ស្ពានអាកាស និងផ្លូវក្រោមដីត្រង់រង្វង់មូលចោមចៅ សម្រេចការស្ថាបនាបានជាង ៤០ ភាគរយ ខណៈគ្រោងសាងសង់ឲ្យរួចរាល់ក្នុងឆ្នាំ ២០២១

បន្ទាប់ពីចាប់ដំណើរការសាងសង់អស់រយៈពេលជិត ២ ឆ្នាំ ពេលនេះ គម្រោងស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីត្រង់រង្វង់មូលចោមចៅ សម្រេចបានជាង ៤០ ភាគរយហើយ ខណៈគ្រោងស្ថាបនាឲ្យរួចរាល់នៅចុងឆ្នាំ២០២១ ខាងមុខ ។ នេះបើយោងទៅតាមមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។

យោងតាមប្រសាសន៍របស់លោក លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ថ្វីបើពេលនេះរដូវវស្សាបានឈានចូលមកដល់ដែលធ្វើឲ្យមានការលំបាកខ្លះដល់ដំណើរការសាងសង់បន្ដិចក្ដី តែវាមិនមានការរាំងស្ទះដល់ការសាង់សង់នោះទេ ព្រោះខាងមន្ទីរបានសហការយ៉ាងយកចិត្តទុកដាក់ជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើយ៉ាងណាឲ្យការងាររួចរាល់ទៅតាមផែនការ។

លោកក៏បានបន្ដថា  សំណង់ស្ពានថ្នល់នៅផ្លូវបំបែកចោមចៅផ្នែកផ្លូវក្រោមដីសាងសង់ជិតរួចរាល់ហើយ ដូចជាអាងក្រោមដីចំនួន២ ផ្លូវក្រោមដីចំនួន២ និងការពង្រីកផ្លូវសងខាងនៅត្រង់ចំណុចគម្រោងជាដើម ខណៈនឹងស្ថាបនារួចរាល់នៅចុងខែកក្កដាខាងមុខនេះ។

ចំពោះ ផ្លូវក្រោមដី នេះផងដែរ គឺជាផ្លូវកោងតភ្ជាប់ចរាចរណ៍ពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៤ មានប្រវែងសរុប ១៣០ម៉ែត្រ មានទទឹង ៨,៥ម៉ែត្រ ចំណែកផ្លូវក្រោមដីមួយទៀត  ជាផ្លូវតភ្ជាប់ចរាចរណ៍ពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៊ី ដែលមានប្រវែងសរុប ៤៧០ម៉ែត្រ មានទទឹង៨,៥ម៉ែត្រ។

សម្រាប់គម្រោងនេះ នឹងមានស្ពានអាកាសចំនួន៣ខ្សែបន្ថែមទៀត ដែលមានស្ពានអាកាសមេទី១ តភ្ជាប់ចរាចរណ៍ពីមហាវិថីសហព័ន្ធរុស្ស៊ី និងផ្លូវជាតិលេខ៣ ដោយមានប្រវែងសរុប៤០៨ ម៉ែត្រ ទទឹង១៥,៨ម៉ែត្រ មានចរាចរចំនួនពីរគន្លងទៅ និងចំនួនពីរគន្លងមក។

ស្ពានអាកាសទី២ គឺបំបែកចេញពីស្ពានអាកាសមេទី១ បត់ឆ្វេងតភ្ជាប់ចរាចរណ៍ពីមហាវិថីសហព័ន្ធរុស្ស៊ីឆ្ពោះទៅផ្លូវវេងស្រេង សម្រាប់តែចរាចរណ៍មួយទិសប៉ុណ្ណះ ដោយមួយគន្លងសម្រាប់ថយន្ត និងមួយគន្លងទោចក្រយានយន្ត មានប្រវែងសរុប២០២ម៉ែត្រ និងមានទទឹង៥,២៥ម៉ែត្រ។  ចំណែកស្ពានទី៣ ជាស្ពានកោងបត់ឆ្វេងតភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ២០៦ម៉ែត្រ មានទទឹង៥,២៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។

សូមបញ្ជាក់ សំណង់ស្ពានថ្នល់នៅផ្លូវបំបែកចោមចៅ ត្រូវបានបើកការដ្ឋានសាងសង់កាលឆ្នាំ ២០១៨ និងគ្រោងចំណាយថវិកាប្រមាណ ២២ លានដុល្លាអាមេរិក។ ហើយបច្ចុប្បន្ននេះ ក្រុមហ៊ុនម៉ៅការ OCIC របស់លោកឧកញ៉ា ពង់ ឃែវសែ ក៏កំពុងមមាញឹកក្នុងការស្ថាបនាគម្រោងនេះយ៉ាងយកចិត្តទុកដាក់ និងធ្វើយ៉ាងណាឲ្យសម្រេចបានទៅតាមផែនការដែលបានគ្រោងទុក ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើចរាចរណ៍ ពិសេសកាត់បន្ថយការកកស្ទះចរាចរណ៍ នៅតំបន់នោះផងដែរ៕

ដោយ៖ ស្រីពេជ្រ