អភិបាលខេត្តសៀមរាប៖ បារាំងបង្ហាញគម្រោងចំនួន ២ សម្រាប់ស្ដារវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប

ដើម្បីជាការគាំទ្រដល់ កម្ពុជា ក្នុងកំឡុងវិបត្តិ កូវីដ ១៩ ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​នៅ​កម្ពុជា​បានបង្ហាញ​ពីគម្រោង​ចំនួន ​២​ សម្រាប់​ការស្ដារ​វិស័យ​ទេសចរណ៍ ​និង​ប្រព័ន្ធធារាសាស្ត្រ​ក្នុង​ខេត្តសៀមរាប​។ នេះបើតាមការគូសបញ្ជាក់របស់ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប។

​យ៉ាងណាមិញ គម្រោងទាំង ២ នេះ ត្រូវបានលើកឡើងយកមកបង្ហាញក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាបជាមួយ ​លោកស្រី Eva NguyenBinh ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​នៅ​កម្ពុជា នាថ្ងៃទី​ ១០​ ខែ កក្កដា ឆ្នាំ​ ២០២០ កន្លងទៅ។

​តាមរយៈ លោកអភិបាលខេត្ត​សៀមរាប​ ក៏បាន​ឲ្យដឹងថា​គម្រោង​ចំនួន ​២ ​សម្រាប់​ការស្ដារ​វិស័យ​ទេសចរណ៍​ និង​ប្រព័ន្ធធារាសាស្ត្រ​ រួមមានដូចជា៖ ​ទី​១.​គម្រោង​ពុ​យ​ទី​ហ្វូ​គឺជា​ការស្ដារ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​ឱ្យ​កាន់​តែមាន​ទាក់ទាញ​លើ​ឆាក​អន្តរជាតិ​។ ខណៈ​គម្រោង​នេះ ជួបពិភាក្សា​ម្ដង​រួចមក កាលពី​ថ្ងៃទី​២០ ខែឧសភា កន្លងទៅ​ថ្មីៗ​នេះ រវាង​លោក​ង៉ាន់​ភិ​រុណ​អភិបាលរង​ខេត្ត​និង​ម្ចាស់​គម្រោង​។​ ដើម្បី​សិក្សា​ពី​លទ្ធភាព​និង​ធ្វើការ​សន្និដ្ឋាន​នាពេល​ឆាប់​នេះ​។​

ស្របពេលជាមួយគ្នានេះ គម្រោងទី​ ២ គឺផ្ដោតលើ​ប្រព័ន្ធធារាសាស្ត្រ​មានឈ្មោះ​ថា​”​សៀមរាប​ទឹក​សម្រាប់​ទាំងអស់គ្នា​”​ដែលមាន​ទីតាំង​ក្នុងស្រុក​ពួក និង​គាំទ្រ​ដោយ ទី​ភា្ន​ក់​ងារ​បារាំង សម្រាប់​ការអភិវឌ្ឍ (AFD)​។​គម្រោង​នេះ នឹង​គ្រប់គ្រង​លើ​ធនធានទឹក​ចម្រុះ​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប​មានទឹក​ប្រើប្រាស់​ទាំងអស់គ្នា​ដែលមាន​គុណប្រយោជន៍​ដល់​អាជ្ញាធរ​ជាតិ​អប្សរា​។​

​ជាចុងក្រោយ លោក​អភិបាលខេត្ត​បាន​ថ្លែងអំណរគុណ​ចំពោះ​ការគាំទ្រ​ និង​កិច្ចសហប្រតិបត្តិការ​ល្អ​របស់​ប្រទេស​បារាំង ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​ក្នុង​កាលៈទេសៈ​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​តេ​ជោ​ហ៊ុនសែន​ជា​នាយករដ្ឋមន្ត្រី​បាន​ណែនាំ​ដល់​បណ្ដា​រដ្ឋបាល​រាជធានី​ខេត្ត​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ធ្វើ​អត្តសញ្ញាណ​កម្ម​ជនក្រីក្រ​ពិតប្រាកដ​ដែល​កំពុងរ​ង​ផលប៉ះពាល់​ដោយសារ​វិបត្តិ​ជំងឺ ​កូ​វីដ​ ១៩​។

សូមបញ្ជាក់ បើ​ទោះបី​ប្រទេស​កម្ពុជា​កំពុង​រង​ផលប៉ះពាល់​ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​១៩​ ក៏ប៉ុន្ដែប្រទេស​បារាំង​នៅតែ​បន្ត​គាំទ្រ​ និង​សហការ​ជាមួយ​ប្រទេស​កម្ពុជា​ក៏​ដូច​រដ្ឋបាល​ខេត្តសៀមរាប​លើ​គម្រោង​នានា​សម្រាប់ពេល​អនាគតផងដែរ​។​ ខណៈ​ ​រដ្ឋបាលខេត្ត សៀមរាប ​ក៏បាននឹងកំពុង​ខិតខំ​ប្រឹងប្រែង​ប្រែក្លាយ​ពេលវេលា​ដ៏​លំបាក​នេះ​ទៅជា​ការអភិវឌ្ឍ​ជាពិសេស​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ក្រុង​សម្រាប់​ទទួលភ្ញៀវ​ទេសច​រ​បន្ទាប់​ជំងឺ​ កូ​វីដ ​១៩​ នេះ​៕

ដោយ៖ ស្រីពេជ្រ