អ្នកស្រី Amanda Brinkman បង្ហើបគន្លឹះ ៣ចំនុច ដើម្បីធ្វើអោយអាជីវកម្មរឹងមាំក្នុងកំឡុងកូវីដ ១៩

នាពេលបច្ចុប្បន្ននេះដោយសារតែមានបញ្ហាជំងឺឆ្លងទើបបណ្ដាលឲ្យម្ចាស់អាជីវកម្មមួយចំនួនបានបិទទ្វា ប៉ុន្ដែក៏មានម្ចាស់អាជីកម្មខ្លះទៀតនៅតែបើកដំណើរការហាងរបស់ខ្លួនជាធម្មតា ។ ហើយបើយើងងាកទៅមើលសហគ្រិនទាំងនោះអស់វិញ យើងបានសង្កេតឃើញថាសហគ្រិនភាគច្រើនពួកគេបានផ្ដោតសំខាន់ទៅលើការផ្ដល់ជូនសេវាកម្មផ្សេងៗរបស់អាជីវកម្មរបស់ពួកគេតាមរយៈប្រព័ន្ធអ៊ីនធើណេត ដើម្បីរក្សាអាជីវកម្មរបស់ពួកគេឲ្យស្ថិតស្ថេរបាន ហើយឥឡូវពួកគេបានឆ្ងល់ថាបើសិនជា នៅតែបន្ដអាជីវកម្មនៅលើ Internet បែបនេះទៀត តើវាមាននិរន្ដរភាពដែរឬទេ?

អ្នកស្រីAmanda Brinkman ដែលជាអ្នកជំនាញខាងមុខជំនួញខ្នាតតូចម្នាក់បានឆ្លើយតបវិញថា “ ពិតប្រាកដណាស់វាមិនត្រឹមតែមាននិរន្ដរភាពប៉ុណ្ណោះទេ វាថែមទាំងអាចឲ្យអាជីវកម្មរបស់អ្នកដំណើរការបានល្អផងដែរ” ប៉ុន្ដែអ្នកគួរតែសិក្សាពីកត្ដាទាំង ៣នេះឲ្យបានច្បាស់សិន៖

. ប្រើបា្រស់ពេលវេលាដើម្បីស្វែងរកដំណោះស្រាយ

ក្នុងនាមជាសហគ្រិនម្នាក់ នៅក្នងកំឡុងពេលវិបត្ដិកូវីដនេះ បើសិនជាអ្នកធ្វើអាជីវកម្មរបស់ខ្លូននៅលើ Internet ដែលគ្រាន់តែជាដំណោះស្រាយមួយរយៈពេលខ្លី ហើយចង់បានប្រាក់ចំណេញបន្ដិចបន្ដួចនោះអ្នកគិតបែបនេះគឺខុសហើយ តែផ្ទុយទៅវិញវាជាពេលវេលាមួយដែលអាចធ្វើការអភិវឌ្ឍន៍គំនិតថ្មីៗ និងក៏សាងហេដ្ឋារចនាសម្ព័ន្ធរបស់អាជីវកម្មរបស់អ្នកឲ្យកាន់តែប្រសើរឡើង ហើយអ្នកគួរតែប្រើប្រាស់ពេលវេលាមួយនេះឲ្យត្រឹមត្រូវបំផុត ។

. ការប្រើប្រាស់អាជីវកម្មបែប ឌីជីថល ( Digital )

អ្នកស្រី Brinkmen បានសង្កេតឃើញថាអាជីវកម្មនៅក្នុងស្រុកមួយចំនួនបានផ្ដល់សេវាកម្មរបស់ពួកគេតាម បណ្ដាញសង្គម Internet ហើយពួកគេនៅតែគិតថាខ្លួនគេត្រឹមជាអាជីវកម្មក្នុងស្រុកប៉ណ្ណោះ តែពួកគេមិនគិតថាការប្រើប្រាស់ Internet មិនមែនប្រើប្រាស់តែនៅក្នុងស្រុកទេគឺវាមានការប្រើប្រាស់ពាសពេញពិភពលោក ដូច្នេះវាជាឱកាសមួយដែលអាចឲ្យសេវាកម្មរបស់ពួកគេឈានទៅដល់អតិថិជនទូទាំងពិភពលោកបាន។ ពួកគេគួរតែជ្រើសរើសគេហទំព័រណាមួយដែលល្បីហើយដាក់បញ្ចូលសេវាកម្មរបស់ពួកគេដើម្បីឲ្យមនុស្សជាច្រើនបានស្គាល់ពីប្រភេទអាជីវកម្ម និងសេវាកម្មដែលពួកគេមានសម្រាប់បម្រើទៅកាន់អតិថិជន ។

.​ ការប្រើប្រាស់ពាក្យសម្ដីនិយាយជាមួយអតិថិជន

ការប្រើប្រាស់ ពាក្យសម្ដី និងភាសាសន្ទនាជាមួយអតិថិជន វាជាបញ្ហាដ៏ធំមួយនៅក្នុងវិស័យអាជីវកម្មរបស់អ្នក ព្រោះវាជាកត្ដាមួយដែលអាចទាក់ទាញភ្ញៀវមកប្រើប្រាស់សេវាកម្មរបស់អ្នកបាន ។

ឧទាហរណ៍ ៖ នៅពេលបច្ចុប្បន្នមនុស្សភាគច្រើនគឺជួបនូវវិបត្តហិរញ្ញវត្ថុ ដូច្នេះវាអាចនឹងមានការតឹងរឹងក្នុងការចំណាយរបស់ពួកគេ ហើយប្រសិនបើពួកគេមានការចង់បានឬក៏ត្រូវការសេវាកម្មរបស់អ្នកដែលអាជីវកម្មរបស់អ្នកផ្ដល់ជូននោះ ដូច្នេះតើអ្នកគួរធ្វើដូចម្ដេច ។ លោកស្រី Brinkmen បាននិយាយថា វិធីសាស្ដ្រដែលល្អបំផុតគឺយើងអាចប្រាប់ទៅកាន់ ពួកគាត់ថារាល់ប្រាក់ដែលពួកគាត់បានចំណាយមកកាន់សេវាកម្មរបស់យើង គឺខាងពួកយើងនឹងមានការបរិច្ចាគប្រាក់ទាំងនោះចំនួន ៥% ឬ១០%ទៅកាន់មន្ទីចាស់ជរា មណ្ឌលកុមារកំព្រាជាដើម ការធ្វើបែបនេះធ្វើឲ្យពួកគេគិតថា ពួកគេក៏បានបរិច្ចាគជួយទៅដល់សង្គមដែរ ។

ជារួមមក យើងឃើញថានៅកំឡុងពេលដែលប្រទេសជាតិជួបនូវបញ្ហា COVID-19 គឺប្រជាជនច្បាស់ជាជួបនូវវិបត្តហិរញ្ញជាមិនខាន ហើយបើសិនយើងជាម្ចាស់អាជីវកម្មម្នាក់មិនយល់ពីបញ្ហា និងតម្រូវការរបស់ពួកគាត់ទេ នោះអាជីកម្មរបស់យើងនឹងដួលរលំមិនខាន៕

អត្ថបទដោយ  ៖ វ៉ាន់ ចន្ថា