អាគារខុនដូរថ្មីប្រណីតកម្ពស់ ៤៣ ជាន់ នឹងត្រៀមបង្ហាញខ្លួននៅសង្កាត់បឹងកេងកងទី ១ ឆាប់ៗ ខាងមុខនេះ

ដោយមើលឃើញពីតម្រូវការ និងសកម្មភាពវិនិយោគយ៉ាងមមាញឹក ហើយមានគម្រោងសាងសង់អគារជាបន្ដបន្ទាប់  ថ្មីៗ នេះ អ្នកវិនិយោគចិនមួយក្រុម ក៏បានសម្រេចបោះទុនរាប់លានដុល្លារលើគម្រោងសាងសងអគារខុនដូធំមួយ នៅក្នុងសង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ។

មែនទែនទៅ គម្រោងអភិវឌ្ឍន៍អគារខុនដូរ ៤៣ ជាន់ ដែលមានឈ្មោះថា Le Condé BKK1 គឺជាគម្រោងដែលវិនិយោគដោយ ក្រុមហ៊ុន Wangfu Guo Ji Property Development Co., Ltd ប្រទេសចិន និងទួលបានការវិនិយោគជាយុទ្ធសាស្ត្របន្ថែមប្រមាណ ១៥លានដុល្លារអាមេរិក ពីក្រុមហ៊ុនដ៏ល្បី “Zhongguancun CENCONS Group” របស់ប្រទេសចិនផងដែរ។

ចំពោះទីតាំងរបស់អគារប្រណីតមួយនេះ គឺស្ថិតនៅព័ទ្ធជុំវិញដោយមហាវិថីធំៗចំនួន ៤ ជិតវិមានឯករាជ្យ និងមានផ្ទៃដីសរុបត្រឹមតែ ១.៤ គីឡូម៉ែត្រក្រឡា ហើយប្រមូលផ្តុំដោយធនាគារ ស្ថានទូត អង្គការក្រៅរដ្ឋាភិបាល និងសហគ្រាសល្បីៗជាច្រើន ដែលធ្វើឱ្យតំបន់នេះពោរពេញទៅដោយបរិយាកាសធុរកិច្ចអន្តរជាតិ និងមានសុវត្ថិភាពខ្ពស់។

លោក Cui Hui អគ្គនាយកទីផ្សារ នៃក្រុមហ៊ុន Wangfu Guo Ji Property Development Co., Ltd បានបញ្ជាក់ថា មូលហេតុដែលធ្វើឲ្យក្រុមហ៊ុនធ្វើការសម្រេចចិត្ត ក្នុងការបោះជំហានឈានជើងចូលមកកាន់ប្រទេសកម្ពុជា និងវិនិយោគលើវិស័យអចលនទ្រព្យ មិនមែនដោយសារតែផលប្រយោជន៍ រយៈពេលខ្លីនោះទេ ប៉ុន្តែជាផែនការយុទ្ធសាស្រ្តរយៈពេលវែងមួយ។

លោក Cui Hui បានឲ្យដឹងទៀតថា  សម្រាប់គម្រោង Le Condé នេះ ក្រុមហ៊ុន Wangfu Guo Ji ពិតជាបានចំណាយទុនដ៏ច្រើន ហើយវាក៏ជាគម្រោងអភិវឌ្ឍធំជាងគេ   នៅក្នុងសង្កាត់បឹងកេងកង១ ហើយបើនិយាយអំពីលំនាំ នៃការតាំងទីលំនៅ ក្នុងរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ន គិតត្រឹមទីតាំង និងទំហំ តម្លៃនៃការរស់នៅរបស់គម្រោង គឺខ្ពស់ខ្លាំងណាស់។

បន្ថែមពីនេះ Le Condé មិនមែនគ្រាន់តែជាខុនដូបែបសាញ្ញមៗ នោះទេ តែវាមានភ្ជាប់មកជាមួយ កន្លែងអានសៀវភៅ ហាងកាហ្វេ កន្លែងហាត់កីឡាសាធារណៈ ដែលផ្ដល់ភាពងាយស្រួលដល់អ្នករស់នៅ។ ថែមទាំងមាននូវឧទ្យានលើអាកាសដ៏ធំមួយនៅលើអគារកម្ពស់ ១២០ម៉ែត្រ ជាទីកន្លែងដែលលោកអ្នកអាចទទួលទានកាហ្វេ ជជែកគ្នាលេង អានសៀវភៅ ស្តាប់តន្ត្រី និងដើរកម្សាន្ត។ មិនតែប៉ុណ្ណោះ វាក៏ផ្តោតសំខាន់លើការរស់នៅបែបប្រណីត ដែលលុបបំបាត់ភាពស្មុគស្មាញ និងបញ្ហានៃការរស់នៅក្នុងទីក្រុង។

ចំពោះការសាងសង់នឹងធ្លាក់ទៅលើ ក្រុមហ៊ុន Sichuan Huashi Group ដែលជាក្រុមហ៊ុនម៉ៅការគម្រោងសំណង់ល្បី ៗជាច្រើននៅលើពិភពលោកផងដែរ ហើយគម្រោងដែលគួរឱ្យកត់សម្គាល់មួយចំនួនរបស់ក្រុមហ៊ុន Sichuan Huashi Group រួមមានដូចជា មូលដ្ឋានបង្ហោះផ្កាយរណបស៊ីឆាង សាលប្រជាជនដ៏ល្បីល្បាញរបស់ប្រទេសចិន និងសណ្ឋាគារ Venetian នៅម៉ាកាវ ជាដើម៕

ដោយ៖ ស្រីពេជ្រ