ស្ពានអាកាសថ្មើរជើង ត្រង់ចំណុចផ្សារដើមគរ សម្រេចការស្ថាបនាសាងសង់បាន ៩៥ ភាគរយហើយ

បន្ទាប់ពីបើកការដ្ឋានសាងសង់កាលពីចុងឆ្នាំ ២០១៩ មកទល់ពេលនេះ សំណង់ស្ពានអាកាសថ្មើរជើង ត្រង់ចំណុចផ្សារដើមគរ សម្រេចការស្ថាបនាសាងសង់បាន ៩៥ ភាគរយហើយ។ នេះបើយោងតាម មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ។

ឆ្លៀតក្នុងឱកាស ចុះត្រួតពិនិត្យការស្ថាបនាស្ពានថ្មើរជើងផ្សារដើមគរ តាមបណ្ដោយមហាវិថី ម៉ៅ សេទុង ស្ថិតក្នុង ខណ្ឌទួលគោក រាជធានីភ្នំពេញ អមជាមួយមន្ទីរជំនាញពាក់ព័ន្ធ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា បច្ចុប្បន្ន ភ្នំពេញ មានប្រជាជនចំនួនប្រមាណជាង ៣លាននាក់ ដែលតម្រូវឲ្យរដ្ឋបាលរាជធានី ភ្នំពេញយើង ធ្វើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទាំងការកសាងផ្លូវលូជាមួយនឹងការកសាងស្ពានអាកាសក្រោមដីលើដី និងស្ពានអាកាសថ្មើជើងជាដើមដើម្បីរំដោះចរាចរណ៍ ក្នុងរាជធានីភ្នំពេញ។

លោកក៏បានបន្ថែមថា សម្រាប់ពេលនេះរដ្ឋបាលរាជធានីភ្នំពេញ ក៏បាននឹងកំពុងស្ថាបនាស្ពានអាកាសថ្មើរពីរកន្លែងបន្ថែមទៀតនោះ គឺស្ពានអាកាសថ្មើរជើងផ្សារដើមគរ និងស្ពានអាកាសថ្មើរជើង នៅស្តុបសន្ធរម៉ុក។

ជាមួយគ្នានេះ ស្ពានអាកាសថ្មើរជើង ដែលមានទីតាំងឈាងខាងលិចផ្សារដើមរគរ ប្រសព្វរវាងមហាវិថី ម៉ៅសេទុង និងផ្លូវលេខ ៣៣៦ ក្នុងខណ្ឌទួលគោក គឺមានបណ្ដោយ ប្រវែង២៧ម៉ែត្រ និងទទឹងប្រវែង៣ម៉ែត្រ។ បើតាមការបញ្ជាក់ពីក្រុមហ៊ុន SpacemediaCo,Ltd ឲ្យដឹងថា គិតមកដល់ពេលនេះការស្ថាបនាស្ពានអាកាសថ្មើរជើងនៅផ្សារដើមគរនេះ បានសម្រេចលទ្ធផលប្រមាណជា ៩៥ភាគរយហើយ ពោលនៅសល់តែការក្រាលកំរាលថ្មើជើង ការសម្អាត ការតុបតែងការតភ្លើង និងការលាបថ្នាំជាដើម ហើយការងារនេះនឹងបញ្ចប់នៅ ៣សប្តាហ៍ទៀត។

មែនទែនទៅ ចំពោះការបង្កើតស្ពានអាកាសថ្មើរជើង គឺក្នុងគោលបំណងដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព ដោយមិនចាំបារម្ភ និងមានការប្រឈមគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុឡើយ។ មិនតែប៉ុណ្ណោះ បន្ទាប់ពីសាងសង់រួច ស្ពានអាកាសថ្មើរជើង នេះនឹងជួយបង្កើនសោភ័ណ្ឌភាព និងនាំមកនូវភាពស៊ីវិល័យ ដល់អ្នកដែលរស់នៅតំបន់នោះផងដែរ។

គួរបញ្ជាក់ឲ្យដឹង តាមរយៈការបង្ហើបរបស់ លោកអភិបាល ឃួង ស្រេង ក៏បានឲ្យដឹងថា ក្នុងរាជធានីភ្នំពេញ ក៏នឹងត្រៀមរៀបចំហេដ្ឋារចនាសម្ព័ន្ធ ស្ពានអាកាសថ្មើរជើងចំនួន ២៥ កន្លែងផ្សេងទៀត ក្នុងពេលឆាប់ៗ ខាងមុខនេះ។ ខណៈបច្ចុប្បន្ន មាន ៣ កន្លែងសាងសង់រួចរាល់ រួមមានដូចជារួមមាន ៖ នៅតំបន់ជម្ពូវ័ន្ត ខណ្ឌពោធិសែនជ័យ មានចំនួន ២ កន្លែង និងនៅតំបន់ភ្លើងស្តុបនាងគង្ហីង និង ២កន្លែងកំពុងនឹងត្រូវសាងសង់គឺត្រង់ចំណុចផ្សារដើមគរ និងត្រង់មុខសាលាបឋមសិក្សាសន្ធរម៉ុក៕

អត្ថបទដោយ៖ ស្រីពេជ្រ