ស្ថាបនិក iPod ធ្លាប់ត្រូវបានវិនិយោគិន ៨០នាក់បដិសេធគម្រោងបច្ចេកវិទ្យារបស់លោក

លោក Tony Fadell គឺធ្លាប់ជាអ្នកច្នៃប្រឌិតជាន់ខ្ពស់ម្នាក់នៅក្នុងក្រុមហ៊ុនល្បីៗដូចជា Philips Electronics, ‎Apple Inc., ‎Nest Labs, Inc. ហើយក៏លោកគឺជាអ្នកបង្កើត iPod ដែលជាឧបករណ៍ស្ដាប់បទចម្រៀងដែលពេញនិយមបំផុត។ លោកបាននិយាយថា កាលពីមុន លោកធ្លាប់ទទួលបានការបដិសេធពីវិនិយោគិនចំនួន៨០នាក់រួចមកហើយ ដែលមិនបានចាប់អារម្មណ៍វិនិយោគនៅក្នុងគម្រោងបច្ចេកវិទ្យារបស់លោក។

លោក Tony Fadell កើតនៅថ្ងៃទី២២ ខែមិនា ឆ្នាំ១៩៦៩ នៅក្នុងទឹកដីអាមេរិក។ បច្ចុប្បន្នលោកមានទ្រព្យសម្បត្ដិសុទ្ធរហូតដល់ទៅ៨០០លានដុល្លារអាមេរិក។ លោក Fadell បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Michigan ដោយជោគជ័យលើជំនាញ វិស្វកម្មកុំព្យូទ័រ។ នៅមុនពេលដែលលោកបញ្ចប់ការសិក្សាលោកក៏បានបង្កើតក្រុមហ៊ុនមួយដែរ ដែលមានឈ្មោះថា Constructive Instruments ដែលជាកន្លែងផលិតកម្មវិធីsoftware សម្រាប់ក្មេងៗ។ នៅដើមទសវត្សរ៍ឆ្នាំ៩០ លោកបានចាប់ផ្ដើមធ្វើការនៅក្នុងក្រុមហ៊ុន General Magic ក្នុងមុខងារជាវិស្វករបច្ចេកវិទ្យា។ នៅក្នុងក្រុមហ៊ុននេះ លោកបានបង្កើតផលិតផលមួយចំនួនដូចជា Sony Magic Link និង Motorola Envoy។ នៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ៩០ លោកក៏បានចូលរួមបង្កើតក្រុមហ៊ុន Philips’ Mobile Computing Group និងនៅចុងឆ្នាំ១៩៩៩ លោកក៏បានបង្កើតក្រុមហ៊ុន Fuse ដែលតាមរយៈក្រុមហ៊ុននេះ លោកមានមហិច្ឆតាចង់ធ្វើការអភិវឌ្ឍ hard disk សម្រាប់កម្មវិធីចាក់ចម្រៀងមួយ។ ក្រោយមកដោយខ្វះខាតទុន លោកក៏បានទៅចូលរួមជាមួយនឹងក្រុមហ៊ុន Apple ដើម្បីធ្វើឲ្យក្ដីស្រមៃបង្កើតឧបករណ៍ចាក់ចម្រៀងរបស់លោកក្លាយជារូបរាងឡើង។

“ខ្ញុំពិតជា ទទួលបាននូវការបរាជ័យយ៉ាងធំធេងពិតមែននា១ទសវត្សរ៍នោះ” លោក Fadell បានរំលឹកពីពេលដែលលោកឈានជើងចូលក្នុងឧស្សាកម្មបច្ចេកវិទ្យាដំបូងនៅក្នុងឆ្នាំ១៩៩០។

លោក Fadell ធ្លាប់បានធ្វើការនៅក្នុងក្រុមហ៊ុន General Magic រយៈពេល៤ឆ្នាំ ដែលមាននាទីជាអ្នកអភិវឌ្ឍន៍ផ្នែកទំនាក់ទំនង មុនពេលដែលលោកប្ដូរទៅធ្វើនៅក្នុង Dutch electronics brand Phillips ដែលនៅទីនោះហើយ ដែលលោកបានបង្កើតក្រុមស្រាវជ្រាវផ្នែកទំនាក់ទំនងបច្ចេកវិទ្យា។ លោកក៏បានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនផងដែរ ដែលមានឈ្មោះថា Fuse Systems នៅក្នុងឆ្នាំ១៩៩៩ ប៉ុន្ដែត្រូវបរាជ័យទៅវិញនៅក្នុងឆ្នាំបន្ទាប់។ លោកធ្លាប់បាននិយាយថា ក្នុងរយៈពេល១០ឆ្នាំមកនេះ លោកស្ទើរតែបាត់បង់អ្វីគ្រប់យ៉ាង ហើយក៏ជាពេលដែលលោកបានដើរទៅគ្រប់ទីកន្លែង។ មានពេលខ្លះលោកត្រូវដួល ហើយងើបឡើងវិញ និងដើរទៅមុខបន្ដទៀតទាំងក្ដីឈឺចាប់។ ឧបសគ្គជាច្រើនបានមករារាំងលោកមិនឲ្យបានដើរទៅមុខបាន ជាក់ស្ដែងលោកបានជួបវិបត្ដិហិរញ្ញវត្ថុផ្ទាល់ខ្លួន និងក្រុមហ៊ុនយ៉ាងធ្ងន់ធ្ងរនៅពេលដែលវិបត្ដិផ្សារហ៊ុនឆ្នាំ២០០០បានកើតឡើង។

