អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី ត្រៀមបង្ហាញខ្លួនក្នុងឆ្នាំ ២០២៣ ដោយប្រើពេលសាងសង់រយៈពេល ៣៦ ខែ

បើទោះបីជាទើបតែចាប់ផ្តើមដំណើរការសាងសង់ជាផ្លូវការកាលពីថ្ងៃទី ១៥ ខែ មិនា ឆ្នាំ  ២០២០ កន្លងទៅក៏ពិតមែន  ប៉ុន្ដែបើតាមការបញ្ជាក់របស់រដ្ឋមន្រ្តីអាកាសចរណ៍ស៊ីវិល  បានឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីនេះ  គ្រោងនឹងបញ្ចប់ការសាងសង់ឱ្យរួចរាល់ជាស្ថាពរទៅតាមផែនការ នៅថ្ងៃទី ១៤ ខែ មិនា ឆ្នាំ ២០២៣ ខាងមុខ ដោយប្រើពេលវេលាទាំងអស់សរុប ៣៦ ខែ។

នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម នាយ ឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល  ក្នុងពិធីចុះហត្ថលេខាលើផែនការមេចុងក្រោយ នៃគម្រោងសាងសង់ អាកាសយានដ្ឋាន អន្តរជាតិសៀមរាបអង្គរថ្មី (AIAI) កាលពី ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២០។

ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ បានមានប្រសាសន៍បន្ដយ៉ាងដូច្នេះថា ចំពោះដំណើរការសាងសង់ ក្រុមហ៊ុនបានសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារបច្ចេកទេសរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដោយផ្តោតសំខាន់ទៅនឹងការបំពាក់ឧបករណ៍បច្ចេកទេស និង រចនាបថអាកាសយានដ្ឋាន។

ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តីក៏ធ្លាប់បានលើកឡើងកាលពីពេលកន្លងទៅថា ក្នុងនាមថ្នាក់ដឹកនាំ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល តែងតែគាំទ្រយ៉ាងពេញទំហឹង និងជម្រុញដំណើរសារសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ទៅតាមផែនការដែលបានកំណត់។

ស្របពេលជាមួយគ្នានេះ លោកក៏បានជំរុញឱ្យក្រុមហ៊ុនសាងសង់អាកាសយានដ្ឋាន អន្តរជាតិសៀមរាបអង្គរ (AIAI) និងក្រុមការងារបច្ចេកទេស របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ី ធ្វើការសហការគ្នាជាប្រចាំ ដើម្បីត្រូតពិនិត្យការងារ បញ្ហប្រឈមរកដំនោះស្រាយនានាទាក់ទិននឹងការសាងសង់អាកាសយានដ្ឋានផងដែរ។

សម្រាប់ទីតាំងនៃគម្រោងសាងសង់ព្រលានយន្តហោះនេះ ស្ថិតនៅទីតាំងនៅជាប់ព្រំប្រទល់ស្រុកចំនួនបី គឺស្រុកសូទ្រនិគម ស្រុកជីក្រែង និង ស្រុកស្វាយលើ ដែលគ្រប់ដណ្តប់លើផ្ទៃដីទំហំ ៧០០ ហិកតា។ គម្រោងនេះនឹង​សាងសង់​តាម ​ស្តង់ដារ​ អាកាសយានដ្ឋានអន្តរជាតិ ដែលមានទុនវិនិយោគ ប្រមាណ ៩០០ លានដុល្លារ ហើយអាច​ប្រតិបត្តិបានជាមួយយន្តហោះ​ខ្នាត​ធំ​ ខណៈដំណើរការសាងសង់ដោយក្រុមហ៊ុន Angkor International Airport Investment ។​

គួរបញ្ជាក់ វត្ដមានរបស់អាកាសយានដ្ឋាន អន្ដរជាតិ សៀមរាបអង្គរថ្មី ត្រូវបានគេរំពឹងថា នឹងជួយជំរុញវិស័យទេសចរ កម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើនថែ​មួយកម្រិតទៀត ដោយហេតុថា វានឹងកាន់តែផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ភ្ងៀវទេសចរបរទេសមកកាន់ ប្រទេស កម្ពុជា។ ជាពិសេស ត្រូវបានគេប៉ានប្រមាណថា អាចទទួលបានភ្ងៀវទេសចរណ៍ពី ៧ លាន ទៅ ១០ លាន​នាក់ក្នុង ១ ឆ្នាំ៕

ដោយ៖ ស្រីពេជ្រ