អាមេរិក ចង់ចាប់ផ្តើមបើកជើងហោះហើរត្រង់មកកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យអាកាសចរណ៍

ភាគី អាមេរិក មានបំណង​ចង់​ចាប់ផ្តើម​បើក​ជើងហោះហើរ​ត្រង់​មក​កម្ពុជា ដើម្បី​លើកកម្ពស់​ពាណិជ្ជកម្ម ទេសចរណ៍ និង​ការវិនិយោគ​ រវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពល្អប្រសើរ។

នេះជាការលើកឡើងរបស់ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ​ លោក W Patrick Murphy  បន្ទាប់ពីបានចូលជួបពិភាក្សាការងាររួមគ្នាជាមួយ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ម៉ៅ ហាវណ្ណាល់​  នាល្ងាច ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២០ ។

ក្នុងជំនួបនោះផងដែរ ភាគី ទាំងពីរបានជួបពិភាក្សាពីបញ្ហានានា ជាពិសេសទាក់ទិននឹងការបើកជើងហោះហើរត្រង់មក កម្ពុជា ។ ដោយឡែក លោកឯកអគ្គរដ្ឋទូតក៏បានជំរុញឱ្យរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល ត្រួតពិនិត្យ ថាគួរមាន ប្រភេទយន្ដហោះ Boeing នៅក្នុងប្រទេសកម្ពុជាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យអាកាសចរណ៍ រវាងប្រទេសទាំងពីរ សហរដ្ឋអាមេរិក និងកម្ពុជានាពេលអនាគត។

ដើម្បីជាការឆ្លើយតប លោក ម៉ៅ ហាវណ្ណាល់ ក៏បានបង្ហាញសេចក្ដីពេញចិត្ត និង​ស្វាគមន៍ឲ្យមានប្រភេទយន្ដហោះបែបនេះឲ្យមាននៅកម្ពុជា ដោយហេតុថាវាជាប្រភេទយន្ដហោះដែលអាចផ្ដល់ផាសុខភាពបានច្រើនជាងដល់អ្នកដំណើរ។

មែនទែនទៅ ចាប់ពី​ឆ្នាំ​ ១៩៩០ ទៅដល់​ឆ្នាំ​ ២០០០ ប្រទេស​កម្ពុជា​ធ្លាប់​មាន​យន្តហោះ Boeing ដែល​ផលិត​នៅ​អាមេរិក​ប្រតិបត្តិការ​ផងដែរ​ តែដោយសារ​កត្តា​ទីផ្សារ និងផ្សេងៗ ទៀត បានធ្វើឲ្យក្រុមហ៊ុន​អាកាសចរណ៍​ជាច្រើន​បាន​ផ្លាស់ប្តូរ​ទៅប្រើ​ប្រាស់​យន្តហោះ Airbus ដែល​ផលិត​នៅ​អឺរ៉ុប​វិញ​ដោយសារ​តែ​មាន​តម្លៃ​ទាប និង​មាន​បច្ចេកទេស​ងាយស្រួលក្នុងការប្រើប្រាស់។

លោកស្រី Emily Zeeberg អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជាក៏បានលើកឡើងយ៉ាងដូច្នេះថា៖ «កិច្ចព្រមព្រៀងចាប់ផ្ដើមជើងហោះហើរ​មួយនេះ នឹង​ជួយ​ជំរុញ​ការធ្វើ​ដំណើរ​អន្តរជាតិ​រវាង​អាមេរិក និង​បណ្ដា​ប្រទេស​ដៃគូ​របស់ខ្លួន។ ថែមទាំង​អាច​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក​ធ្វើការ​ហោះហើរ​ត្រង់​ទៅ​ព្រលានយន្តហោះ​របស់​ប្រទេស​កម្ពុជា និង​ជួយ​បង្កើន​ទេសចរ​អាមេរិក​មកកាន់​ប្រទេស​កម្ពុជា​ ខណៈ អាមេរិក ​មាន​កិច្ចព្រមព្រៀងនេះ​ជាមួយ​បណ្ដា​ប្រទេស​ជាង​ ១០០ ​លើ​ពិភពលោករួចទៅហើយ​»​។

រីឯកម្ពុជា វិញ បានចុះហត្ថលេខាទាំងទ្វេភាគី និងពហុភាគីបានចំនួន៤៤ ប្រទេសហើយ ក្នុងនោះជាមួយអាស៊ានមានចំនួន ៦ កិច្ចព្រមព្រៀងពហុភាគី លើសេវាកម្មដឹក ជញ្ជូនតាមផ្លូវអាកាស។

ទន្ទឹមនឹងនេះ ​កិច្ច​ព្រមព្រៀង​ហោះហើរ​ត្រង់​ពី​អាមេរិក​មក​កម្ពុជា គឺបាន​បើក​ការ​ចរចា​តាំង​តែ​ពី​ឆ្នាំ២០១៤ មកម្ល៉េះ តែ​ទើប​មាន​ការ​ព្រមព្រៀង​នៅ​ឆ្នាំ ​២០២០​ ដោយសារកាលពីពេលកន្លងនៅ​មាន​បញ្ហា​មួយ​ចំនួន​ទៀត​ដែល​កម្ពុជា និង​អាមេរិក​ មិនទាន់ពិភាក្សាត្រូវគ្នា ដូចជាបច្ចេកទេស និងក្រុមហ៊ុន​អាមេរិក​ទាមទារ​ឲ្យ​មាន​ការធ្វើ​សេវាកម្ម​ផ្ទៃដី​ដោយ​ភាគី​អាមេរិក​ផ្ទាល់​ជាដើម។

គួររំលឹកផងដែរ ចំពោះពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២ ​មាន​ចំនួន​សរុប ១,១៣៦ ​ពាន់​លាន​ដុល្លារ​ក្នុង​ ២ ​ខែ​ដំបូង​ឆ្នាំនេះ​កើនឡើង ៣៩,៩៦ ​ភាគរយ​ធៀប​នឹង ៨១២ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៩​។ ក្នុងនោះ​កម្ពុជា​បាន​នាំចេញ​ទំនិញ​មានតម្លៃ​ជាង ១ ​ពាន់​លាន​ដុល្លារ​ទៅ​អាមេរិក​កើនឡើង​ជាង ៤៦,៩៦ និង​នាំចូល​ចំនួន ៥៣,២ ​លាន​ដុល្លារ​ធ្លាក់ចុះ ២៨,៩៧ ​ភាគរយ​។ បើយោងតាម របាយការណ៍​របស់​ការិយាល័យ​ជំរឿន​អាមេរិកនាពេលថ្មីៗ នេះ៕

ដោយ៖ ស្រីពេជ្រ