សហរដ្ឋអាមេរិក បន្ដគាំទ្រដល់ កម្ពុជា ដោយផ្តល់ជំនួយឥតសំណង ៥៦ លានដុល្លារបន្ថែមទៀត សម្រាប់ការអភិវឌ្ឍនៅកម្ពុជា

រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងបន្ដជួយគាំទ្រដល់ កម្ពុជា ដោយផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៥៦ លានដុល្លារអាមេរិក បន្ថែមទៀត សម្រាប់ការអភិវឌ្ឍន៍បន្ថែមទៅលើ វិស័យសុខាភិបាល-អប់រំ និង វិស័យកសិកម្ម- បរិស្ថាន។ បើយោងតាមស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នាថ្ងៃទី២៦ ខែ មិថុនា នេះ។

តាមរយៈ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានឲ្យដឹងទៀតថា រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងនៅតែបន្តការគាំទ្រដល់ប្រជាជន កម្ពុជា ដើម្បីធ្វើយ៉ាងណាសម្រេចឱ្យបាននូវការអភិវឌ្ឍសង្គមសេដ្ឋកិច្ចមួយប្រកបដោយចីរភាព បរិយាបន្ន និងសមធម៌។

ឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានមានប្រសាសន៍ថា ការបន្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍទ្វេភាគីនេះ គឺជាសសរគ្រឹះដ៏សំខាន់ក្នុងការលើកកម្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពល្អប្រសើរ។

ជាមួយគ្នានេះ ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍនៅកម្ពុជា ៥៦ លានដុល្លារនេះ គឺ ៣៨ លានដុល្លារ នឹងត្រូវយកទៅប្រើប្រាស់សម្រាប់វិស័យសុខាភិបាល និងអប់រំ។ ដោយផ្តោតលើការកាត់បន្ថយអត្រាមរណៈភាពមាតា និងទារកដែលមានអាយុក្រោម៥ឆ្នាំ ក៏ដូចជាផ្តល់ការគាំទ្រលើកាត់បន្ថយជំងឺក្រិន និងជំងឺខ្វះគ្រាប់ឈាមក្រហមរបស់កុមារ និងស្ត្រី និងកាត់បន្ថយអត្រាប្រេវ៉ាឡង់នៃជំងឺអេដស៍ជំងឺ របេង និងជំងឺគ្រុនចាញ់។ ហើយនឹងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពការអានរបស់កុមារ កាត់បន្ថយ អត្រាបោះបង់ចោលការសិក្សានៅថ្នាក់វិទ្យាល័យ និងបំពាក់បំប៉នបន្ថែមដល់ប្រជាជនកម្ពុជាក្នុងការឈានចូលទៅក្នុងទីផ្សារពលកម្ម។

ដោយឡែក ចំពោះ ១៨ លានដុល្លារផ្សេងទៀត សម្រាប់ប្រើក្នុងវិស័យកសិកម្ម និងបរិស្ថាន នៅកម្ពុជា ដូចជាផ្តល់ការគាំទ្រលើកម្មវិធីនានាក្នុងការកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ការផលិតគ្រាប់ពូជសំខាន់ៗ និងអាហារូបត្ថម្ភក្នុងសហគមន៍ជនបទ។ ខណៈកម្មវិធីបរិស្ថាន ផ្តល់ការគាំទ្រលើការកាត់បន្ថយភាពងាយរងគ្រោះរបស់ប្រជាជន ក៏ដូចជាតំបន់ទេសភាពដែលទទួលរងផលប៉ះពាល់ពីបម្រែបម្រួលអាកាសធាតុ ជាដើម។

គួរបញ្ជាក់ ចាប់តាំងពីឆ្នាំ ១៩៩៤ មកដល់បច្ចុប្បន្ន រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់ការគាំទ្រ ដល់ប្រទេសកម្ពុជាក្នុងហិរញ្ញប្បទានប្រមាណជាង ១ ពាន់លានដុល្លារ ខណៈពេលថ្មីៗ នេះ ក៏បានផ្តល់ជំនួយឥតសំណង ៧.៥ លានដុល្លារដល់កម្ពុជា សម្រាប់ស្តារសេដ្ឋកិច្ចឡើងវិញផងដែរ បន្ទាប់ពីរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩៕

ដោយ៖ ស្រីពេជ្រ