សម្តេចតេជោ៖ អាជីវកម្មអចលនទ្រព្យក្នុងប្រទេសកម្ពុជា នៅតែដំណើរការជាធម្មតា បើទោះជាមានការរំខានពី កូវីត១៩ ក៏ដោយ

ថ្វីបើការរីករាលដាលនៃជំងឺ កូវីត ១៩ បានក្លាយជាក្ដីកង្វល់មួយសម្រាប់មនុស្សជុំវិញពិភពលោក ខណៈវិស័យមួយចំនួនក្នុងប្រទេស កម្ពុជា បានទទួលរងការប៉ះទង្គិចក៏ដោយ តែទាក់ទិននឹងអាជីវកម្មចលនទ្រព្យនៅតែដំណើរការធម្មតាគ្មានបញ្ហានោះទេ នេះបើយោងតាមការអះអាងរបស់ សម្ដេចតេជោ ហ៊ុន សែន នា ព្រឹកថ្ងៃ ៣០ ខែ មិថុនា ឆ្នាំ ២០២០។

តាមរយៈហ្វេសប៊ុកផ្លូវការរបស់ សម្តេច តេជោ ដែលបានបង្ហោះផ្សាយបានឲ្យដឹងយ៉ាងដូច្នេះថា អាជីវកម្មអចលនទ្រព្យនៅតែដំណើរការជាធម្មតានៅក្នុងប្រទេសកម្ពុជា ដោយសារតែប្រជាពលរដ្ឋ នៅតែមានលទ្ធភាពទិញលំនៅឋាន នៅតាមគម្រោងសាងសង់លំនៅឋាននានា បើទោះជាមានការរីករាលដាលជំងឺកូវីដ១៩ ក៏ដោយ។ សម្តេចតេជោធ្លាប់បានគូសបញ្ជាក់ថា ក្រុមហ៊ុនធំៗ ដែលសម្តេចធ្លាប់បានជួប បានលើកឡើងថា ការលក់គម្រោងលំនៅឋាននានា នៅតែមានបើទោះចំនួនតិចជាងមុនបន្តិចក្ដីក៏ដោយ ប៉ុន្ដែវាបានឆ្លុះបញ្ចាំងថាប្រជាជនខ្មែរនៅមានលទ្ធភាពទិញផ្ទះ ទោះបីមានវិបត្តិកូវីដ១៩។

ទន្ទឹមនឹងនេះ អ្នកជំនាញក្នុងវិស័យអចលទ្រព្យក៏បានអះអាងថា ក្នុងដំណាក់កាល កូវីត ១៩ ការវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជាគឺមានតម្លៃសមរម្យល្អ ដូច្នេះវាគឺជាពេលវេលាល្អ ចំណែកឯការលក់ចេញវិញនឹងចំណេញដោយស្វ័យប្រវត្តិ បន្ទាប់ពីស្ថានភាពកូវីដ ១៩ គ្រាន់បើឡើងវិញ។

បើយោងតាម ឧកញ៉ា នួន ឫទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Appraisal Foundation (KFA) កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា អ្នកវិនិយោគទាំងអស់ត្រូវតែត្រៀមជានិច្ច ទាំងស្មារតី ទាំងសមត្ថភាព និងលទ្ធភាព កុំភ្លេចខ្លួនឲ្យសោះ ដើម្បីបន្តការវិនិយោគលើវិស័យអចលនទ្រព្យនេះបន្តទៀត ព្រោះវិបត្តិកូវីត ១៩ មិនមែនជាវិបត្តិមួយដែលអូសបន្លាយយូរទេ។

ដោយឡែក ក្នុងរយៈពេល ៤ ខែ ដើមឆ្នាំ ២០២០ នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតលើសំណើរស្នើរសុំសាងសង់សរុបទូទាំងប្រទេសមានចំនួន ១ ៦៤៧ ដែល កើនឡើង ២២៣ គម្រោង ដោយមានទំហំវិនិយោគសរុបប្រមាណ ៣០៤៩ លានដុល្លារអាមេរិក កើនឡើង ២០,៥ ភាគរយ បើធៀបនឹងរយៈដូចគ្នាកាលពីឆ្នាំ២០១៩។ នេះបើតាមទិន្នន័យរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

គួរបញ្ជាក់ម្ដងទៀត បើទោះបីជាបញ្ហាជំងឺកូវីដ-១៩ បានបង្ករនូវផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាក៏ពិតមែន ប៉ុន្តែអាជីវករក្នុងប្រទេសកម្ពុជានៅតែបន្តខិតខំប្រឹងប្រែងក្នុងមុខរបររបស់ខ្លួនជាធម្មតា។ ហើយក្នុងនោះអាជីវកម្មលក់ផ្ទះទិញផ្ទះនៅតែបន្តដដែល គ្រាន់តែមិនដាច់ខ្លាំងដូចកាលពីមុន ហើយបច្ចុប្បន្ននេះ រីឯលំនៅដ្ឋានបែប shophouse ក៏កំពុងតែពេញនិយមសំរាប់ការធ្វើអាជីវកម្មនាពេលបច្ចុប្បន្នផងដែរ៕

ដោយ៖ ស្រីពេជ្រ