សេដ្ឋីប្រាក់រយលានលោក Grant Cardone និយាយរឿងដែលលោកសោកស្ដាយបំផុតកាលពីវ័យខ្ទង់២០ឆ្នាំ

លោក Grant Cardone គឺជាអ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា“The 10X Rule” ដែលទទួលបាន best-selling   ជាវិនិយោគិន និងជា CEO​ ដែលគ្រប់គ្រងក្រុមហ៊ុនផ្សេងៗគ្នារហូតដល់ទៅ៧។ លោកក៏បានធ្វើដំណើរទៅប្រទេសជាច្រើន ដើម្បីផ្ដល់ប្រឹក្សា និងចែករំលែកបទពិសោធន៍ស្ដីពីការចាប់ផ្ដើមអាជីវកម្ម។ នៅក្នុងឆ្នាំ២០១៧ លោកត្រូវបានគេចាត់ចូលជាបុគ្គលដែលមានឥទ្ធិពលផ្នែកMarketing ទាំង២៥ នៅក្នុងពិភពលោកផងដែរ។

សង្ខេបគន្លឹ៖ កុំយកប្រាក់ទៅចាយលើគ្រឿងញៀន ល្បែង ស្រា។ ក្នុងវ័យខ្ទង់២០ឆ្នាំ គួរចំណាយពេលរៀនសូត្រឲ្យបានច្រើន។ ជំនាញដែលត្រូវបានចារនៅក្នុងសញ្ញាបត្រអ្នក វានឹងគ្មានន័យនៅពេលដែលអ្នកជាម្ចាស់វាមិនចេះប្រាកដ។ ចូរគេងឲ្យដូចអ្នកមាន គឺគេងឲ្យស្កប់ស្កល់ តែមិនមែនល្មោភគេងនោះទេ។ មុនសម្រេចចិត្តធ្វើការនៅកន្លែងណាមួយ ត្រូវគិតពីភាពស៊ីគ្នានៃគោលបំណងរបស់ខ្លួនឲ្យបានច្បាស់។

ខាងក្រោមនេះជារឿងរ៉ាវដែលលោកបានចែករំលែកពីពេលវេលាដែលលោកបានចំណាយខុសនៅពេលដែលមានវ័យជំទង់៖

អស់រយៈពេលជាង៤០ឆ្នាំមកហើយដែលខ្ញុំបានបញ្ចប់ថ្នាក់វិទ្យាល័យ ហើយអ្វីៗពិតជាមានការប្រែប្រួលច្រើនសម្រាប់ជីវិតខ្ញុំ។ ខ្ញុំចាស់ហើយ ខ្ញុំបានសម្រេចក្ដីស្រមៃរបស់ខ្ញុំហើយ ខ្ញុំខ្លាចជាអ្នកមាន និងជាបុគ្គលដែលជោគជ័យម្នាក់នៅក្នុងវិស័យជំនួញ។

ខ្ញុំបានក្លាយខ្លួនជាសេដ្ឋី និងក្លាយជា CEO ដែលគ្រប់គ្រងក្រុមហ៊ុនរហូតដល់ទៅ៧។ ប៉ុន្ដែអ្វីៗនឹងត្រូវផ្លាស់ប្ដូរ និងត្រូវតែដើរទៅមុខបន្ដទៀត បើទោះបីជាខ្ញុំមានវ័យ៦១ឆ្នាំហើយក៏ដោយ។ ដើម្បីអាចសម្រេចភាពជោគជ័យទាំងអស់នេះបាន វាពិតជាមានសារសំខាន់ណាស់ដែលយើងម្នាក់ៗត្រូវរៀនសូត្រពីភាពបរាជ័យរបស់ខ្លួនយើងកន្លងមក។

បើក្រលេកមើលកាលពីខ្ញុំនៅវ័យខ្ទង់២០ឆ្នាំ ខ្ញុំពិតជាមិនយល់ និងមិនដឹងអ្វីទៅជាការបង្កើតប្រាក់ចំណូល? អ្វីទៅជាការសន្សំ? ខ្ញុំចេះតែម៉្យាងប៉ុណ្ណោះគឺចាយវាយយ៉ាងខ្ជះខ្ជាយ។ ខាងក្រោមនេះជារឿងមួយចំនួនដែលខ្ញុំពិតជាមានការសោកស្ដាយដែលចំណាយទាំងប្រាក់ និងពេលវេលា ទៅធ្វើវា កាលពីពេលដែលខ្ញុំមានវ័យខ្ទង់២០ឆ្នាំ។

