អ្នកជំនាញអាមេរិកព្រមាន ឲ្យប្រុងប្រយ័ត្នព្រោះការផ្ទុះរលកទី២នៃ កូវីត១៩ នៅសហរដ្ឋអាមេរិក កំពុងចាប់ផ្តើមហើយ

បន្ទាប់ពីសហរដ្ឋអាមេរិកបានរាយការណ៍ពីករណីឆ្លង កូវីត ១៩ ថ្មីៗ ជារៀងរាល់ថ្ងៃ ខណៈវិធានការរឹតត្បិតនានាត្រូវបានមើលឃើញថាមានការបន្ធូរបន្ថយនៅទូទាំងប្រទេស អ្នកជំនាញអាមេរិកបានធ្វើការព្រមាន និងប្រាប់ឲ្យបង្កើនការប្រុងប្រយ័ត្ន ព្រោះរលកទី ២ នៃការឆ្លងរីករាលដាលក្នុងប្រទេស មហាសេដ្ឋកិច្ចមួយនេះបានកំពុងចាប់ផ្ដើមហើយ។ នេះបើតាមការចុះផ្សាយដោយរបស់សារពត៌មាន CNBC នារសៀលថ្ងៃ ចន្ទ ទី ១៥ ខែមិថុនា ឆ្នាំ២០២០។

ជាមួយគ្នានេះ យោងទៅតាមការលើកឡើងកាលពីថ្ងៃ ច័ន្ទ កន្លងទៅ របស់សាស្រ្តាចារ្យផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ វេជ្ជសាស្ត្រ  Vanderbilt លោក William Schaffner បានឲ្យដឹងថា៖ «សេដ្ឋកិច្ចនៅទូទាំងប្រទេស អាមេរិក បាននឹងកំពុងបើកឡើងវិញ ស្របពេលដែលមនុស្សជាច្រើនចាប់ផ្ដើមខ្វះភាពប្រុងប្រយ័ត្ន និងមិនបានអនុវត្តទៅតាមគោលការណ៍ដែលបានដាក់រួមមានដូចជា ការរក្សាគម្លាតពីគ្នា និងឈប់ពាក់ម៉ាស់។ ហើយវាក៏ជាពេលដែល រលកទី ២ នៃការឆ្លងរីករាលដាលបាននឹងកំពុងចាប់ផ្ដើមផងដែរ»។ 

បន្ថែមពីនេះ លោក សាស្រ្តាចារ្យក៏បានបន្ដថា ការជួបជុំគ្នានៅតែមាន ហើយពួកគេទាំងអស់ដូចជាមិនខ្លាចរអា និងបារម្ភពីសុខភាពរបស់ខ្លួនឡើយ។ រីឯការធ្វេសប្រហែល និងខ្វះការយកចិត្តទុកដាក់បែបនេះ នឹងធ្វើឲ្យប្រទេសមួយនេះ កាន់តែមានអ្នកឆ្លងកាន់តែច្រើនឡើងៗ មិនថយចុះឡើយ។

មែនទែនទាក់ទងនឹងបញ្ហានេះ អង្គការ WHO ក៏ធ្លាប់បានប្រកាសកាលពីពេលកន្លងទៅថា បើទោះជាយើងកំពុងមើលឃើញពីការធ្លាក់ចុះនៃករណីឆ្លង កូវីត១៩ តែទោះជាយ៉ាងណាយើងនៅតែអាចប្រឈមមុខនឹង «ការឆ្លងរាតត្បាតដល់ចំណុចកំពូលលើកទី ២ ភ្លាមៗ» បើសិនជាប្រទេសនីមួយៗ ខ្វះភាពប្រុងប្រយ័ត្ន និងលុបចោល ឬបន្ធូរបន្ថយវិធានការរឹតត្បិតលឿនរហ័សពេកក្នុងប្រទេសរបស់ខ្លួន។

មិនតែប៉ុណ្ណោះ អង្គការ WHO ក៏បានអំពាវនាវ ឲ្យប្រទេសទាំងឡាយ បន្តចាត់វិធានការប្រកបដោយភាពវិជ្ជមាន ដើម្បីប្រយុទ្ធប្រឆាំងនឹង កូវីត១៩ ។ ឈានចូលដល់ខែទី ៦ ហើយដែល កូវីត១៩ បានយាយីពិភពលោកទាំងមូល ដូច្នេះវាមិនជាពេលដែលប្រទេសណាមួយ ត្រូវដើរចេញពីវិធានការប្រយុទ្ធប្រឆាំងនោះឡើយ។

គួរជម្រាបថា សហរដ្ឋអាមេរិកនៅតែជាប្រទេសឈរនៅលំដាប់លេខ ១ ដែលមានករណីឆ្លងខ្ពស់បំផុតនៅលើពិភពលោក ដោយមានមនុស្សជាង ២.១ លាននាក់ បានឆ្លងជំងឺនេះ និងមានអ្នកស្លាប់បាត់បង់ជីវិតប្រមាណជាង ១១៥,០០០ នាក់។ ខណៈ ប្រេស៊ីល ក៏នៅតែជាប្រទេសដែលមានអ្នកឆ្លងជំងឺច្រើនជាងគេបន្ទាប់ពី សហរដ្ឋអាមេរិកផងដែរ៕

ដោយ៖ ស្រីពេជ្រ