ហេតុដូចម្ដេចបានអាជីវកម្មខ្លះជោគជ័យ ខ្លះទៀតបរាជ័យ?

ការចាប់ផ្ដើមអាជីវកម្ម ឬការចាប់ផ្ដើមរកស៊ីអ្វីមួយ មិនត្រូវពឹងលើព្រេងវាសនា ឬសំណាងឡើយ តែត្រូវពឹងលើសមត្ថភាព និងចំណេះដឹងរបស់ខ្លួនឯង​ និងមនុស្សដែលនៅជុំវិញខ្លួន។ ប្រទេសកម្ពុជា នារយៈកាល១ទសវត្សរ៍ចុងក្រោយនេះ គឺទទួលបាននូវផ្លែផ្កាយ៉ាងច្រើនពីកំណើនសេដ្ឋកិច្ច និងការរីកផុសផុលនៃសហគ្រាសធុនតូចន និងមធ្យម ជាច្រើន។ ប៉ុន្ដែក៏មានមិនតិចដែរ អាជីវកម្មដែលទទួលរងនូវការបរាជ័យ និងបិទទ្វាទៅវិញជាបន្ដបន្ទាប់។

សំនួរសួរថា តើមកពីហេតុអ្វី?

១. ចាប់ផ្ដើមបោះទុនទាំងបង្ខំ និងធ្វើដោយគ្មានគោលការណ៍ត្រឹមត្រូវ៖

ការគិតភ្លាមធ្វើភ្លែត គ្មានគោលការណ៍ គ្មានការសិក្សាទីផ្សារត្រឹមត្រូវ វាជៀសមិនផុតពីការបរាជ័យទេ។ ចូរកុំប្រើចំណង់របស់អ្នកមកធ្វើការសម្រេចចិត្ត តែត្រូវប្រើគោលការណ៍ និងការវិភាគលំអិតលើទីផ្សារ និងឱកាសក្នុងការចូលក្នុងទីផ្សារ។ ម៉្យាងវិញទៀត ការធ្វើអាជីវកម្មជាលក្ខណៈគ្រួសារ មិនអចឲ្យអ្នកទៅបានឆ្ងាយនោះទេ។

២. មានទុនមិនគ្រប់គ្រាន់៖

ដើមទុនគឺជារឿងសំខាន់បំផុត។ អ្នកមិនអាចចាប់ផ្ដើមអាជីវកម្មមួយដោយគ្មាន ទុនគំនិត ធនធានមនុស្ស និងប្រាក់វិនិយោគនោះទេ។ ការវិនិយោគដែលល្អ គឺតែងមានទុនបម្រុងដែលអាចឲ្យអាជីវកម្មមួយមានភាពនឹងនរបានយ៉ាងហោចណាស់ក៏៦ខែ ទៅ១២ខែដែរ។

៣. ប្រព័ន្ធគ្រប់គ្រងក្រុមហ៊ុនមិនល្អ៖

ប្រសិនបើនៅក្នុងរចនាសម្ព័ន្ធនៅក្នុងក្រុមហ៊ុនមានភាពមិនច្បាស់លាស់ និងរញ៉េរញ៉ៃខ្លាំង នោះអ្នកមិនចាំបាច់ឆ្ងល់នោះទេ ថាហេតុអ្វីបានជាអាជីវកម្មរបស់អ្នកបរាជ័យ?

៤. កង្វះខាតភាពអត់ធ្មត់របស់ម្ចាស់អាជីវកម្ម ឬអ្នកដឹកនាំ៖

ការអត់ធ្មត់ មិនត្រឹមតែធ្វើឲ្យអ្នកសម្រេចបានគោលដៅនោះទេ តែវានឹងអាចធ្វើឲ្យអ្នកសម្រេចបានគោលដៅដែលអស្ចារ្យទៀតផង។ ចាប់ផ្ដើមធ្វើការងាររបស់អ្នកប្រកបដោយថាមពល និងក្ដីសង្ឃឹម នោះអ្វីៗដែលប៉ងប្រាថ្នា នឹងក្លាយជាការពិត។

៥. បុគ្គលិកមិនស្មោះត្រង់ ខ្វះចំណេះដឹង និងខ្វះឆន្ទៈ៖

បុគ្គលិក គឺជាចលករសំខាន់នៅក្នុងការធ្វើឲ្យគោលដៅរបស់ក្រុមហ៊ុនទទួលបាននូវភាពជោគជ័យ។ ប៉ុន្ដែ ការសម្រេចបានលុះត្រាតែមានបុគ្គលិកដែលជាធនធានមនុស្សពិតប្រាកដ។ វាជានាទីរបស់ថ្នាក់ដឹកនាំ ដែលត្រូវជ្រើសរើសមនុស្សដែលពូកែជាងខ្លួនមកធ្វើការឲ្យ៕

ខ្ញុំមិនដឹងថាអត្ថបទមួយនេះ នឹងត្រូវបានជនអសមត្ថភាព និងស្ថាប័នខិតខូចដែលរស់ដោយសារតែអត្ថបទគេ ចម្លង និងកែច្នៃយកទៅប្រើបម្រើប្រយោជន៍ផ្ទាល់ខ្លួនយ៉ាងដូចម្ដេចទៀតនោះទេ ប៉ុន្ដែយ៉ាងហោចណាស់ ក៏ពួកគេទាំងនោះបានអាន និងរៀនសូត្រតាមរយៈអត្ថបទនេះដែរ។ ខ្ញុំសង្ឃឹមថា ថ្ងៃណាមួយ ពួកគេនឹងយល់ពីតម្លៃនៃការតែងនិពន្ធយ៉ាងពិតប្រាកដ!

អត្ថបទដោយ៖ ឡាយ ឧត្ដម