ហេតុអ្វីអ្នកចាប់ផ្ដើមអាជីវកម្មគួរមានការគាំទ្រពីក្រុមគ្រួសារ?

Jeff Bezos គឺជាកំពូលអ្នកមាននៅក្នុងលោក ដែលពេលនេះលោកមានទ្រព្យសម្បត្ដិសុទ្ធច្រើនជាង១៤៥.៤ពាន់លានដុល្លារអាមេរិក នេះបើតាមការចុះផ្សាយរបស់ទស្សនវដ្ដី Forbes។ ​​​

“ខ្ញុំពិតជាមានអារម្មណ៍ថា ខ្ញុំដូចជាត្រូវឆ្នោតរង្វាន់ធំអញ្ចឹង” លោកបាននិយាយនៅកាលពីវេទិការភាពជាអ្នកដឹកនាំ Bush នៅក្នុងឆ្នាំ២០១៨។ លោកបាននិយាយបន្ថែមថា “រង្វាន់ធំដែលខ្ញុំឈ្នះនោះគឺ ខ្ញុំទទួលបាន Amazon”

“រង្វាន់មួយទៀតដែលខ្ញុំឈ្នះ នោះគឺការជួយពីក្រុមគ្រួសារនៅក្នុងការបង្កើត Amazon” បើទោះបីជា ឪពុកម្ដាយរបស់ Bezos បានលែងលះគ្នា តាំងតែពីលោកនៅវ័យក្មេងក៏ដោយ ក៏លោកនៅតែទទួលបាននូវការជួយទំនុកបម្រុងពីឪពុក និងម្ដាយ។ លោក Bezos បាននិយាយថា ឪពុករបស់លោកដែលមានឈ្មោះថា Mike Bezos គឺជាជនភាសខ្លួនគុយបា។ គាត់មកទឹកដីសហរដ្ឋអាមេរិកនៅពេលដែលគាត់មានវ័យត្រឹមតែ១៦ឆ្នាំ និងមិនចេះភាសាអង់គ្លេសសូម្បី១ម៉ាត់ ដែលលោកBezos បាននិយាយថា គាត់គឺជាមនុស្សអស្ចារ្យណាស់។

ឪពុកម្ដាយរបស់ Bezos ពិតជាមានការជឿជាក់លើ Bezos ព្រមទាំងផ្ដល់ទុនវិនិយោគចំនួន ២៤៥,៥៧៣$ ដល់Bezos ក្នុងការចាប់ផ្ដើមក្រុមហ៊ុន Amazon នៅក្នុងឆ្នាំ១៩៩៥។ លោក Bezos បាននិយាយថា តើនេះមិនមែនជាសំណាងរបស់ខ្ញុំទេមែនទេ?

លោក Mark Zuckerberg ក៏ធ្លាប់បាននិយាយថា លោកក៏ធ្លាប់ទទួលបានជំនួយពីក្រុមគ្រួសារ និងអ្នកផ្សេងទៀត ដែលអាចឲ្យលោកមានលទ្ធភាពក្នុងការបើកក្រុមហ៊ុនយក្ស Facebook ដែរ។ បើគ្មានជំនួយ និងការលើកទឹកចិត្តទាំងអស់នោះទេ ពេលនេះប្រហែលជាគ្មានក្រុមហ៊ុន Facebook នោះទេ។

ជាការពិតណាស់ ជំនួយពីក្រុមគ្រួសារ វាជាជំនួយដែលអាចទុកចិត្តបានល្អជាងគេ​ និងប្រើប្រាស់ដោយគ្មានហានិភ័យ។ ប្រសិនបើអ្នកជាមនុស្សដែលបើកអាជីវកម្មដំបូង អ្នកគួរតែស្វែងរកការគាំទ្រពីក្រុមគ្រួសារជាចាំបាច់ ព្រោះថាអាជីវកម្មដំបូងភាគរយនៃការបរាជ័យគឺធំណាស់ បើអ្នកមិនមានគោលជំហររឹងមាំ និងកម្លាំងចិត្តគ្រប់គ្រាន់នៅក្នុងការវាយបំបាក់ភាពភ័យខ្លាច និងឧបសគ្គដែលអ្នកនឹងជួបនៅពេលខាងមុខនោះទេ នោះអ្នកនឹងធ្លាក់ចូលទៅក្នុងរណ្ដៅនៃការភាពបរាជ័យ ងើបមិនរួចជាមិនខាន។ អ្នកដែលអាចជួយអ្នកបាន គឺមានតែក្រុមគ្រួសាររបស់អ្នក និងមនុស្សជាទីស្រឡាញ់របស់អ្នក ដើម្បីជាកម្លាំងចិត្ត។ ធ្វើអាជីវកម្ម អ្វីដែលសំខាន់បំផុតនោះគឺ កម្លាំងចិត្ត មិនមែនទុនវិនិយោគនោះទេ៕

អត្ថបទដោយ៖ ឡា​យ ឧត្ដម