ហេតុអ្វីបានជា ក្រុមហ៊ុនពាណិជ្ជកម្មបច្ចេកវិទ្យាធំៗអាចដំណើរការទៅបានទោះបីជាស្ថិតក្នុងស្ថានភាពវិបត្តិសេដ្ឋកិច្ច ?

រាល់គ្រប់បណ្ដាប្រទេសទាំងអស់គឺតែងតែជួបប្រទះនូវបញ្ហាវិបត្តិសេដ្ឋកិច្ចដោយជៀសមិនផុតឡើយមិនថាប្រទេសនោះជាប្រទេសអភិវឌ្ឍន៍ ឬក៏កំពុងអភិវឌ្ឍន៍នោះទេ គឺវាអាស្រ័យលើបញ្ហាជាក់ស្ដែងដែលបានកើតឡើង។ យ៉ាងណាមិញ នាពេលថ្មីៗនេះអ្នកសេដ្ឋកិច្ចក៏បាននិយាយថា សហរដ្ឋអាមេរិចដែលជាប្រទេសមហាអំណាចក៏ជួបវិបត្តិនេះតាំងពីដើមខែកុម្ភះ ហើយក៏ធ្វើឲ្យក្រុមហ៊ុនអេឡិចត្រូនិចមួយចំនួនមានការធ្លាក់ចុះនូវការលក់យ៉ាងខ្លាំងរាល់គ្រប់ផលិតផលរបស់ពួកគេ ដោយ​សារ​តែអតិថិជនមានភាពខ្វះខាតខាងផ្នែកហិរញ្ញវត្ថុ។ ប៉ុន្ដែដោយតាមរយៈការអនុវត្តយុទ្ធសាស្ត្រមួយចំនួនក៏ធ្វើឲ្យពួកគេអាចកាត់បន្ថយហានិភ័យមួយនេះបាន និងពង្រឹងការលក់ដោយទទួលបានជោគជ័យ ។ តោះឥឡូវយើងសាកងាកទៅមើលថា តើយុទ្ធសាស្ដ្ររបស់ពួកគេមានអ្វីខ្លះ?

១. បង្កើត Brandមួយឲ្យរឹងមាំដោយផ្អែកលើយុទ្ធសាស្ដ្រទីផ្សារ

ម៉ាក យីហោ (Brand) វាគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ក្រុមហ៊ុនមួយ ហើយក្រុមហ៊ុនដែលអាចបន្ដដំណើរការបានល្អក្នុងពេលមានវិបត្តិសេដ្ឋកិច្ចគឺជាក្រុមហ៊ុនដែលមានសមត្ថភាព និងមានភាពរឹងមាំផ្នែកហិរញ្ញវត្ថុ ដែលអាចបង្ហាញថាមានប្រជាប្រិយភាពខ្លាំងជាងដៃគូរប្រកួតប្រជែងរបស់ខ្លួន។ សម្រាប់ក្រុមហ៊ុនអេឡិចត្រូនិច គឺគេមិនដែលមើលរំលងដៃគូរប្រកួតប្រជែងរបស់ខ្លួនទេ។ ពួកគេតែងតែយកចិត្តទុកដាក់ទៅលើអតិថិជន និងណែនាំផលិតផលរបស់ខ្លួន មិនថាតម្លៃឬគុណភាពរបស់ផលិតផលនោះទេ។

២. ស្វែងរកមធ្យោបាយផ្សេងៗដើម្បីផ្ដល់គុណតម្លៃទៅកាន់អតិថិជនឲ្យបានសមរម្យ

តាមការស្រាវជ្រាវបានបង្ហាញថា អតិថិជនប្រមាណជាង ៧០% ពួកគេបានចាប់ផ្ដើមកែប្រែទម្លាប់ក្នុងការប្រើប្រាស់ហិរញ្ញវត្ថុរបស់ពួកគេ។ កំឡុងពេលដែលពួកគេទទួលបានប្រាក់ចំណូលទាប អ្នកគួរតែធ្វើការផ្ដល់ជូនការលក់នៅក្នុងតម្លៃពិសេស ឬការបញ្ចុះតម្លៃ អ្នកក៏អាចពិចារណាក្នុងការលើកលែងទៅលើថ្លៃដឹកជញ្ជូនផងដែរ និងការទទួលបានប្រាក់រង្វាន់ជាមួយនឹងការទិញផលិតផល ទាំងនេះអាចជួយឲ្យអតិថិជនងាកមកចាប់អារម្មណ៍នឹងផលិតផលរបស់អ្នក។

៣. ការកាត់បន្ថយការចំណាយ និងពង្រឹងការលក់ដែលផ្តោតលើគុណភាព

ក្រុមហ៊ុនអេឡិចត្រូនិចតែងតែផ្តោតសំខាន់ទៅលើអនាគតរបស់ក្រុមហ៊ុន ដូចច្នេះរាល់ការចំណាយរបស់ក្រុមហ៊ុនគឺចាំបាច់បំផុតសម្រាប់ពួកគេ។ ការចំណាយលើចំនួនស្ដុកផលិតផល ការចំណាយទៅលើការជួលបុគ្គលិកពេញម៉ោង ជាពិសេសថ្លៃឈ្នួលទៅលើផ្ទាំងផ្សាយពាណិជ្ជកម្ម។ ក្រុមហ៊ុនអេឡិចត្រូនិចគឺយកចិត្តទុកដាក់ទៅលើអតិថិជនចាស់ៗជាជាងអតិថិជនថ្មីៗ ព្រោះពួកគេគិតថាការស្វែង​រកអតិថិជនថ្មីមានភាពលំបាកជាងក្នុងការថែរក្សារអតិថិជនចាស់ឲ្យនៅដដែល ហើយក្រុមហ៊ុនអេឡិចត្រូនិចមិនត្រូវការភ្នាក់ងារលក់ខាងក្រៅនោះទេ គឺត្រូវការតែបុគ្គលិកលក់ឯករាជ្យតែប៉ុណ្ណោះ អ្វីដែលសំខាន់គឺពួកគេត្រូវតែប្រាកដថារាល់ផលិតផលរបស់ពួកគេសុទ្ធតែមានគុណភាពល្អសម្រាប់អតិថិជន។

ការដែលអាចធ្វើឲ្យក្រុមហ៊ុនអេឡិចត្រូនិចរបស់អ្នកអាចដំណើរការទៅមុខបាននៅពេលដែលមានវិបត្តិសេដ្ឋកិច្ច អ្នកគួរតែយកចិត្តទុកដាក់ទៅលើប៉ុន្មានចំណុចខាងលើជាមុនសិន ព្រោះការយល់ច្បាស់ពីយុទ្ធសាស្ត្រទីផ្សារវាពិតជាសំខាន់ណាស់ ហើយការសិក្សាទៅលើគុណភាពផលិតផលក៏ជាកត្ដាចម្បងមួយដែរ ចំណែកឯការស្វែងយល់ពីកម្រិតជីវភាពរបស់អតិថិជនក៏សំខាន់ផងដែរ ដើម្បីឲ្យក្រុមហ៊ុនរបស់យើងអាចដំណើរការទៅមុខបានយូរអង្វែង។

អត្ថបទដោយ  ៖ វ៉ាន់ ចន្ថា