ប្រសិនបើខ្ញុំអាចត្រលប់ទៅអតីតកាលបាន ខ្ញុំនឹងទៅប្រាប់ខ្លួនរបស់ខ្ញុំថា “ការសិក្សារៀនសូត្រគឺគ្មានទីបញ្ចប់នោះទេ បើទោះបីជាអ្នកបញ្ចប់ថ្នាក់មហាវិទ្យាល័យក៏ដោយ”។​ បន្ទាប់ពីខ្ញុំបានបញ្ចប់ថ្នាក់វិទ្យាល័យ ខ្ញុំបានលង់ខ្លួនធ្វើរឿងដែលខុសឆ្គងយ៉ាងច្រើន។ ខ្ញុំបានចំណាយប្រាក់យ៉ាងច្រើន ទៅសេពគ្រឿងញៀន គ្រឿងស្រវឹង ហើយបានបង្កើតបញ្ហាមួយហើយមួយទៀតមិនចេះចប់។ តាមពិតទៅ ខ្ញុំគួរតែចំណាយប្រាក់ទាំងនោះ ទៅលើការអភិវឌ្ឍខ្លួនឯង ដូចជារៀនជំនាញថ្មីៗ និងបង្កើតទំនាក់ទំនងល្អៗជាមួយមនុស្សដែលល្អៗ។

នៅក្នុងពិភពជាក់ស្ដែង ការសិក្សាត្រឹមតែថ្នាក់វិទ្យាល័យ គឺគេមិនឲ្យតម្លៃនោះទេ ហើយការបញ្ចប់ថ្នាក់បរិញ្ញាបត្រក៏មិនអាចឲ្យអ្នកមុជជ្រៅទៅបានឆ្ងាយដែរ ប្រសិនបើអ្នកមិនមានជំនាញច្បាស់លាស់ដែលអាចចូលប្រលូកក្នុងទីផ្សារការងារដែលល្អៗបាន។ ការវិនិយោគលើខ្លួនឯង គឺជាការឲ្យតម្លៃលើខ្លួនឯង និងបង្កើនសក្ដានុពលរបស់ខ្លួនឯង។

ខ្ញុំមិនបានធ្វើអ្វីជាប្រយោជន៍សម្រាប់ខ្លួនឯងទាល់តែសោះ រហូតដល់ខ្ញុំមានវ័យ២៥ឆ្នាំ ទើបខ្ញុំបានចំណាយប្រាក់៣ពាន់ដុល្លារអាមេរិកដើម្បីទិញមេរៀនជាសំលេង ដែលបង្រៀនអំពីវិធីសាស្ត្រក្នុងការលក់ និងរបៀបនៃការបញ្ចប់ការលក់។ ខ្ញុំបើកស្ដាប់វាម្ដងហើយម្ដងទៀត រហូតដល់ខ្ញុំមានអារម្មណ៍ថា ខ្ញុំត្រូវតែដើរទៅ ខ្ញុំត្រូវតែធ្វើវាឲ្យចេះជាផ្លែផ្កាជាដាច់ខាត ហើយនេះជាហេតុផលដែលខ្ញុំទទួលបានភាពជោគជ័យដូចបច្ចុប្បន្ន។

ភាពជាយុវ័យ វាពិតជាងាយស្រួលណាស់ដែលធ្វើឲ្យអ្នកមានអារម្មណ៍ថា ខ្ចិល មានមហិច្ឆតា តែគ្មានកម្លាំង។ តើអ្នកដឹងទេ? បុគ្គលអ្នកមាន បុគ្គលជោគជ័យ ពួកគេតែងតែគេងលក់យ៉ាងស្កប់ស្កល់ និងសប្បាយចិត្តរាល់យប់ ប៉ុន្ដែពួកគេមិនដែលគិតម្ដងណានោះទេ ថាត្រូវគេងឲ្យបានច្រើនម៉ោង។

