សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យក្រុមហ៊ុន អ្នកឧកញ៉ា ពុង ខៀវសែ ជួយជីកស្តារយកអាចម៍ដីពីបឹងជើងលោង ដើម្បីមកសាងសង់ព្រលានយន្តហោះ

នាពេលថ្មីៗ នេះ សម្ដេចតេជោ ហ៊ុន សែន បានស្នើឱ្យក្រុមហ៊ុន របស់អ្នកឧកញ៉ា ពុង ខៀវសែ ជួយជីកស្តារបឹងជើងលោង យកអាចម៍ដីដើម្បីមកសាងសង់ព្រលានយន្ដហោះ និងដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋនៅតំបន់នោះឲ្យកាន់តែមានប្រភពទឹកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ផងដែរ។

ការស្នើរឲ្យមានការជីកស្ដារបឹងជើងលោងនេះ បានធ្វើឡើងក្នុងឱកាសអញ្ជើញ ពិនិត្យមើលការដ្ឋានសាងសង់ អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញថ្មី មាន​ទីតាំង​ស្ថិតនៅ​ឃុំ​ព្រែកស្លែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២២ មិថុនា កន្លងទៅ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឲ្យក្រុមហ៊ុន របស់អ្នកឧកញ៉ា ពុង ខៀវសែ ជីកយកអាចម៍ដី ពីបឹងជើងលោក ដើម្បីយកមកសាងសង់ព្រលានយន្តហោះ។ បច្ចុប្បន្ននេះ យើងកំពុងតែត្រូវការរកអាចម៍ដី ចឹងការយកអាចម៍ដីចេញពីក្នុងអាង មកសាងសង់ព្រលានយន្ដហោះ វាជាផលចំនេញរបស់ក្រុមហ៊ុន ហើយក៏ជាផលចំនេញរបស់រដ្ឋនិងប្រជាជនផងដែរ។

សម្តេច ក៏បានគូសបញ្ជាក់ថា បឹងជើងលោងជាប្រភពនៃការដោះស្រាយទឹក សម្រាប់កសិករធ្វើស្រែចំការ និងប្រើប្រាស់សម្រាប់ធ្វើអ្វីផ្សេងៗ ទៀត ក្នុងស្រុក ២ នៃខេត្តតាកែវ និងខេត្តកណ្តាល ១ ស្រុកផងដែរ ចឹងយើងត្រូវតែស្តុកទឹកឲ្យបានច្រើននៅទីនោះ ។

បន្ថែមពីនេះ សម្ដេចក៏បានលើកឡើងថា ការជីកបឹងនេះមួយផ្នែកទៀត គឺដើម្បីយកផ្ទៃបឹងនោះ សម្រាប់បញ្ចៀសទឹកជំនន់ ពីស្ទឹងព្រែកត្នោត នៅរដូវវស្សាផងដែរ។ បឹងជើងលោងមិនមែនគ្រាន់តែជួយដោះស្រាយបញ្ហាប្រភ​ពទឹកសម្រាប់ស្រោចស្របតែមូយមុខទេ ដែលបឹងនេះជាប្រភពនៃការជញ្ជៀសទឹកជំនន់ព្រែកត្នោតដែរ។ មិនតែប៉ុណ្ណោះ នៅពេលដែលបឹងជើងលោងវាជ្រៅ វានឹងបង្កើតបាននូវការស្តុកត្រីរបស់យើង ហើយវានឹងធំធាត់នៅក្នុងបឹងនោះ។

ជាមួយគ្នានេះ បើក្រឡេកមកមើលការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មី នៅខេត្ត កណ្ដាល នេះ គឺសម្រេចបានប្រមាណ ៣០ ភាគរយហើយ ខណៈគ្រោងនឹងអាចបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០២៣ ខាងមុខ។ ថែមទាំងរពឹងថា អាចទទួលអ្នកដំណើរបានប្រមាណ ១៣ លាននាក់នៅឆ្នាំ ២០៣០ ហើយអាចទទួលអ្នកដំណើរ ៣០លាននាក់ នៅឆ្នាំ ២០៥០ ទៀតផង។

មិនតែប៉ុណ្ណោះ បន្ទាប់ពីសាងសង់ចប់រួចរាល់ជាស្ថាពរ នឹងក្លាយជាព្រលានយន្តហោះធំបំផុតលំដាប់ទី ៩ នៅក្នុងពិភពលោក ដែលស្ថិតនៅពីក្រោយអាកាសយានដ្ឋាន Chicago O’Hare និងលំដាប់មុខអាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉េកាំងរបស់ប្រទេសចិន៕

ដោយ៖ ស្រីពេជ្រ