សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាគ្មានការបិទសេដ្ឋកិច្ចណាមួយនោះទេ ក្នុងកំឡុងពេលកូវីដ១៩

បើទោះជាបណ្ដាប្រទេសមួយចំនួននៅលើពិភពលោក ត្រូវបានមើលឃើញថាបិទសេដ្ឋកិច្ចរបស់ខ្លួនស្ទើរតែទំាងស្រុង ដោយសារការរីករាលដាលជាសាកលនៃ កូវីត ១៩ ក៏ដោយ ក៏ប៉ុន្ដែ កម្ពុជា នៅតែមានភាពរឹងមាំ ហើយគ្មានការបិទសេដ្ឋកិច្ចណាមួយនោះឡើយ។

នេះជាការលើកឡើងដោយផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា ក្នុងឱកាសប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី ២៤ ខែ មិថុនា កន្លងទៅ នាវិមានសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា  ទាក់ទិននឹងបញ្ហា កូវីត ១៩ កម្ពុជា គឺបិទតែទៅលើវិស័យអប់រំ កន្លែងហាត់ប្រាណ និងខារ៉ាអូខេតែប៉ុណ្ណោះ ដោយសារកន្លែងទាំងនេះប្រឈមនឹងការឆ្លងរាលត្បាតខ្ពស់ជាងគេ ប៉ុន្ដែសម្រាប់ រោងចក្រ សហគ្រាស សិប្បកម្ម ភោជនីយដ្ឋាន និងកន្លែងលក់ដូរទំនិញផ្សេងៗ គឺគ្មានការបិទសេដ្ឋកិច្ចទីផ្សារនោះទេ។

សម្តេចតេជោ បានបន្តថាក្នុងអំឡុងជួបវិបត្តិជំងឺកូវីដ១៩ រាជរដ្ឋាភិបាលក៏បានបញ្ចេញថវិកាប្រមាណ ១០០ លានដុល្លារអាមេរិក បន្ថែមទៀត លើការសាងសង់អគារ ស្ពាន ផ្លូវថ្នល់ និងគម្រោងជាច្រើនទៀត ដើម្បីបង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនដល់ប្រជាពលរដ្ឋ ហើយសម្រាប់អ្នកបាត់បង់ការងារធ្វើក៏អាចរកការងារធ្វើនៅទីនោះបានដែរ។

បន្ថែមពីនេះ សម្តេចតេជោ បានបញ្ជាក់ទៀតថា កំពង់សោមដំណើរការធ្វើផ្លូវដល់ពាន់ បណ្ដាគម្រោងមួយចំនួន ដែលយើងកំពុងសាងសង់ផ្លូវដោយក្រុមហ៊ុននានា ជាពិសេសក្រុមហ៊ុនមកពីចិន ដូចជាស្ពានឆ្លងទន្លេមេគង្គ និងបណ្ដាផ្លូវដ៏ទៃទៀតនៅតែបន្ដធ្វើធម្មតា ដូច្នេះការងារនៅតែមានធ្វើនៅទីនោះ។

គួរបញ្ជាក់ ថ្វីបើ កូវីត ១៩ ធ្វើឲ្យមាន​ផលប៉ះពាល់​ទៅលើ​​ផ្នែក​ទេសចរណ៍ ផ្នែក​ឧស្សាហកម្ម​មួយចំនួន ហើយ​មាន​ផ្នែក​ខ្លះ​បាត់បង់​ការងារក៏ដោយ តែក៏មានផ្នែក​ខ្លះបែរជាអាច​បង្កើន​ឱកាសការងារ​ទៅវិញ ។ ហើយចំពោះក្រុមហ៊ុន​ទាំងអស់​នៅ​កម្ពុជា នាពេល​បច្ចុប្បន្ន ក៏ត្រូវបានរាយការណ៍ថាមិនទាន់មាន​ក្រុមហ៊ុន​ណាមួយ​ប្រកាសថា​ក្ស័យធន​នោះទេ ហើយ​ប្រកាសអាសន្ន​អំពី​ការខ្វះ​ទុន​ទៅលើ​ការវិនិយោគ​ដែរ៕

ដោយ៖ ស្រីពេជ្រ