លោកបាននិយាយថា “ពួកយើងមានក្រុមហ៊ុនតូចមួយ ហើយក៏ទទួលបានការបដិសេធពីវិនិយោគិនរហូតដល់ទៅ៨០រូបទៅហើយ…៨០នាក់បានបដិសេធគម្រោងខ្ញុំ។ តើនេះហៅថាជាការបរាជ័យបែរណាទៅ?”

“ដើម្បីអាចដើរឆ្លងកាត់រយៈពេល១ទសវត្សរ៍នោះ និងបានដើរឆ្លងកាត់ពាក្យសម្ដីរបស់មនុស្សជាច្រើនដែលនិយាយថា “ទេ! អ្នកគិតខុសហើយ…អ្នកមិនអាចធ្វើបាននោះទេ!” វាពិតជាឈឺចាប់ខ្លាំងណាស់។ ប៉ុន្ដែ១០ឆ្នាំកន្លងផុតទៅ ពួកគេទាំងនោះបានប្រើប្រាស់កម្មវិធី iPod របស់ខ្ញុំ ហើយបន្ទាប់មកក៏ប្រើប្រាស់ iPhone ទៀត ដែលពួកគេប្រហែលជាមិនដឹងទេមើលទៅ ថាកម្មវិធីរបស់ iPhone គឺមានចំណែកនៃបច្ចេកវិទ្យាខ្ញុំនៅក្នុងនោះដែរ”។

គួររំលឹកថា បន្ទាប់ពី លោកFadellបានបរាជ័យនៅក្នុងការប្រមូលទុនកាលពីឆ្នាំ១៩៩៩ និងឆ្នាំ២០០០ លោកក៏បានសម្រេចចិត្តចូលរួមជាមួយនឹងក្រុមហ៊ុនយក្ស Apple នៅក្នុងឆ្នាំ២០០១ ដែលមានតួនាទីជាទីប្រឹក្សា ហើយគំនិតនៃការបង្កើតឧបករណ៍ iPod ក៏បានកើតឡើង។ លោកក៏ជាអ្នកដែលចូលរួមយ៉ាងសកម្ម(Co-created)នៅក្នុងការបង្កើតទូរសព្ទទំនើប iPhone និងជាទីប្រឹក្សាជាន់ខ្ពស់ផ្ទាល់របស់លោក Steve Jobs ដែលជា CEO  ចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១០។

ក្រោយមក លោក Fadell បានបង្កើតកម្មវិធីមួយទៀតដែលមានឈ្មោះថា Nest Thermostat ដែលជាឧបករណ៍តភ្ជាប់បណ្ដាញថាមពលដ៏ឆ្លាតវៃសម្រាប់ប្រើនៅក្នុងផ្ទះ។ ក្រុមហ៊ុន Nest Lads របស់លោកត្រូវបានក្រុមហ៊ុន Google ទិញយកនៅក្នុងឆ្នាំ២០១៤។

លោក Fadell  ឥឡូវនេះគឺជាអ្នកដឹកនាំម្នាក់ផ្នែកប្រឹក្សាបច្ចេកវិទ្យាពិភពលោក និងវិនិយោគនៅ Future Shape ហើយលោកក៏ជាអ្នកទីប្រឹក្សាឯករាជ្យផ្នែកបច្ចេកវិទ្យា និងអ្នកគ្រូបណ្ដោះបណ្ដាផងដែរ។

ខ្ញុំមិនដឹងថាអត្ថបទមួយនេះ នឹងត្រូវបានជនអសមត្ថភាព និងស្ថាប័នខិតខូចដែលរស់ដោយសារតែអត្ថបទគេ ចម្លង និងកែច្នៃយកទៅប្រើបម្រើប្រយោជន៍ផ្ទាល់ខ្លួនយ៉ាងដូចម្ដេចទៀតនោះទេ ប៉ុន្ដែយ៉ាងហោចណាស់ ក៏ពួកគេទាំងនោះបានអាន និងរៀនសូត្រតាមរយៈអត្ថបទនេះដែរ។ ខ្ញុំសង្ឃឹមថា ថ្ងៃណាមួយ ពួកគេនឹងយល់ពីតម្លៃនៃការតែងនិពន្ធយ៉ាងពិតប្រាកដ។

អត្ថបទដោយ៖ ឡាយ ឧត្ដម