សហគ្រិនជោគជ័យទាំង ៨ រូប៖ បើទោះបីជាគ្មានសញ្ញាប័ត្រក៏អ្នកនៅតែអាចស្វែងរកភាពជោគជ័យបាន

ការសិក្សាឲ្យបានខ្ពង់ខ្ពស់ចប់ចុងចប់ដើមតែងជាសេចក្ដីប្រាថ្នារបស់មនុស្សជាច្រើនក្នុងពិភពលោក ដោយពួកគេប្រកាន់គោលចំហរថា ចំណេះវិជ្ជាអាចជួយឲ្យជីវិតរបស់ពួកគេរួចចាកផុតពីភាពក្រីក្រ និងទទួលបានជោគជ័យក្នុងជីវិត។ ហេតុដូច្នេះហើយ និទ្ទេសល្អ ការសិក្សានៅសាកលវិទ្យាល័យ សញ្ញាប័ត្រ ត្រូវបានក្លាយជាគោលដៅរបស់មនុស្សគ្រប់គ្នា ដើម្បីទទួលបានភាពជោគជ័យនៅក្នុងជីវិត។ ​ប៉ុន្ដែក្នុង​​បទពិសោធន៍​ជីវិត​ និងស្ថានភាពជាក់ស្តែង​របស់​សហគ្រិន​ល្បីៗ ​ទាំង ៨ រូបនេះ  ក៏​ដូច​ជាបុគ្គលដែលទទួលបានភាពជោគជ័យ​ផ្សេង​ទៀត​បានបញ្ជាក់ប្រាប់ពិភពលោកថា ភាព​ជោគជ័យ​នៅក្នុងមុខជំនួញ និងឆាកជីវិតរបស់មនុស្សម្នាក់​​ៗ វាមិនស្ថិតទៅលើ​ការ​ទទួលបានការអប់រំ​​ខ្ពង់ខ្ពស់ ការបានចូលរៀននៅសាកលវិទ្យាល័យ និងសញ្ញាប័ត្រទាំងស្រុងនោះ​ឡើយ អ្វីដែលសំខាន់ អ្នកត្រូវមានស្មារតីជាសហគ្រិន​។

ខាងក្រោមជាគោលគំនិតរបស់សហគ្រិនជោគជ័យ ៨ រូបដែលបញ្ជាក់ថា ​បើទោះជាមិនបានចូលរៀន សាកលវិទ្យាល័យ និងមានសញ្ញាប័ត្រក៏មនុស្សគ្រប់គ្នាសុទ្ធតែអាចទទួលបានភាពជោជ័យ៖

. សាលាបង្រៀនតែចំណេះដឹង ប៉ុន្ដែមិនបានបង្រៀនបទពិសោធជីវិតនោះទេ

លោក Matt Schuldt ស្ថាបនិកក្រុមហ៊ុន TPA Media Group បាននិយាយថា កាលពីលោកមានអាយុ ១៩ ឆ្នាំ លោកបានសម្រេចចិត្តដ៏ប្រថុយប្រថានមួយ ពោលគឺលោកមិនបានចូលរៀនសាកលវិទ្យាល័យ ដូចក្មេងដទៃទៀតនោះទេ។ ​ លោកបានចាប់ផ្ដើមអាជីវកម្មតូចមួយ គឺហាងលក់អាវយឺត ខណៈលោកធ្វើការបណ្ដើរក្នុងក្រុមហ៊ុនលក់មួយ។ នេះហើយជារបៀបដែលលោកបានរៀន និងស្វែងយល់ពីអាជីវកម្មជាក់ស្ដែង ដែលមានដូចជា៖ ជំនាញទីផ្សារ ផ្នត់គំនិត ទំនាក់ទំនង ដែលបទពិសោធទាំងអស់នេះមិនបានបង្រៀននៅក្នុងសាលានោះទេ។

. ចំណេះដឹងដែលអ្នកត្រូវការ វាស្ថិតនៅក្នុងកណ្ដាប់ដៃរបស់អ្នកទៅហើយ

លោក Tom Ferry ដែលជាស្ថាបនិកក្រុមហ៊ុន Tom Ferry International មានគោលគំនិតថា នាពេលបច្ចុប្បន្ន ការសិក្សារៀនសូត្រមិនមានភាពលំបាកលំបិនដូចសម័យមុននោះទេ ដោយហេតុថា សម័យនេះជាសម័យដែលមានបច្ចេកវិទ្យាជឿនលឿន មានការបង្រៀនតាមអនឡាញ ចំណេះដឹងជាច្រើនត្រូវបានចែកចាយតាមរយៈបណ្ដាញសង្គម ហើយបណ្ណាល័យជាច្រើនក៏ត្រូវបានឲ្យចូលអានដោយឥតគិតថ្លៃ ដូច្នេះមានមធ្យោបាយច្រើនណាស់ដែលអាចឲ្យអ្នកទទួលបានចំណេះដឹង ប៉ុន្ដែលោកមិនបានបំផុសគំនិតឲ្យក្មេងៗ ជំនាន់ក្រោយមិនចូលរៀនសាកលវិទ្យាល័យនោះទេ ប៉ុន្ដែលោកចង់លើកទឹកចិត្តដល់បុគ្គលដែលមិនមានលទ្ធភាពក្នុងការរៀនសូត្រថា ភាពជោគជ័យមាននៅគ្រប់ទីកន្លែង មិនសំដៅទៅលើបុគ្គលដែលបានរៀនសូត្រនៅសាកលវិទ្យាល័យនោះទេ។

