សម្តេចតេជោ ហ៊ុន សែន៖ បញ្ហាកូវីដ១៩ធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២០ អាចនឹងធ្លាក់ចុះ -១,៩% ដែលជារឿងមិនធ្លាប់មានរយៈពេលជាង២០ឆ្នាំ

បច្ចុប្បន្ននេះ វិបត្តិ កូវីត១៩ កំពុងធ្វើឲ្យប្រទេសនៅជុំវិញពិភពលោកស្ថិតនៅក្នុងស្ថានភាពមួយមិនច្បាស់លាស់ និងប៉ះទង្គិចទៅលើបញ្ហាជាច្រើន ជាពិសេសវិបត្តិសេដ្ឋកិច្ចតែម្ដង ស្របពេលដែលមាន មានប្រទេសតិចតួចណាស់ ដែលត្រូវបានមើលឃើញថាមានសេដ្ឋកិច្ចវិជ្ជមាន ហើយភាគច្រើន គឺធ្លាក់ចុះ។

ដោយឡែក ប្រទេសខ្លះបានប្រកាសទុកជាមុនហើយ ដូចជាសិង្ហបុរីថាសេដ្ឋកិច្ចរបស់ខ្លួននឹង -៧% ឯណោះ ប្រទេសខ្លះថា -១០% ខណៈសេដ្ឋកិច្ចកម្ពុជាអាចធ្លាក់ដល់ -១.៩% នៅឆ្នាំនេះ ដែលនេះគឺជាស្ថានភាពមិនធ្លាប់មាន ក្នុងរយៈពេលជាង២០ឆ្នាំ។

ថ្លែងក្នុងឱកាសដែលសម្តេចអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២០នេះ អាចនឹងធ្លាក់ចុះប្រមាណ-១.៩ភាគរយ ដែលជារឿងមិនធ្លាប់មានរយៈពេលជាង ២០ ឆ្នាំកន្លងមកនេះ ដែលធ្លាប់តែកើនឡើងជាមធ្យម៧ភាគរយក្នុង១ឆ្នាំ។

សម្តេចតេជោក៏បានបន្ដថា ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជានេះ មិនកម្ពុជាធ្លាប់ជួបនោះទេ។ ក្នុងឆ្នាំ២០០៥ កម្ពុជាសម្រេកំណើន១៣.៣% ជាអត្រាខ្ពស់បំផុត, នៅឆ្នាំ២០០៦ កំណើន១២% នៅឆ្នាំ២០០៧ កើនឡើង១១%, ឆ្នាំ២០០៨ មកនៅត្រឹម៦.៩%, ឆ្នាំ២០០៩ មកនៅត្រឹម ០.៥%។ ហើយ ឆ្នាំ ២០២០ នេះ ប្រទេសភាគតិចណាស់ដែលអាចមានសេដ្ឋកិច្ចវិជ្ជមាន ពោលប្រទេសភាគច្រើនបំផុតនឹងទទួលបានភាពអវិជ្ជមាន សម្រាប់សេដ្ឋកិច្ច ខណៈប្រទេសខ្លះបានប្រកាសទុកជាមុន ដូចជាសិង្ហបុរីថាសេដ្ឋកិច្ចរបស់ខ្លួននឹង -៧% ឯណោះ។

ជាមួយគ្នានេះ កាលពីពេលថ្មីៗ កន្លងទៅ រាជរដ្ឋាភិបាល ក៏ធ្លាប់បានចេញរបាយការណ៍ព្យាករណ៍សេដ្ឋកិច្ចកម្ពុជាលើកដំបូង ក្នុងកំឡុងពេលវិបត្តិកូវីដ១៩ បញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ២០២០ ត្រូវបានប៉ាន់ស្មានថា ថយចុះដល់ -១.៩% ដែលជាអត្រាមិនធ្លាប់មានកន្លងមក។

បន្ថែមពីនេះ ធនាគារពិភពលោក ក៏បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ច នៅក្នុងឆ្នាំ២០២០ ត្រូវបានរំពឹងទុកថា នឹងមានល្បឿនយឺតបំផុតមិនដែលធ្លាប់មានចាប់តាំងពីឆ្នាំ ១៩៩៤ មក ដោយវានឹងចុះពីចន្លោះ -១ និង -២.៩%។ ទាក់ទិននឹងបញ្ហានេះ ធនាគារពិភពលោក បានប្តេជ្ញាចិត្តថា នឹងជួយកម្ពុជា ក្នុងការជួយដោះស្រាយឲ្យមានប្រសិទ្ធភាពជាមួយវិបត្តិកូវីដ-១៩នេះ និងក្នុងការពង្រឹងសេដ្ឋកិច្ច ឲ្យឆាប់ងើបឡើងវិញ និងមានភាពធន់នាពេលអនាគត។

តែទោះយ៉ាងនេះក្ដី តាមការព្យាករណ៍កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ ២០២១ ត្រូវបានរំពឹងថា អាចនឹងងើបឡើងវិញ មកក្នុងអត្រាកំណើន៣.៥%។ គួរបញ្ជាក់ បើទោះបីជាសេដ្ឋកិច្ច កម្ពុជា កំពុងត្រូវបានមើលឃើញថាត្រូវបានធ្លាក់ចុះ តែបច្ចុប្បន្ននេះក្រុមហ៊ុននៅកម្ពុជា មិនទាន់មានក្រុមហ៊ុនណាមួយប្រកាសក្ស័យធុននៅឡើយទេ ហើយក៏មិនមានការប្រកាសអាសន្ននៃការខ្វះទុន លើការវិនិយោគនោះដែរ៕

ដោយ៖ ស្រីពេជ្រ