អភិបាលរងខេត្តសៀមរាប៖ ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មីនឹងទទួលបានភ្ញៀវទេសចរប្រមាណ ៩លាននាក់

បន្ទាប់ពីសាងសង់រួចជាស្ថាពរ និងដាក់ដំណើរការឲ្យប្រើប្រាស់នៅក្នុងឆ្នាំ ២០២៣ ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មី  នឹងរំពឹងថាអាចទទួលបានភ្ងៀវទេសចរប្រមាណ ៩ លាននាក់។ នេះបើតាមការអះអាងរបស់ លោក លី  សំរិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប។

ការលើកឡើងរបស់ អភិបាលរងរូបនេះ ធ្វើឡើង ក្នុងសន្និសីទសារព័ត៌មានស្តីពី«វឌ្ឍនភាព និង ទិសដៅការ ងារ បន្តរបស់រដ្ឋបាលខេត្តសៀមរាប» នាព្រឹកថ្ងៃទី០២ ខែ មិថុនា ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

លោក លី  សំរិទ្ធ បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «យោងតាមផែនការព្រលានយន្តហោះថ្មីនេះនឹងសម្រេចការសាងសង់ឱ្យរួចរាល់នៅឆ្នាំ ២០២៣  ហើយអាចនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការផងដែរ។   នៅពេលដែលដាក់ឱ្យដំណើរការព្រលានយន្ដហោះថ្មីនេះ ខេត្ត សៀមរាប នឹងមានកំណើនទេសចរកើនដល់ប្រមាណ ៩ លាននាក់»។

លោកអភិបាលរងខេត្ដបានបន្ដថា៖ «ព្រលានយន្តហោះក្រុងសៀមរាបថ្មីនេះ គឺសាងសង់អស់រយៈជាង ១ ឆ្នាំមកហើយ និងមានចម្ងាយប្រមាណ ៣០ គីឡូម៉ែត្រស្ថិតនៅភាគខាងកើតក្រុងសៀមរាប។ ដោយសាររាជរដ្ឋាភិបាលយើងអនុញ្ញាតឱ្យមានព្រលានយន្តហោះអន្តរជាតិបែបនេះ និងអាចឱ្យយន្ដហោះចុះចតគ្រប់ប្រភេទបាន ដូច្នេះហើយយើងកាន់តែមានសង្ឃឹមក្នុងការទាក់ទាញភ្ងៀវទេសចរច្រើនជាងមុនឲ្យមកកម្សាន្ដនៅ កម្ពុជា។  ចំពោះព្រលានយន្ដហោះសព្វថ្ងៃនេះគឺពេលខ្លះទទួល ចុះចតមានកម្រិតសម្រាប់តែយន្តហោះ ធុនមធ្យមនោះទេដែលអាចចុះចតបាន ចំណែក ធុនធំមិនអាចចុះបានទេ»។

ដោយឡែក ទិសដៅបន្ត នៅ ក្នុង ឆ្នាំ២០២០នេះ រដ្ឋបាលខេត្ដបានធ្វើការប៉ាន់ប្រមាណ ក្នុង ចក្ខុវិស័យ យ៉ាងទូលំទូលាយ ក្នុងការកំណត់ដំណាក់កាលនីមួយៗ នៃការអភិវឌ្ឍ ស្របតាមការរីកចម្រើនសង្គម ដើម្បីជាការឆ្លើយតបនឹងសំណូមពររបស់ប្រជាពលរដ្ឋក្នុងរក្សាសណ្តាប់ធ្នាប់ សន្តិសុខសង្គម  បរិស្ថានល្អនិងសេចក្តីថ្លៃថ្នូរ ក្នុងការកាត់បន្ថយភាពក្រីក្រផងដែរ។

ទន្ទឹមនឹងនេះ ព្រលានយន្ដហោះថ្មីនេះ បានចាប់ផ្តើមដំណើរការសាងសង់ដំបូង កាលពីថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០២០ ហើយបាននឹងកំពុងសាងសង់យ៉ាងយកចិត្តទុកដាក់ដើម្បីឲ្យត្រូវតាមស្ដង់ដារដែលបានគ្រោងទុក។ បន្ថែមពីនេះ បច្ចុប្បន្នក្នុងប្រទេស កម្ពុជា អាកាសយានដ្ឋាន ដែលកំពុងបើកឲ្យប្រើប្រាស់មាន ៣ កន្លែង គឺនៅទីក្រុងភ្នំពេញ សៀមរាប និងខេត្ត ព្រះសីហនុ។

គួរបញ្ជាក់ផងដែរ ចំពោះទីតាំងនៃគម្រោងព្រលានយន្តហោះនេះស្ថិតនៅទីតាំងនៅជាប់ព្រំប្រទល់ស្រុកចំនួនបី គឺស្រុកសូទ្រនិគម ស្រុកជីក្រែង និង ស្រុកស្វាយលើ ដែលគ្រប់ដណ្តប់លើផ្ទៃដីទំហំ ៧០០ ហិកតា។ គម្រោងនេះនឹង​សាងសង់​តាម ​ស្តង់ដារ​ អាកាសយានដ្ឋានអន្តរជាតិ ដែល​អាច​ប្រតិបត្តិបានជាមួយយន្តហោះ​ខ្នាត​ធំ​។​ រីឯទុនវិនិយោគ មានប្រមាន ៨៨០ លានដុល្លារ ក្នុងដំណាក់កាលសាងសង់លើកទី ១៕

ដោយ៖ ស្រីពេជ្រ