. គ្មានសញ្ញាប័ត្រកាន់តែធ្វើឲ្យអ្នកខិតខំប្រឹងប្រែងលើសដើម

លោកស្រី Gail Corder Fischer ជាស្ថាបនិកក្រុមហ៊ុន Fischer & Company បាននិយាយថា ដោយហេតុថាលោកស្រីមិនបានចូលរៀនសាកវិទ្យល័យ ដូច្នេះលោកស្រីខិតខំប្រឹងប្រែងតស៊ូជាងមនុស្សទូទៅ  ហើយការតស៊ូនេះបានជួយឱ្យលោកស្រីអភិវឌ្ឍជំនាញការងារ និងអាចដោះស្រាយរាល់បញ្ហាលំបាកដែលកើតមានឡើង។ ជាលទ្ធផល លោកស្រីអាចធ្វើការជាមួយមនុស្សដ៏ទៃដោយមានទំនុកចិត្ត និងមានប្រសិទ្ធភាព។

. ពេលខ្លះអ្នកអាចទទួលជោគជ័យមុនពេលដែលមិត្តរបស់អ្នកបញ្ចប់ការសិក្សា

លោក Markus Hetzenegger ដែលជាស្ថាបនិក NYBA Media GmbH បានលើកឡើងថា កាលពីលោក ទើបតែបញ្ចប់ថ្នាក់វិទ្យាល័យ លោកពិតជាមានអារម្មណ៍ថាស្ទាក់ស្ទើរ ថាតើលោកគួរចូលរៀនសាកលវិទ្យាល័យដែរ រឺទេ? ប៉ុន្ដែលោកប្រកាន់ខ្ជាប់នូវគោលគំនិតថា លោកនឹងធ្វើជាថៅកែខ្លួនឯង និងខិតខំប្រឹងប្រែងទៅលើគម្រោងដែលបានបង្កើត។ ដូច្នេះហើយ លោកសម្រចចិត្តមិនចូលរៀនសាកលវិទ្យាល័យ សាកល្បងជាក់ស្ដែងទៅលើការធ្វើជំនួញ ខណៈពេលដែលមនុស្សជាច្រើនទៀត ចំណាយពេលជាច្រើនឆ្នាំរៀនសូត្រតាមតែឧទាហរណ៍ គ្មានការអនុវត្តជាក់ស្ដែង។ កំឡុងពេលដែលមនុស្សដទៃអាយុដំណាលលោកកំពុងស្ថិតក្នុងដំណាក់កាលរៀនសូត្រ លោកបានកំពុងបង្កើតក្រុមហ៊ុនរបស់លោកដែលសព្វថ្ងៃជាក្រុមហ៊ុនជោគជ័យមួយ។

. អ្នកមិនចាំបាច់មានសញ្ញាប័ត្រនោះទេ ប្រសិនបើអ្នកធ្វើការឲ្យខ្លួនឯង

Sarah Chrisp ស្ថាបនិកក្រុមហ៊ុន Wholesale Ted បាននិយាយថា ថ្វីបើរូបនាងមានហាងលក់គ្រឿងអេឡិកត្រូនិកផ្ទាល់ខ្លួនដែលទទួលបានជោគជ័យរួចទៅហើយក្នុងវ័យ ១៦ ឆ្នាំ ក៏ម្ដាយឳពុករបស់នាង ព្យាយាមបញ្ចុះបញ្ចូលឲ្យនាងចូលរៀនសាកលវិទ្យាល័យ ប៉ុន្ដែវាពិតជាបញ្ហាលំបាក នៅពេលដែលរៀនផង ធ្វើជំនួញផង រូបនាងមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីធ្វើទាំងពីរទេ ហេតុដូច្នេះ នាងចាប់ផ្ដើមគិតថា តើមួយណាផ្ដល់អត្ថប្រយោជន៍ដល់នាងច្រើនជាង? បន្ទាប់មកនាងក៏បានឈប់រៀនហើយបានប្រើពេលវេលាបន្ថែមទ្វេដងទៅលើហាងរបស់ខ្លួន ហើយដើរទៅរកទីផ្សារដែលរកចំណូលបានច្រើន។ មានមនុស្សជាច្រើនបានប្រាប់ថា ថ្ងៃណាមួយរូបនាងនឹងសោកស្តាយចំពោះការសម្រេចចិត្តមួយនេះ ប៉ុន្តែក្នុងនាមជាសហគ្រិនម្នាក់អ្នកមិនត្រូវការសញ្ញាបត្រដើម្បីជ្រើសរើសការងារនោះទេ ពីព្រោះថា អ្នកជ្រើសរើសវាដោយខ្លួនឯង។