ជាការពិតណាស់ យុវជនយើងភាគច្រើនអាយុខ្ទង់២០ឆ្នាំ គួរតែរៀនគេងឲ្យបានស្កប់ស្កល់ដូចអ្នកមាន ប៉ុន្ដែអ្នកមានមិនមែនជាជនដែលចូលចិត្តដេកទ្រមក់ឡើយ។ ភាពសោកស្ដាយបំផុតសម្រាប់ខ្ញុំ នៅពេលដែលខ្ញុំមានវ័យខ្ទង់២០ឆ្នាំ​ នោះគឺខ្ញុំគិតថាខ្ញុំមានពេលវេលាច្រើន និងមិនសូវជាឲ្យតម្លៃលើពេលវេលាប្រចាំថ្ងៃរបស់ខ្លួនឯងសោះ រហូតដល់ពេលដែលត្រូវជិតចូលមន្ទីរពេទ្យ និងត្រូវគេយកទៅកប់ ឬបូជា ទើបខ្ញុំដឹងថាមានរឿងជាច្រើនដែលខ្ញុំមិនទាន់បានធ្វើ។ ខ្ញុំតែងតែគិតថា ប្រសិនបើពេលនោះ​ខ្ញុំដឹងពីតម្លៃនៃពេលវេលាដូចពេលឥឡូវនេះ ម្ល៉េះប្រហែលជាខ្ញុំមានធ្វើជាមហាសេដ្ឋីក្នុងវ័យខ្ទង់២០ឆ្នាំបាត់ទៅហើយ។

រឿងមួយទៀត ដែលខ្ញុំសោកស្ដាយដែរនោះគឺ ខ្ញុំបានខ្ជះខ្ជាយពេលវេលារហូតដល់ទៅពាក់កណ្ដាលនៃវ័យខ្ទង់២០ឆ្នាំរបស់ខ្ញុំ ទៅធ្វើការនៅក្នុងកន្លែងដែលទទួលបានប្រាក់កម្រៃតិចតួច ដែលមិនអាចឲ្យខ្ញុំបានបញ្ចេញ និងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនបាន។ ខ្ញុំនិយាយបែបនេះ មិនមែនមានន័យថា ការងារដែលមានតម្លៃត្រលប់មកវិញតិច ជារឿងអាក្រក់នោះទេ ដោយសារតែពេលខ្លះ​យើងត្រូវចាប់ផ្ដើមពីប្រាក់ខែតិចទៅ។ ប៉ុន្ដែ ភាពអត់ប្រយោជន៍នៅទីនេះ គឺចង់សំដៅដល់ការធ្វើការដោយមិនគិតថា នឹងយកអ្វីដែលចេះនោះទៅធ្វើអ្វីបន្ដទៀត។ ខ្ញុំធ្លាប់ធ្វើការនៅហាង McDonald’s ជាមួយនឹងប្រាក់កម្រៃ៧ដុល្លារក្នុងមួយម៉ោង។ សម្រាប់ខ្ញុំនៅពេលនោះ វាពិតជាងាយស្រួលណាស់ក្នុងការរកប្រាក់បាន៧ដុល្លារ។ ប៉ុន្ដែខ្ញុំបានសង្កេតឃើញ មិត្ដរួមការងាររបស់ខ្ញុំម្នាក់ដែលធ្វើការជិតខ្ញុំ ដែលគេមិនបានគិតដូចខ្ញុំនោះទេ។ គេគិតថា នេះជាឱកាសដ៏កម្រមួយដើម្បីរៀនពីវិធីបើកអាជីវកម្ម ហើយគេមានគោលបំណងបើកអាជីវកម្មប្រភេទនេះ ឲ្យបាន១០០សាខាក្នុងពេលខាងមុខ។ នេះជាហេតុផលរបស់គេ ដែលចូលមកធ្វើការនៅទីនេះ ចុះខ្ញុំ? ខ្ញុំគ្មានហេតុផលនេះទេ។ ដូច្នេះហើយ បានជាខ្ញុំតែងតែធ្វើឲ្យខ្លួនឯងខាតពេលវេលាជានិច្ច៕

ខ្ញុំមិនដឹងថាអត្ថបទមួយនេះ នឹងត្រូវបានជនអសមត្ថភាព និងស្ថាប័នខិតខូចដែលរស់ដោយសារតែអត្ថបទគេ ចម្លង និងកែច្នៃយកទៅប្រើបម្រើប្រយោជន៍ផ្ទាល់ខ្លួនយ៉ាងដូចម្ដេចទៀតនោះទេ ប៉ុន្ដែយ៉ាងហោចណាស់ ក៏ពួកគេទាំងនោះបានអាន និងរៀនសូត្រតាមរយៈអត្ថបទនេះដែរ។ ខ្ញុំសង្ឃឹមថា ថ្ងៃណាមួយ ពួកគេនឹងយល់ពីតម្លៃនៃការតែងនិពន្ធយ៉ាងពិតប្រាកដ!

អត្ថបទដោយ៖ ឡាយ ឧត្ដម