សម្ដេចតេជោ ហ៊ុន សែន អះអាងថា កូវីដ-១៩ មិនអាចសម្លាប់រាជរដ្ឋាភិបាល និងសេដ្ឋកិច្ចជាតិកម្ពុជា បានឡើយ

បើទោះជាការព្យាករណ៍អំពីសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២០ ត្រូវបានប៉ាន់ប្រមាណថាអាចនឹងធ្លាក់ចុះរហូតដល់ -១.៩ ភាគរយ ជាស្ថានភាពមិនធ្លាប់មានក្នុងរយៈពេលជាង២០ឆ្នាំ ព្រោះតែមានការរំខានពី កូវីត ១៩ ក៏ដោយ ប៉ុន្ដែសម្ដេចតេជោ ហ៊ុន សែន បានអះអាងថា រាជរដ្ឋាភិបាល និងសេដ្ឋកិច្ចជាតិកម្ពុជា នឹងមិនស្លាប់នោះទេ។
ក្នុងឱកាសអញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ដែលសម្រេចការសាងសង់បានចំនួន ៣០ ភាគរយ មានទីតាំងស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា “កូវីដ-១៩ មិនអាចសម្លាប់រាជរដ្ឋាភិបាល ហ៊ុន សែន បានទេ ព្រោះរាជរដ្ឋាភិបាលមានវិធានក្នុងការដោះស្រាយគ្រប់ពេលវេលា”។
សម្ដេចតេជោ បន្តថា កូវីដ-១៩ មិនអាចរារាំងដំណើរការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់យើង ទាំងផ្នែករដ្ឋ ក៏ដូចជាវិស័យឯកជនបានទេ បើទោះមានផលប៉ះពាល់ទៅលើផ្នែកជាពិសេសផ្នែកទេសចរណ៍ ផ្នែកឧស្សាហកម្មមួយចំនួន ហើយមានផ្នែកខ្លះបាត់បង់ការងារក៏ដោយ ព្រោះថាក៏មាន ផ្នែកខ្លះបែរជាបង្កើនឱកាសការងារទៅវិញ។ ហើយក្រុមហ៊ុនទាំងអស់នៅកម្ពុជា នាពេលបច្ចុប្បន្ន ក៏មិនទាន់មានក្រុមហ៊ុនណាមួយប្រកាសថាក្ស័យធននោះទេ ហើយប្រកាសអាសន្នអំពីការខ្វះទុនទៅលើការវិនិយោគដែរ។
សម្ដេចក៏បានបន្ថែមទៀតថា បើទោះបីចំណូលធ្លាក់ចុះខ្លះក្ដី ក្នុងកំឡុងពេលកូវីដ-១៩ កំពុងវាយប្រហារ ក៏ប៉ុន្ដែរាជរដ្ឋាភិបាល នៅតែមានសមត្ថភាពដើម្បីនឹងដំឡើងបៀវត្សរ៍ ហើយបន្ដបើកបៀវត្សរ៍ក្នុងមួយខែពីរដង ជូនដល់មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ។
ជាមួយគ្នានេះ សម្ដេចក៏បានប្រកាសអំពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ សម្រាប់ជួយដល់ប្រជាពលរដ្ឋក្រីក្រជាងគេ ដែលរងផលប៉ះពាល់ ដោយសារវិបត្តិកូវីដ-១៩ ប្រមាណ ៦០ ម៉ឺន គ្រួសារផងដែរ។ ដោយក្នុងមួយខែៗ រាជរដ្ឋាភិបាល ត្រៀមបញ្ចេញថវិកាប្រមាណជា ២៥លាន ដុល្លារអាមេរិក សម្រាប់សង្គ្រោះ ជួយទំនុកបម្រុង ។ ហើយចំពោះពេលវេលាក្នុងការចែកជូននឹងប្រព្រឹត្តទៅ នៅថ្ងៃទី ២៤ ខែមិថុនា ខាងមុខនេះ ប្រសិនបើគ្មានអ្វីប្រែប្រួល។
ចំពោះការជួយឧបត្ថម្ភនេះ សម្ដេចក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល មានលទ្ធភាពប្រើប្រាស់នូវថវិកាចរន្ត ដែលក្នុងមួយខែៗ ក្នុងអំឡុងប្រឈមនឹងវិបត្តិកូវីដ- ១៩នេះ។ ហើយថវិកាទាំងអស់នេះ បានមកពីចំណូលពន្ធគយ និងថវិកាមួយផ្នែកទៀតទទួលបានពីមន្ត្រីរាជការប្រមាណពី ៦ ទៅ ៧ម៉ឺននាក់ បានស្ម័គ្រចិត្តផ្តល់ប្រាក់បៀរត្សរ៍ដល់រាជរដ្ឋាភិបាល ក្នុងអំឡុងពេលកូវីដ១៩ ប្រមាណជាង ១០លានដុល្លារ និង ថវិកា១៥លាន ដុល្លារអាមេរិកបន្ថែមទៀត បានមកពីការចូលរួមរបស់សប្បុរសជននានា៕
ដោយ៖ ស្រីពេជ្រ