សម្ដេច តេជោ នឹងអញ្ជើញទៅ ប៉េកាំង ក្នុងអំឡុងខែ សីហា ដើម្បីចុះហត្ថលេខាបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន

បើតាមការបញ្ជាក់របស់រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ប្រសិនជាគ្មានបញ្ហាអ្វីប្រែប្រួលនោះទេ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងធ្វើដំណើរទៅទីក្រុង ប៉េកាំង ប្រទេសចិន អំឡុងខែ សីហា ឆ្នាំ២០២០ នេះហើយ ដើម្បីធ្វើជាអធិបតីភាពនៃការចុះហត្ថលេខាបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន។

ក្នុងសន្និសីទ​សារព័ត៌​មាន​ ស្ដីពី​ស្ថានភាព​សេដ្ឋកិច្ច​អំឡុង​វិបត្តិកូវីដ ១៩ នាព្រឹកថ្ងៃទី  ខែ កក្កដា ឆ្នាំ ២០២០ លោកវង្សី វិស្សុត បានថ្លែងឲ្យដឹងយ៉ាងដូច្នេះថា “សម្ដេចតេជោ គ្រោងនឹងធ្វើដំណើរទៅ ប៉េកាំង មុនថ្ងៃទី ១២ ខែសីហា ដើម្បីទៅចូលរួមធ្វើជាអធិបតីភាពនៃការចុះហត្ថលេខាបញ្ចប់កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-ចិន”។

លោកបានបន្ដទៀតថា ក្រៅពីចិន បច្ចុប្បន្ននេះ កម្ពុជា ក៏បាននឹងកំពុងរៀបចំពន្លឿនការចរចាពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសកូរ៉េខាងត្បូងផងដែរ។

តាមរយៈ លោក ផាន់ ផល្លា អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានឱ្យដឹងផងដែរថា បន្ទាប់ពី កម្ពុជា បញ្ចប់កិច្ចចរចាពាណិជ្ជកម្មសេរីជាមួយចិននាពេលខាងមុខនេះ កម្ពុជានឹងមានទីផ្សារធំសម្រាប់ការធ្វើពាណិជ្ជកម្ម ហើយនៅក្នុងរយៈពេលវែងថែមទៀត។  ទាក់ទិននឹងចំណុចនេះ កម្ពុជាគឺត្រូវមានការកែទម្រង់ ការលើកកម្ពស់ការប្រកួតប្រជែង ការសម្រួលធុរៈកិច្ច និងលុបបំបាត់របាំងពាណិជ្ជកម្ម។

ដោយឡែក សម្រាប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជុំទី ៣ រវាងប្រទេសកម្ពុជា និងចិនបានដោះស្រាយរួចហើយ លើបញ្ហាដែលនៅសេសសល់ នៅក្នុងអត្ថបទកិច្ចព្រមព្រៀង និងបានអនុម័តជាគោលការណ៍ជុំវិញ ការបើកច្រកទីផ្សារលើទំនិញ និងសេវាជាដើម។

គួរបញ្ជាក់ បច្ចុប្បន្ន កម្ពុជា កំពុងពន្លឿន ការចរចាពាណិជ្ជកម្មសេរីទ្វេភាគី ជាមួយបណ្ដាលប្រទេសជាច្រើន ជាពិសេសជាមួយ ចិន និងកូរ៉េខាងត្បូង ផ្ទាល់តែម្ដង។ ហើយនាពេលថ្មីៗ នេះ រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់កម្ពុជា ប៉ាន ស័រស័ក្តិ និងលោកជំទាវ ម៉ានីកា ជេន ក៏បានចូលជួបពិភាក្សាពីលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នារវាង កម្ពុជា និង ឥណ្ឌា ផងដែរ៕

ដោយ៖ ​ស្រីពេជ្រ