អ្នកគ្មានថ្ងៃចេះហែលទឹកនោះទេ បើអ្នកនៅតែឈរលើគោក

ដើម្បីក្លាយជាអ្នកជំនួញដ៏ជោគជ័យម្នាក់ គឺពិតជាមិនមែនរឿងដែលងាយស្រួលនោះទេ ពីព្រោះតែមានឧបសគ្គ និងភាពបរាជ័យជាច្រើនដែលកំពុងរង់ចាំស្វាគមន៍អ្នក ហេតុដូច្នេះហើយទើបមានមនុស្សជាច្រើនបានបោះបង់ចោលក្ដីស្រមៃរបស់ខ្លួន ក៏ព្រោះតែពួកគេគ្មានភាពតស៊ូ និងមិនអាចទ្រាំទ្រជាមួយនឹងភាពលំបាកបាន ។

ជាក់ស្ដែង លោក Jack Ma ត្រូវបានមនុស្សជាច្រើនស្គាល់ថាជាអ្នកជំនួញដ៏ជោគជ័យម្នាក់ និង​ជាស្ថាបនិកនៃក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចដ៏ធំសម្បើមគឺ​ អាលីបាបា (Alibaba) ហើយលោកក៏ជាបុគ្គលម្នាក់ក្នុងចំណោមបុគ្គល ដែលមានទ្រព្យសម្បត្តិច្រើនបំផុត នៅក្នុងពិភពលោក ដោយបានកាន់កាប់ទ្រព្យសម្បត្តិប្រមាណ​ ៣៨ ពាន់លានដុល្លារអាមេរិក។​ មិនតែប៉ុណ្ណោះ នៅក្នុងឆ្នាំ​ ២០១៥ អ្នកជំនួញដ៏ជោគជ័យដែលមានវ័យ ៥៥ ឆ្នាំ រូបនេះ ក៏បានទទួលនូវពានរង្វាន់ “សហគ្រិនប្រចាំឆ្នាំ” ថែមទៀតផង។

យ៉ាងណាមិញ ភាពជោគជ័យរបស់លោកបានមកពីការខិតខំប្រឹងប្រែងតស៊ូ និងប្រកាន់ខ្ជាប់នូវទស្សនៈជាច្រើនដែលជាការក្រើនរំលឹក និងលើកទឹកចិត្តដល់ខ្លួនឯងឲ្យមានក្ដីសង្ឈឹមដើរទៅមុខមិនរុញរាក្នុងចំណោមទស្សនៈទាំងអស់នោះក៏មានទស្សនៈមួយបានលើកឡើងថា អ្នកគ្មានថ្ងៃចេះហែលទឹកនោះទេ បើអ្នកនៅតែឈរលើគោក។

ទន្ទឹមនឹងនេះផងដែរតាមរយៈពាក្យមួយឃ្លាខាងលើនេះ លោកក៏បានបង្ហាញប្រាប់ឲ្យដឹងថា បើអ្នកចង់ចេះអ្វីមួយ អ្នកត្រូវតែព្យាយាមរៀនសូត្រសិក្សាពីវាទើបអ្នកអាចទទួលបានចំណេះដឹងពីអ្វីដែលអ្នកចង់ចេះ វាក៏មិនខុសពីការរកស៊ី រឺក៏ធ្វើអាជីវកម្មនោះឡើយបើអ្នកចង់ធ្វើវាអ្នកត្រូវរៀនស្វែងយល់ពីបរិស្ថាននៅជុំវិញអាជីវកម្មមួយនោះឲ្យបានច្បាស់សិន ជាងនេះទៅទៀត អ្នកនឹងគ្មានថ្ងៃជោគជ័យនោះទេបើអ្នកនៅតែភ័យខ្លាចមិនហ៊ានសាកល្បងប្រថុយនៅនឹងធ្មឹងមួយកន្លែង និងស្រវាចាប់យកឱកាសដែលមាននៅចំពោះមុខ៕

អត្ថបទដោយ៖ ស្រីពេជ្រ