អាជីវកម្មទេសចរណ៍ជិត ៣ ពាន់ ទីតាំង សម្រេចបិទបណ្តោះអាសន្ន ខណៈប៉ះពាល់បុគ្គលិកជាង ៤ ម៉ឺននាក់ ដោយសារកូវីដ១៩

គិត​ត្រឹម​ខែ ឧសភា ឆ្នាំ ​២០២០ ​អាជីវកម្ម​ទេសចរណ៍​ប្រមាណ ២៩៥៦ ទីតាំងត្រូវបានបិទទ្វារ​បណ្ដោះអាសន្ន និង​មាន​បុគ្គលិក​បម្រើ​ការងារ​ផ្ទាល់យ៉ាងហោចណាស់ ៤៥,៤០៥​ នាក់ បាន​ប៉ះពាល់​ដល់​ការងារ និង​បាត់បង់​ប្រាក់​ចំណូល ដែលបណ្តាល​មក​ពី​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ធ្លាក់​ចុះ ដោយសារ​វិបត្តិ កូ​វី​ដ​ ១៩​។  នេះបើយោងតាមការបញ្ជាក់របស់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោ​ង ខុន នា​ថ្ងៃ​ទី ​២៩ ខែ មិថុនា ឆ្នាំ ​២០២០ កន្លងទៅ។

លោក​រដ្ឋមន្ត្រីបានគូសបញ្ជាក់យ៉ាងដូច្នេះថា  ក្នុង​ឆ្នាំ​២០២០​នេះ ប្រសិនបើ​មិន​មាន​ការឆ្លងរីករាលដាលនៃកូ​វី​ដ ១៩ ​នោះទេ កម្ពុជា រំពឹងថានឹង​ទទួលភ្ញៀវ​ទេសចរណ៍​ចំនួន ​៧ ​លាន​នាក់។ តែ​ចំនួនដ៏ច្រើន​នេះត្រូវរងចាំរហូតដល់ឆ្នាំ ២០២៥ ទើប​អាច​ទទួល​បានវិញ។ រី​ឯក្រុមអ្នកជំនាញក៏បានវាយតម្លៃថា វិបត្តិ ​កូវីដ-១៩នេះ នឹងធ្វើឲ្យ​សេដ្ឋកិច្ច​ពិភពលោកថយ ៧ឆ្នាំ ហើយចំពោះកម្ពុជាវិញ នឹងថយ ៥ ឆ្នាំដែរ។

លោក​រដ្ឋមន្ត្រីក៏បានបញ្ជាក់​បន្ដថា ទោះបីជា​វិស័យ​ទេសចរណ៍​កម្ពុជា ទទួលរងការប៉ះទង្គិចខ្លាំងពី កូវីត ១៩ ក៏ដោយ តែគិតចាប់ពីខែ ឧសភា មក យើងមើលឃើញថា ចាប់ផ្ដើមមានភ្ងៀវទេសចរចាប់ ចេញដើរកម្សាន្ដឡើងវិញ។ ហើយក្នុង​រយៈពេល​០៣​ស​ប្តា​ហ៍​នៃ​ខែ មិថុនា ​នេះ មាន​ភ្ញៀវ​ទេសចរ ជាង​ ៤៥ ​ម៉ឺន​នាក់​ចេញ​ដើរ​ទស្សនា​នៅ​ទូ​ទាំង​ប្រទេស ក្នុង​កំណើន​ប្រមាណ ៧.២៤% ធៀប​នឹង​រយៈពេល ​០៣ ​ស​ប្តា​ហ៍​នៃ​ខែឧសភា កន្លង​មក​។

លោកក៏បានបន្ថែមថា ដោយឡែក​សម្រាប់​រាជធានី​ភ្នំពេញ​ក្នុង​រយៈពេល ​៤​ ខែ​ដើមឆ្នាំ​នេះ ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ៧៧៥,៧៥០​នាក់ ថយ​ចុះ ៤៦.២% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​ ២០១៩​។ កត្តា​នេះ​បញ្ជាក់​ថា ភ្ញៀវ​ទេសចរ​ក្នុងស្រុក​នៅ​តែ​បន្ត​កើន​ឡើងជា​បន្តបន្ទាប់ គិត​ចាប់ពី​ចុង​ខែមេសា​មក​ម្ល៉េះ​។

ទាក់ទិននឹងបញ្ហានេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​ថ្លែងប្រាប់​ថា ដើម្បីសុវត្ថិភាព និងទប់ស្កាត់ការរីករាលដាលនៃ កូវីដ ១៩ កាលពីពេលកន្លងរដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តីណែនាំ ដោយ​មិន​ឲ្យ​ជួបជុំ ការ​បិទ​អាជីវកម្ម ក្លឹ​ប​កំសាន្ត ខារ៉ាអូខេ​មួយ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ ​១៩ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​បាន​ចុះ​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​រង​ផល​ប៉ះពាល់​ពី​បញ្ហា​នេះ​ផង​ដែរ ។ ហើយ​បាន​បង្កើត​ក្រុមការងារ​ដើម្បី​ប្រឆាំង​ជំងឺ​កូ​វី​ដ ​១៩ ដោយ​បង្កើត​ទីតាំង​ចក្រ​តា​ឡី​សក្តិ​នៅ​តាម​បណ្ដាល​ទីតាំង​មួយ​ចំនួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។

គួរបញ្ជាក់ផងដែរ ដើម្បី​រក្សា​កំណើនសេដ្ឋកិច្ច និង​រក្សា​ការងារ​ធ្វើ រដ្ឋាភិបាល​បាន​លើក​ចិត្តឲ្យមានការ​ធ្វើ​ទេសចរណ៍​នៅ​ក្នុងស្រុក និង​ការ​បញ្ចេញ​ថវិកាជាតិមួយចំនួន​ជួយ​ដល់​កម្មករ​និយោជក​ ធ្វើការ​បន្ធូរបន្ថយ​ផ្នែកពន្ធ​សម្រាប់​ម្ចាស់អាជីវកម្ម  ដែល​រង​ផល​ប៉ះពាល់​ដោយ​ជំងឺ​នេះ។ ហើយនាពេលថ្មីៗ​ នេះ​រដ្ឋាភិបាលក៏​បាន​ចំណាយ​ថវិកា​ចំនួន ​២៥ ​លាន​ដុល្លារ​ក្នុង​មួយ​ខែ សម្រាប់ជួយដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ ក្នុងកំឡុងវិបត្តិ កូវីដ ១៩ នេះផងដែរ។

ដោយ៖ ស្រីពេជ្រ