ហេតុអ្វីយើងត្រូវរៀនពីភាពបរាជ័យរបស់អ្នកដទៃ?

ពេលខ្លះជីវិត គឺវាពិតជាសំខាន់ណាស់ដែលយើងត្រូវតែបរាជ័យ មុននឹងទទួលបាននូវភាពជោគជ័យ។ ការបរាជ័យ វាជាជំហានដែលនាំអ្នកទៅស្វែងរកអ្វីថ្មី និងកាន់តែល្អប្រសើរជាងមុន លើកលែងតែអ្នកព្រមបោះបង់វាចោលដោយងាយៗ។ ខាងក្រោមនេះជាមេរៀនដែលអ្នកអាចរៀនសត្រពីភាពបរាជ័យរបស់អ្នក និងអ្នកដទៃ៖

 ១. ទទួលបានបទពិសោធន៍ដែលអ្នកដទៃគ្មាន ហើយអ្នកក៏មិនមាន

មេរៀនទី១ ដែលអ្នកនឹងទទួលបានគឺបទពិសោធន៍ដែលអ្នកមិនធ្លាប់មាន។ នៅពេលដែលនរណាម្នក់បានដើរចូលទៅក្នុងរណ្ដៅនៃភាពបរាជ័យ ហើយពួកគេអាចងើបមកវិញបាន នោះវាជាមេរៀនដ៏មានតម្លៃដែលអ្នកមិនអាចរំលងបានឡើយ។ ព្រោះអ្នកនឹងយល់បានកាន់តែស៊ីជម្រៅពីជីវិត ឧបសគ្គ និងដំណោះស្រាយ។​

២. ទទួលបាននូវចំណេះដឹងថ្មី

គ្មានអ្វីដែលអាចមកជំនួសចំណេះដឹងដែលបានមកពីមេរៀននៃភាពបរាជ័យនេះទេ ពោលគឺវានឹងដិតដាបជាប់ក្នុងដួងចិត្តរបស់អ្នកជារៀងរហូត។ ជាក់ស្ដែង លោក Thomas Edison ដែលលោកបានអះអាងថា​ លោកបរាជ័យ១០,០០០ដង នៅក្នុងការបង្កើតអំពូលភ្លើង។ លោកធ្វើការពិសោធន៍ម្ដងហើយម្ដងទៀត បរាជ័យម្ដងហើយម្ដងទៀត ផ្ទុយទៅវិញ ចំណេះដឹងរបស់លោកក៏មានការកើនឡើងពីមួយ១ រហូតដល់១០,០០០ដងដែរ។

៣. អ្នកនឹងទទួលបាននូវគុណតម្លៃមួយយ៉ាងប្រសើរបំផុត

មេរៀនមួយដែលសំខាន់បំផុត ដែលអ្នកអាចរៀនពីភាពបរាជ័យរបស់អ្នក នោះគឺភាពសំខាន់នៃសេចក្ដីព្យាយាម ការខិតខំប្រឹងប្រែង និងគុណប្រយោជន៍នៃការមិនបោះបង់ រួមទាំងការឲ្យតម្លៃលើកិច្ចការងារដែលខ្លួនខិតខំប្រឹងប្រែង។ ជាការពិត ការឲ្យតម្លៃលើកិច្ចការដែលខ្លួនធ្វើ វាជាបេះដូងនៃភាពជោគជ័យ ប្រសិនខ្វះការស្រឡាញ់ ពេញចិត្ដនឹងអ្វីដែលខ្លួនធ្វើ នោះភាពបរាជ័យគឺនៅមិនឆ្ងាយពីអ្នកនោះទេ។  ជារួមមក មនុស្សត្រូវសិក្សារៀនសូត្រពីភាពបរាជ័យរបស់ខ្លួនឯង និងអ្នកដទៃឲ្យបានច្រើនតាមដែលអាចធ្វើបាន៕

អត្ថបទដោយ៖ ឡាយ ឧត្ដម