អ្នកមានគេទិញរបស់របរទំនើបមកប្រើក្រោយគេ ប៉ុន្ដែអ្នកក្រវិញទិញរបស់របរទំនើបមកប្រើមុនគេ

មានការលើកឡើងយ៉ាងច្រើន ពីការកំណត់អ្វីជាអ្នកមាន និងអ្វីជាអ្នកក្រ? ហើយអ្វីដែលធ្វើឲ្យពួកគេក្រ និងអ្វីដែលធ្វើឲ្យពួកគេមាន? លោក Robert Kiyosaki ធ្លាប់បាននិយាយថា ភាពមានបានមិនមែនសំដៅដល់ចំណូលដែលអ្នករកបាននោះទេ ប៉ុន្ដែសំដៅដល់ថាតើពេលនេះអ្នកនៅសល់ប្រាក់ប៉ុន្មាននៅក្នុងធនាគារ ហើយប្រាក់នោះជាប្រាក់សុទ្ធមិនបាត់បង់ទៅវិញ?

តើអ្វីជាការកំណត់ថា អ្នកជាអ្នកមាន ហើយអ្នកនោះជាអ្នកក្រ? ពិតមែនហើយ មនុស្សជាច្រើនច្រើនតែវាយតម្លៃមនុស្សពីសម្បកក្រៅ និងសម្ភារៈដែលពួកគេប្រើប្រាស់ ដូចជា​ រថយន្ដទំនើប ទូរសព្ទដៃស៊េរីថ្មីចុងក្រោយបង្អស់ សម្លៀកបំពាក់ថ្លៃៗជាដើម។ វាអាចជាត្រូវដែរ ដោយសារតែពួកគេមានជីវភាពល្អប្រសើរ ទើបគេអាចមានលទ្ធភាពប្រើប្រាស់របស់របរទំនើបៗបាន។ ប៉ុន្ដែ បើនិយាយពីផ្នត់គំនិតរបស់អ្នកមានគឺមានពាក្យថា សន្សំសំចៃនៅក្នុងគោលការណ៍របស់ពួកគេជានិច្ច។ ពួកគេដឹងថា អ្វីដែលត្រូវចំណាយប្រាក់ច្រើន ហើយអ្វីដែលមិនត្រូវចាយវាយ។

បើតាមលោក Robert Kiyosaki អ្នកមានច្រើនតែមានភាពឆ្លាតវៃខាងហិរញ្ញវត្ថុ។ តើអ្វីជាភាពឆ្លាតវៃខាងហិញ្ញវត្ថុ? គឺចង់សំដៅដល់ការចេះប្រើប្រាស់ប្រាក់ឲ្យធ្វើការបង្កើតប្រាក់ចំណូលឲ្យពួកគេ ពោលគឺមិនមែនប្រើប្រាស់ដើម្បីបង្កើតបំណុលឲ្យខ្លួនឯងនោះទេ។ បើតាមម្ចាស់ស្នាដៃសៀវភៅ Rich Dad Poor Dad រូបនេះ ភាពឆ្លាតវៃខាងហិរញ្ញវត្ថុ គឺកើតចេះពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ។

ផ្ទុយទៅវិញ អ្វីដែលគេចាត់ទុកថា ជាផ្នត់គំនិតអ្នកក្រ គឺការចាយវាយប្រាក់ដោយមិនបានបង្កើតចំណូល។ ការចេះទុកដាក់ប្រាក់កាក់ជាជំហានដំបូងនៃការបង្កើតទ្រព្យ។ ចំណុចមួយដែលលោក Robert Kiyosaki ធ្លាប់បានលើកឡើងពីភាពខុសគ្នារវាងអ្នកមាននឹងអ្នកក្រ គឺរបៀបនៃការចាយវាយប្រាក់របស់ពួកគេ។ លោកលើកឡើងថា “អ្នកមានគេទិញរបស់របរទំនើបមកប្រើក្រោយគេ ប៉ុន្ដែអ្នកក្រទិញរបស់របរទំនើបមកប្រើមុនគេ”។ ជាការពិត មិនមែនអ្នកប្រើរបស់ទំនើបចុងក្រោយមុនគេ​ អាចបញ្ជាក់ថាអ្នកជាមនុស្សដែលមានគំនិតគិតបានល្អប្រសើរផ្នែកហិរញ្ញវត្ថុនោះទេ ព្រោះគោលដៅនៃការប្រើប្រាស់របស់អ្នកគឺមានតែម្យ៉ាងប៉ុណ្ណោះនោះគឺ បង្ហាញថាអ្នកជាមនុស្សអស្ចារ្យជាងគេ និងសំណាងជាងគេ។ ប៉ុន្ដែវាបានបង្ហាញថាអ្នកជាមនុស្សឆោតល្លង់ក៏ថាបាន ព្រោះប្រសិនបើអ្នកទិញរបស់នោះនៅក្នុងលេខរៀងកណ្ដាល ឬចុងក្រោយគេ នោះអ្នកនឹងទិញបានក្នុងតម្លៃទាបជាងមុន ដែលនេះហើយជាផ្នត់គំនិតអ្នកមាន (ចំណាយតិច តែចំណេញច្រើន)៕

អត្ថបទដោយ៖ ឡាយ ឧត្ដម