អាមេរិក ប្រកាសផ្តល់ជំនួយឥតសំណង ៧.៥ លានដុល្លារ ដល់កម្ពុជា សម្រាប់ស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩

សហរដ្ឋអាមេរិក ប្រកាសនឹងផ្តល់ហិរញ្ញប្បទានឥតសំណងមានទឹកប្រាក់សរុបចំនួន ៧.៥ លានដុល្លារអាមេរិក ដល់កម្ពុជា ដែលក្នុងនោះថវិកាចំនួន ៥ លានដុល្លារអាមេរិក សម្រាប់ការស្តារសម្បទាសេដ្ឋកិច្ចកម្ពុជាឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ និងថវិកាចំនួន២.៥ លានដុល្លារអាមេរិកទៀត ជាហិរញ្ញប្បទានបន្ថែមសម្រាប់ការឆ្លើយតបនឹង ការការពារសុខមាលភាព ប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជា។ នេះបើយោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

នាព្រឹកថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២០ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២០ បានអញ្ជើញជាអធីបតី ក្នុងពិធីប្រកាសព័ត៌មាន ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រាប់ការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ ដោយសារជំងឺកូវីដ-១៩។

ទន្ទឹមនឹងនេះ ចំពោះការប្រើប្រាស់ហិរញ្ញប្បទានឥតសំណងក្នុងរយៈពេលខ្លីនេះ នឹងត្រូវប្រើប្រាស់ក្នុងការជួយ លើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋកម្ពុជា ដែលរងប៉ះពាល់ខ្លាំងពីជំងឺរាតត្បាតនេះ ហើយដោយឡែកក្នុងរយៈពេលមធ្យម នឹងជួយរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញការងារឡើងវិញ ដល់ប្រជាពលរដ្ឋរងគ្រោះក្នុងវិស័យឯកជន ។

អគ្គបណ្ឌិតសភាចារ្យ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ជំងឺកូវីដ-១៩ មិនត្រឹមតែបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខមាលភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានគំរាមកំហែងដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅទូទាំងពិភពលោកផងដែរ ហើយកម្ពុជាក៏ដូចជាប្រទេសដទៃទៀតដែរ បានទទួលរងផលប៉ះពាល់ពីជំងឺនេះ«។

លោកបន្តថា វិធានការអន្តរគមន៍ចំនួន ៣ ជុំ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាដាក់ចេញជាបន្ទាន់ ដើម្បីជួយស្រោចស្រង់វិស័យឯកជន ជាពិសេសក្នុងវិស័យសំខាន់ៗ ដូចជា វិស័យទេសចរណ៍, អាកាសចរណ៍ និងកាត់ដេរវាយនភ័ណ្ឌ និងដើម្បីរក្សាលំនឹងជីវភាពរស់នៅ របស់កម្មករ-និយោជិត ដែលបម្រើការក្នុងវិស័យទាំងនេះ ទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ តាមរយៈការលើកទឹកចិត្ត និងការអនុគ្រោះផ្នែកសារពើពន្ធ, ការអនុញ្ញាតឱ្យមិនបង់ប្រាក់ភាគទានធានារ៉ាប់រង របបហានិភ័យការងារ និងថែទាំសុខភាព ការលើកលែង និងអនុគ្រោះឥណទាន (credit relief), ការបង្កើនសន្ទនីយភាព (liquidity) ទៅក្នុងទីផ្សារ ។ល។

លោកឧបនាយករដ្ឋមន្ត្រីក៏បានបន្ថែមថា រាជរដ្ឋាភិបាលនឹងដាក់ចេញនូវកម្មវិធីជំនួយសង្គម ដើម្បីជួយសម្រាលការលំបាក និងរក្សាលំនឹងជីវភាពប្រជាជន តាមរយៈការអនុវត្តកម្មវិធីផ្ទេរសាច់ប្រាក់ សម្រាប់ក្រុមគ្រួសារប្រជាជនក្រីក្រខ្វះខាត កម្មវិធីសាច់ប្រាក់ពលកម្ម (Cash for work) ការបណ្ដុះបណ្ដាលជំនាញរយៈពេលខ្លី ដើម្បីបង្កើនលទ្ធភាពបង្កើតអាជីវកម្មផ្ទាល់ខ្លួន និងឈានទៅចាប់យកការងារក្នុងវិស័យថ្មី ។

គួរបញ្ជាក់ផងដែរ ឆ្លៀតក្នុងឱកាសនោះដែរ ភាគីទាំងពីរបានគូសបញ្ជាក់ថា ឆ្នាំ២០២០ នេះ គឺជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ កម្ពុជា និងអាមេរិក។ ភាគីទាំងពីរសន្យានឹងបន្តខិតខំបន្តថែរក្សាចំណងមិត្តភាព ដែលមានជាយូរលុងណាស់មកហើយ រវាងប្រទេសទាំងពីរ និងបន្តពូនជ្រុំមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ឱ្យកាន់តែរឹងមាំ និងជ្រាលជ្រៅថែមទៀត៕

ដោយ៖ ស្រីពេជ្រ​