. ចំណេះដឹងបានមកពីការអនុវត្ដ

លោក Brandon Dawson ស្ថាបនិក្រុមហ៊ុន Cardone Ventures បានប្រាប់ឲ្យដឹងថា  បន្ទាប់ពីរៀនវិទ្យាល័យលោកបានផ្លាស់ទៅរដ្ឋ Georgia ដើម្បីរកការងារលក់ ។ បទពិសោធការងារទាំងនោះ បានធ្វើឲ្យលោករៀនចេះដោយខ្លួនឯងក្នុងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ និងក្លាយទៅជាអ្នកលក់ដ៏ជំនាញ។ ក្រោយមកលោកក៏មានទំនុកចិត្តបើកអាជីកម្មដោយខ្លួនឯង លោកក៏បញ្ជាក់ទៀតថា លោកមិនត្រូវការសញ្ញាប័ត្រដើម្បីមកបង្រៀនលោកនោះទេ លោកសុខចិត្តអនុវត្តជាក់ស្ដែង ដើម្បីបង្កើនសមត្ថភាពរបស់លោកវិញប្រសើរជាង ឲ្យតែអ្នកប្តេជ្ញាចិត្តអ្នកនឹងទទួលជោគជ័យជាក់ជាមិនខាន។

. ពេលវេលាជាមាសប្រាក់ គួរតែចេះប្រើប្រាស់ឲ្យសមទៅនឹងតម្លៃ

លោក Grant Cardone ស្ថាបនិកក្រុមហ៊ុន Cardone Capital បាននិយាយថា លោកមិនបានមើលឃើញថា ការចូលរៀននៅសាកលវិទ្យាល័យផ្ដល់ប្រយោជន៍ក្រាស់ក្រែលដល់ក្មេងដែលមានអាយុ ១៨ ឆ្នាំ​នោះទេ ផ្ទុយទៅវិញ ជាបន្ទុកដែលត្រូវចំណាយពេលជាច្រើនឆ្នាំទៅលើការខិតខំប្រឹងប្រែង ប្រណាំងប្រជែង ដែលមិនមែនជាការសាកល្បងពិតប្រាកដ ។ លោកបានបន្ថែមថា គួរតែចំណាយពេលទាំងអស់នោះទៅ ទៅធ្វើការពិតប្រាកដ និងស្វែងរកជំនាញច្បាស់លាស់ ទើបជាការប្រសើរ។

. មានសញ្ញាប័ត្រមិនប្រាកដថាអាចដើរទៅដល់គោលដៅដែលយើងប្រាថ្នាចង់បាននោះទេ

លោក Gary Vaynerchuk ដែលជាស្ថាបនិកក្រុមហ៊ុន Vayner X បាននិយាយថា កាលពីនៅកុមារ លោកបានប្រលងធ្លាក់ដែលជាហេតុធ្វើឲ្យលោកពិបាកចិត្ត និងខ្មាស់គេយ៉ាងខ្លាំង។ ដោយហេតុថាលោកជាសិស្សដែលរៀនមិនសូវពូកែ បើនៅតែបន្ដដូច្នេះលោកនឹងត្រូវដេកពីបាកចិត្តរាល់ថ្ងៃជាមួយលទ្ធផលការសិក្សារបស់លោកជាមិនខាន។ បែបនេះហើយទើបលោកជ្រើសរើសធ្វើការងារអ្វីដែលធ្វើឲ្យលោកមានភាពរីករាយក្នុងការធ្វើវា បើទោះជាមានភាពស្មុគស្មាញ។ លោកក៏បានលើកឡើងថា បច្ចុប្បន្នមានវិធីជាច្រើនដើម្បីរៀនអំពីអាជីវកម្ម មិនចាំបាច់ទាល់តែចូលសាកលវិទ្យាល័យនោះទេ។ បើទោះបីជាអ្នកចង់បានការងារធ្វើ ក៏ក្រុមហ៊ុនជាច្រើនមិនត្រូវការសញ្ញាប័ត្រនោះទេរួមមាន Google, Apple, VaynerMedia និងច្រើនទៀត។ ការចូលរៀនសាកលវិទ្យាល័យ និងសញ្ញាប័ត្រមិនមែនជាអ្នកកំណត់ថា អ្នកជោគជ័យ រឺក៏អត់នោះទេ  តែគោលដៅ ការតាំងចិត្ត និងស្មារតីជាសហគ្រិនទៅវិញទេ ដែលជាអ្នកកំណត់ពីភាពជោគជ័យរបស់អ្នក៕

អត្ថបទដោយ៖ ស្រីពេជ្រ