អាកាសយានដ្ឋានអន្តរជាតិកម្ពុជាចំនួន ៣ នៅតែកំពុងបន្ដសាងសង់ព្រមគ្នា បើទោះបីជាមានការរំខានពី កូវីត ១៩ ក៏ដោយ

បើទោះជាបណ្ដាប្រទេសផ្សេងៗ នៅជុំវិញពិភពលោកកំពុងត្រូវបានគំរាមកំហែងដោយជំងឺ កូវីត ១៩ រួមទាំង​ប្រទេសកម្ពុជាយ៉ាងណាក្តី ក៏អាកាសយានដ្ឋានអន្តរជាតិរបស់កម្ពុជា​ចំនួន ៣ ត្រូវបានរាយការណ៍ថា​នៅតែដំណើរការ​សាងសង់​ជាធម្មតា គ្មានភាពរាំងស្ទះអ្វីនោះឡើយ។

ក្នុងនោះផងដែរ ព្រលានយន្តហោះ​អន្តរជាតិដែលកំពុងតែត្រូវបានសាងសង់យ៉ាងយកចិត្តទុកដាក់និងត្រៀមបង្ហាញវត្តមានរបស់ខ្លួនក្នុងពេលឆាប់ៗ ខាងមុខនេះ រួមមានព្រលានយន្ដហោះអន្តរជាតិខេត្តកណ្តាល  ព្រលាន​យន្តហោះអន្តរជាតិ​ខេត្តសៀម​រាប  និងព្រលានយន្តហោះអន្តរជាតិកងកេង នៅក្នុងខេត្តព្រះ​សីហនុ។

យោងទៅតាមប្រសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញចុះពិនិត្យការស្ថាបនាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែល​​​មាន​ទីតាំងនៅខេត្តកណ្តាល នាព្រឹកថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា ដើម្បីឆ្លើយតបនឹងកំណើនអ្នកដំណើរចេញចូលប្រទេសកម្ពុជា ពេលនេះកម្ពុជាបាននឹងកំពុងសាងសង់ព្រលានយន្តហោះអន្តរជាតិ​ចំនួន ៣ ព្រម​គ្នា បើទោះជាកំពុងប្រឈមនឹងវិបត្តិ កូវីត១៩ ក៏ដោយ។

សម្តេចតេជោបន្តថា ការសាងសង់មិនបានប៉ះពាល់ទៅដល់ក្រុមហ៊ុនដែលសាងសង់នោះទេ ហើយជាទូទៅ​នៅកម្ពុជាមិនទាន់មានក្រុមហ៊ុនណាមួយបិទ ឬក្ស័យធននោះទេ ជាក់ស្តែងដូចក្រុមហ៊ុនកំពុង​សាង​សង់ព្រលានយន្តហោះចំនួន៣ខាងលើនេះតែម្ដង បើទោះជាមានការរំខានពីកូវីត ១៩ ប៉ុន្ដែក្រុមហ៊ុនទាំងនោះមិនមានបញ្ហាអ្វីនោះឡើយ។

សម្តេចតេជោបានបញ្ជាក់ប្រាប់ឲ្យដឹងទៀតថា ក្រោយព្រលានយន្តហោះថ្មី នៅខេត្តកណ្តាល បញ្ចប់ការសាងសង់ ចំពោះអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិនតុងនៅតែរក្សាទុកដដែល ដោយទុកសម្រាប់ជាព្រលានយោធាកងទ័ព   ការហោះហើរ ផ្ទៃក្នុងប្រទេស  ដឹកជញ្ជូនសម្ភារ ទំនិញសម្រាប់ផ្លូវអាកាស និងការចុះចតសម្រាប់ព្រះ​មហាក្សក្រ  នាយករដ្ឋមន្ត្រី  ប្រមុខរដ្ឋជាភ្ញៀវ ហើយទុកសម្រាប់ជាកន្លែងចតយន្តហោះជាដើម។

គួររម្លឹកផងដែរ ប្រសិនបើគ្មានការប្រែប្រួលអ្វីនោះទេ ការសាងសងព្រលានយន្ដ​ហោះអន្តរជាតិក្នុង​ខេត្តកណ្តាល អាចនឹងបញ្ចប់នៅឆ្នាំ២០២៣ ខាងមុខទៅតាមផែនការដែលបានគ្រោងទុក។ ហើយបន្ទាប់ពីសាងសង់រួចព្រលានយន្ដហោះមួយនេះត្រូវបានរំពឹងថានឹង អាចទទួលអ្នកដំណើរបានប្រមាណ ១៣លាននាក់នៅឆ្នាំ២០៣០ ហើយអាចទទួលអ្នកដំណើរ ៣០លាននាក់ នៅឆ្នាំ២០៥០ ខណៈនឹងអាចឱ្យយន្ដហោះខ្នាតធំចុះចូលចតបាន​ដោយសុវត្ថិភាព និងមិនចង្អៀតទៀតនោះទេ៕

ដោយ៖ ស្រីពេជ្រ