ ចំនួន១៧២ទីតាំង។ ក្នុងនោះ បុគ្គលិកបម្រើការដែលរងផលប៉ះពាល់ មានចំនួន១០,៨៥២នាក់»។

លោកក៏បានបន្ថែមទៀតថា មិនមែនមានតែនៅក្នុងប្រទេសកម្ពុជានោះទេ  ស្ទើតែគ្រប់ប្រទេសនៅក្នុងសាក​លលោកជួបនឹងបញ្ហាចោទនេះ ដោយហេតុថាគ្មានភ្ញៀវទេសចរធ្វើដំណើរកំសាន្ត ព្រោះព្រួយបារម្ភពីសុខភាព និងសុវត្ថិភាព។

គួររំលឹកផងដែរ ប្រាក់​ចំណូល​បាន​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ក្នុង​រយៈពេល​ ៥ ​ខែ ដំបូងនៃ ​ឆ្នាំ ២០២០ នេះ គឺទទួលបានប្រមាណ ១៨ លានដុល្លារ ​។ គិតចាប់ពីខែ មករា ដល់ ខែ ឧសភា នេះ ប្រាក់​ចំណូល​ពី​ការ​លក់​សំបុត្រ​ឲ្យ​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​រមណីយដ្ឋាន​​អង្គរ​​មាន​​​ចំនួន ១៨,០២១,៣៣៦ ដុល្លារ ធ្លាក់ចុះ ៦៤.១៨ភាគរយ ​ ​បើ​​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ ខណៈចំនួនសំបុត្រត្រូវបានលក់ទៅឱ្យភ្ញៀវបរទេសចំនួន ៣៨៦,០៩៣ នាក់៕

ដោយ៖ ស្រីពេជ្រ