ឯកអគ្គរាជទូត កម្ពុជាប្រចាំប្រទេស ថៃ ស្នើ 7-Eleven ដាក់លក់ផលិតផលខ្មែរឱ្យបាន ៥០%

កាលពីប៉ុន្មានថ្ងៃមុន ក្រុមហ៊ុន​ថៃ CP ALL Public Limited (CP ALL) បានប្រកាសគ្រោងនឹង​បើកហាង​ទំនិញ​ 7-Eleven នៅ​កម្ពុជា​ក្នុង​ឆ្នាំ ​២០២១ ខាងមុខ ដែលមាន​រយៈពេល​៣០​ឆ្នាំ ហើយ​អាច​បន្តបាន​២០​បន្ថែមទៀត​។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Thestandard នាព្រឹកថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០២០ កន្លងទៅ។

ជាមួយគ្នានេះ លោក Joe DePinto នាយកប្រតិបត្តិហាង 7-Eleven ប្រចាំប្រទេស ជប៉ុន បានលើកឡើងយ៉ាងដូច្នេះថា​៖ «​ក្រុមហ៊ុន CP ALL បានធ្វើ​ឲ្យ 7-Eleven រីកចម្រើន​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​ថៃ ហើយ​ខ្ញុំ​គិតថា​គ្មានអ្វី​ល្អ​ជាង​ក្រុមហ៊ុន ​CP ALL​ ទេ ក្នុងការ​នាំយក​ទំនិញ​ 7-Eleven របស់​ពួកយើង​មក​ឲ្យ​អតិថិជន​នៅ​កម្ពុជា​»​។

នាពេលថ្មីៗ នេះ លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានស្នើដល់ក្រុមហ៊ុន CP ALL ដែលបានទទួលសិទ្ធិ ធ្វើអាជីវកម្មហ្វ្រេនឆាយពីក្រុមហ៊ុន 7-Eleven ដែលបើកដំណើរការនៅកម្ពុជា ត្រូវប្រើប្រាស់បុគ្គលិកខ្មែរឱ្យបានច្រើន និងដាក់លក់ផលិតផលខ្មែរឱ្យបាន៥០%។

យោងតាមប្រភព Facebook របស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសថៃបានឲ្យដឹងថា៖ «នៅក្នុងជំនួបឯកឧត្តមឯកអគ្គរាជទូត បានសម្តែងការអបអរចំពោះក្រុមហ៊ុន CP ALL ដែលបានទទួលសិទ្ធិ ធ្វើអាជីវកម្មហ្វ្រេនឆាយពីក្រុមហ៊ុន 7-Eleven Inc. នៅជប៉ុន និងសហរដ្ឋអាមេរិក និងបានស្នើសុំក្រុមហ៊ុនគោរពពាក្យសន្យា គឺប្រើប្រាស់បុគ្គលិកខ្មែរឱ្យបានច្រើន និងដាក់លក់ផលិតផលខ្មែរឱ្យបាន៥០%»

ដើម្បីជាការឆ្លើយតប លោក Chairoj បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការអនុវត្តពាក្យសន្យាខាងលើ និងបានស្នើសុំស្ថានទូតកម្ពុជា ជួយសម្របសម្រួលផ្តល់ព័ត៌មាន អំពីផលិតផលខ្មែរ ជាពិសេសអាហារកែច្នៃ និងអាហារក្រៀម ដើម្បីក្រុមហ៊ុនសិក្សា និងដាក់បញ្ចូលក្នុងបញ្ជីមុខទំនិញ សម្រាប់លក់នៅក្នុង សាខាដំបូង ដែលគ្រោងនឹងបើកនៅចុងឆ្នាំនេះ។

បច្ចុប្បន្ន 7-Eleven ដែលជាម៉ាតលក់ទំនិញ យីហោ ល្បី មានសាខាច្រើនជាង ៧ ម៉ឺនហាង នៅលើពិភពលោក។ ក្នុងនោះមាន ប្រទេសចំនួន ៣ ដែលទទួលបានសិទ្ធបើកសាខា 7-Eleven ច្រើនជាងគេបំផុតនោះ គឺ ប្រទេសជប៉ុន មានចំនួន ២០ ០៩៤  ហាង ខណៈប្រទេស ថៃ ចំនួន ១១ ២៩៩ ហាង រីឯ កូរ៉េខាងត្បូង មានចំនួន ៩ ៤៨៤ ហាង។

គួរបញ្ជាក់ថា ក្រុមហ៊ុនថៃ CP ALL Public Limited (CP ALL) គ្រោងបើកហាងទំនិញនៅរាជធានីភ្នំពេញ ក្នុងឆ្នាំ ២០២១ ពី ៧០០ សាខា ទៅ ១០០០ សាខា ក្នុងរយៈពេល ៥ឆ្នាំដំបូង និងបានបោះទុនតម្កល់ជាង៥ពាន់ដុល្លារ ក្នុងការចុះបញ្ជីពាណិជ្ជកម្មនៅក្រសួង៕

ដោយ៖ ស្រីពេជ្រ