សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាគ្មានបញ្ហាអសន្តិសុខស្បៀងនោះទេ ខណៈការនាំចេញអង្ករមានការកើនឡើង

នាពេលបច្ចុប្បន្ននេះ ការនាំចេញអង្កររបស់ កម្ពុជា ទៅកាន់ទីផ្សារអន្ដរជាតិ ត្រូវបានមើលឃើញថាមានការកើនឡើងគួរឲ្យកត់សម្គាល់ ស្របពេលជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានអះអាងថា កម្ពុជា គ្មានបញ្ហាអសន្ដិសុខស្បៀងនោះទេបើទោះជាមានរឿងអ្វីក៏ដោយ។

ការអះអាងបែបនេះ របស់សម្ដេច តេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសអញ្ជើញប្រកាសអនុវត្តន៍កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋ មានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ ប្រមាណ៦០ម៉ឺនគ្រួសារ នៅវិមានសន្តិភាព នាថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២០ នេះ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា « ឆ្នាំនេះការនាំចេញអង្កររបស់យើងមានការកើនឡើងគួរឲ្យកត់សម្គាល់ ដែលពីមុនយើងនាំចេញបានប្រមាណ ៥០ ម៉ឺនតោន ក្នុងមួយឆ្នាំ តែឥលូវឆ្នាំនេះ អាចនឹងឈានដល់៨០ម៉ឺនតោន ឬលើសពីនេះក៏ថាបាន»

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា «បើទោះបីកម្ពុជាយ៉ាងម្ដេចក៏ដោយ យើងនៅតែមានចំណុចខ្លាំងមួយ គឺនៅត្រង់ថា រៀងរាល់ឆ្នាំយើងមានអធិរេកស្រូវប្រមាណជិត៦លានតោន។ ម៉្យាងទៀត យើងមានផ្ទៃដីដាំដុះរាប់លានហិកតា ហើយរហូតមកដល់ពេលនេះ ស្រូវវស្សារបស់កម្ពុជា សម្រេចបានជាង១.៥ លានហិកតារួចស្រេចទៅហើយ។ ចំពោះភាពអសន្ដិសុខទេគឺគ្មានទេ ផ្ទុយទៅវិញ កម្ពុជា នឹងមានការទទួលខុសត្រូវ រួមជាមួយសហគមន៍អន្ដរជាតិ ក្នុងការលក់ស្បៀងចេញ ទៅក្រៅប្រទេស។

ក្នុងរយៈពេល៥ខែ ឆ្នាំ២០២០ កម្ពុជាសម្រេចបានការនាំចេញ ៣៥៦,០៩៧តោន ដែលមានកំណើនជាង៤២% ប្រៀបធៀបទៅក្នុងរយៈពេលដូចគ្នា ឆ្នាំ២០១៩ ដែលការនាំចេញបានត្រឹមតែ ២៥០,១៧២តោន។ ខណៈប្រទេសចិន បានគ្រប់គ្រងចំនួន៣៨% នៃទីផ្សារនាំចេញរបស់កម្ពុជា។ បន្ទាប់គឺបណ្តាប្រទេស នៅក្នុងអឺរ៉ុបមានចំនួន ៣៤% បណ្តាប្រទេសមួយចំនួន នៅក្នុងអាស៊ាន មានចំនួន ១៣% និងប្រទេសផ្សេងទៀត រួមមាន អូស្ត្រាលី ហ្កាប៉ុង សហរដ្ឋអាមេរិក មានចំនួន១៥%។

ចំពោះកំណើនមធ្យមនៃការនាំចេញ គឺបណ្តាលមកពីការផ្អាកនាំចេញអង្ករសមួយរយៈ តែកំណើននៅប្រទេសចិន មានកម្រិតប្រហាក់ប្រហែលសហគមន៍អឺរ៉ុប និងចាប់ផ្តើម កើននៅខែបន្ទាប់។ ចំណែកឯកំណើននាំចេញ ទៅបណ្តាទីផ្សារផ្សេងដូចជា ហ្កាបុង អូស្ត្រាលី រុស្សី និង ញ៉ូសាឡែន ក៏មានកំណើនខ្ពស់ផងដែរ។

គួរបញ្ជាក់ផងដែរ បើតាមយោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ការនាំចេញអង្ករកម្ពុជា ក្នុងរយៈពេល ៥ ខែ ដើមឆ្នាំ ២០២០ ទទួលបានចំណូលជាង ២៤១ លានដុល្លារ៕

 

 ដោយ៖ ស្រីពេជ្រ