ស្ពានអាកាសចំនួនពីរកន្លែងនៅទីតាំងផ្សារត្រង់ផ្លូវជាតិលេខ ៣ នឹងត្រូវស្ថាបនាសម្រាប់ឲ្យអ្នកដំណើរឆ្លងកាត់

តាមរយៈ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន​បានឲ្យដឹងថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋផងដែរនោះ ស្ពានអាកាសចំនួនពីរកន្លែងនឹងត្រូវសាងសង់នៅផ្លូវជាតិលេខ ៣ ត្រង់ចំណុច​ផ្សារសម្រាប់អ្នកធ្វើដំណើរឆ្លងកាត់។

ការអះអាងយ៉ាងដូច្នេះរបស់ លោក ទេសរដ្ឋមន្ត្រី បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ។

ទាក់ទិននឹងការសាងសង់ស្ពានអាកាសឆ្លងកាត់នៅកន្លែងផ្សារនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា បានជួបឯកឧត្ដមពិភាក្សាជាមួយអភិបាលខេត្តកំពង់ស្ពឺ  និង​អភិបាលខេត្ត​តាកែវ រួចរាល់ហើយ។ បន្ថែមពីនេះ ឯកឧត្ដមក៏បានគូសបញ្ជាក់ថា  “ដោយសារផ្លូវមានដល់ទៅ ​៤ គន្លង អញ្ចឹង​ហើយបើពួកគាត់ឆ្លងកាត់វាអាចនឹងមានគ្រោះថ្នាក់ចរាចរណ៍ចំពោះគាត់ ដូច្នេះយើងមិនអាចឱ្យគាត់ឆ្លងកាត់បានទេ ។ ដើម្បីរក្សាសុវត្ថិភាពយើង​បានសម្រេចហើយនឹងសាងសង់ស្អានអាកាសពីរកន្លែង គឺមួយនៅខេត្តតាកែវ និង​មួយទៀត​នៅឯខេត្ត​កំពង់ស្ពឺ”។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្ដថា ដោយសារផ្លូវប្រសព្វមានទំហំតូចពេក ព​ឯកឧត្ដម​​អភិបាល​ខេត្ត​តាកែវក៏សុំ​ក្រុមហ៊ុនពង្រីកផ្លូវឱ្យបាន ​៣០០ ម៉ែត្រទាំងសងខាង ដើម្បីធ្វើយ៉ាងណា កុំឱ្យកកស្ទះចរាចរណ៍​នៅ​ពេលបត់រថយន្ត។

ទន្ទឹមនេះ ជាការឆ្លើយតបក្រុមហ៊ុនក៏បានយល់ព្រមចំពោះសំណើ​របស់អភិបាល​ខេត្ត​តាកែវ ​ផងដែរ។ ឯកឧត្ដមបានបន្ដទៀតថា ដើម្បីទប់ស្កាត់គ្រោះថ្នាក់​ចរាចរណ៍​ក្រសួង​សាធារណការ និងដឹកជញ្ជូនក៏បានធ្វើការបណ្តុះបណ្តាលដល់តៃកុង​រថយន្ត​ចំនួន១១វគ្គ ក្នុងនោះ អ្នកបើករថយន្តធន់ធ្ងន់ បាន៦០០នាក់ លើ៧០៦នាក់  និង​បានប្រឡងជាប់​៦៥៦​នាក់។

ជាចុងក្រោយ ឯកឧត្តមទេសរដ្ឋមន្រ្ដី ក៏បានបញ្ជាក់ថា ក្រសួងមិនបានអូសបន្លាយរយៈពេលនោះទេ ទោះបីជាមានការកកស្ទះ​ដោយ​សារជំងឺកូវីដ-១៩ ក៏ដោយ ពោលគឺបានធ្វើការ​បើកបង្រៀនអ្នកបើកបររថយន្ដតែម្តង ហើយនៅពាក់កណ្តាលខែនេះ នឹងបើកបង្រៀន​ចំនួន ១៨០ នាក់ទៀតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ៕

ដោយ៖ ស្រីពេជ្រ