ហេតុអ្វីបានប្រាក់មិនមែនជារបស់ដែលចាំបាច់បំផុតនៅក្នុងជីវិតរបស់អ្នក?

នៅពេលដែលយើងនិយាយអំពីអត្ថប្រយោជន៍របស់ប្រាក់ ប្រាកដជាមានមនុស្សជាច្រើននិយាយថាប្រាក់មិនអាចទិញសុភមង្គលបានទេ។ ប៉ុន្ដែក៏មានមនុស្សមួយចំនួនទៀតនិយាយថាបើសិនជាមិនមានប្រាក់ក៏មិនមានសុភមង្គលដែរ។ មតិទាំងពីរសុទ្ធតែត្រឹមត្រូវយើងមិនអាចនិយាយបានថាមតិមួយណាខុសទេ ប៉ុន្ដែសម្រាប់មនុស្សភាគច្រើនពួកគេបានបកស្រាយថាបើគ្មានប្រាក់អ្នកក៏គ្មានអ្វីគ្រប់យ៉ាងដែរ ជាក់ស្ដែងយើងទាំងអស់គ្នា្តគឺត្រូវការប្រាក់សម្រាប់ធ្វើអ្វីៗគ្រប់យ៉ាងដូចជា ការបំពេញតម្រូវការមូលដ្ឋានដែរចាំបាច់សម្រាប់ការរស់រានមានជីវិត រហូតដល់អាចធ្វើឲ្យក្ដីសុបិន្ដរបស់យើងក្លាយជាការពិតទៀតផង។

តែការរកប្រាក់តែមួយមុខមិនមែនជាគោលដៅតែមួយគត់របស់ជីវិតអ្នកនោះទេ ព្រោះមានតម្រូវការជាច្រើនទៀតដែលធ្វើឲ្យជីវិតរបស់អ្នកមានន័យ។ ចម្លើយខាងក្រោមនឹងអាចឆ្លើយប្រាប់អ្នកណាថាហេតុអ្វីបានជាប្រាក់មិនមែនជាគោលដៅតែមួយគត់នៅក្នុងជីវិតរបស់អ្នក ៖

ប្រាក់មិនអាចទិញសុខភាពបាន៖ យើងត្រូវការប្រាក់ដើម្បីសម្រេចគោលបំណងរបស់យើងជាច្រើនឲ្យវាក្លាយជាការពិត មិនថាគោលបំណងនោះជាប្រភេទ អចលនទ្រព្យ សម្ភារៈទំនិញ ឬការធ្វើដំណើរកំសាន្ដទូទាំងពិភពលោកទេ។ ប្រាក់នឹងក្លាយជាកត្ដាដែលចាំបាច់បំផុតក្នុងការធ្វើឲ្យវាក្លាយជាការពិត។ ប៉ុន្ដែអ្នកមិនគួរផ្ដោតតែទៅលើការរកប្រាក់រហូតដល់ភ្លេចគិតដល់សុខភាពរបស់អ្នកទេ ។ បើសិនជាអ្នកឈឺអ្នកអាចទៅមន្ទីពេទ្យដើម្បីសម្រាកព្យាបាលបាន តែអ្នកមិនអាចយកប្រាក់ដែលបានរក ទិញយកសុខភាពរបស់អ្នកឲ្យល្អដូចដើមបានទេ ។

ជីវិតរបស់អ្នកខ្លីណាស់៖ ទោះបីជាអ្នកខំប្រឹងឲ្យអស់ពីសមត្ថភាពក្នុងការរកប្រាក់យ៉ាងណាក៏ដោយ ក៏អ្នកមិនអាចយកប្រាក់ទាំងនោះធ្វើឲ្យជីវិតរបស់អ្នកអាចរស់នៅបានយូរអង្វែងនោះដែរ ។ អ្នកគួរតែកាត់បន្ថយពេលវេលាចំនួនពីការធ្វើការងារ ការរកស៊ី ការធ្វើជំនួញរបស់អ្នក មកចំណាយពេលឲ្យខ្លួនរបស់អ្នកបានសម្រាកនិងទទួលបានសុភមង្គលខ្លះ ដូចជាការជួបជុំគ្រួសារ មិត្តភក្ដិ និងនៅក្បែមនុស្សជាទីស្រលាញ់របស់អ្នកឲ្យបានច្រើន ។

ជាចុងក្រោយ យើងអាចដឹងថាប្រាក់វាមិនមែនជាអ្វីដែលចាំបាច់បំផុតនៅក្នុងជីវិតយើងនោះទេព្រោះនៅក្នុងជីវិតរបស់យើងមានអ្វីដែលសំខាន់ជាងប្រាក់ទៅទៀតដែលយើងមិនអាចខ្វះបាន នោះគឺសុខភាព និងអាយុជីវិតរបស់យើង។ ទោះបីជាយើងយកប្រាក់ទាំងអស់ដែលយើងរកបានទៅទិញសុខភាព និងអាយុជីវិតរបស់យើងក៏មិនបានដែរ។ ដូច្នេះអ្នកគួរតែចេះថែរក្សាសុខភាពរបស់អ្នកឲ្យបានល្អទើបអ្នកមានឱកាសក្នុងការប្រើប្រាស់ប្រាក់ទាំងនោះ៕

ដោយ  ៖ វ៉ាន់ ចន្ថា