៣ សប្ដាហ៍នៃខែ មិថុនា នេះ មានភ្ញៀវទេសចរជាង ៤៥ ម៉ឺននាក់ ចេញដើរកម្សាន្តទូទាំងប្រទេស កម្ពុជា

គិតត្រឹម ៣ សប្ដាហ៍ នៃខែ មិថុនា នេះ ភ្ញៀវទេសចរ  ដែលបានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍កម្សាន្ដនានាទូទាំងប្រទេស កម្ពុជា មានចំនួនសរុបដល់ទៅ ៤៥២,៦៩២ នាក់ ដែលកើនឡើង .២៤ ភាគរយ បើធៀបនឹងរយៈពេល ៣ សប្តាហ៍ នៃខែឧសភា កន្លងទៅ។ បើយោងតាម ក្រសួងទេសចរណ៍ នាថ្ងៃទី ២៤ ខែ មិថុនា​ ឆ្នាំ ២០២០ កន្លងទៅនេះ។

ក្នុងចំណោមភ្ញៀវទេសចរទាំងនោះ មានភ្ងៀវជាតិចំនួន ៤៤១,៣៩៧ នាក់ កើនឡើង ៦.៦១ ភាគរយ និងភ្ញៀវបរទេសមានចំនួន ,២៩៥ នាក់ កើនឡើង ៣៩.៣៤ភាគរយ។

តាមរយៈ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា តំបន់ឆ្នេរ ជាពិសេសខេត្តកំពត និងកែប នៅតែជាគោលដៅទេសចរណ៍មួយសំខាន់ដែលបានទាក់ទាញភ្ញៀវទេសចរផ្ទៃក្នុងច្រើន (ជិត ៥០ភាគរយ នៃភ្ញ្ញៀវទេសចរផ្ទៃក្នុងសរុប)

លោកក៏បានបន្ដថា ចំពោះខេត្ត សៀមរាប វិញ ក៏នៅតែបន្តបង្ហាញសញ្ញានៃការងើបឡើងជាបណ្តើរៗ ខណៈមូលដ្ឋានអាជីវកម្មទេសចរណ៍មួយចំនួន ពិសេសសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន បានបើកដំណើរការអាជីវកម្មឡើងវិញជាធម្មតា ក្រោយបិទអស់មួយរយៈដោយសារតែការរីការាលដាលនៃ កូវីត ១៩។

ជាមួយការបន្តងើបឡើងវិញនូវចលនាទេសចរណ៍ផ្ទៃក្នុងនេះ ក្រសួងទេសចរណ៍បាន ពង្រឹងកិច្ចសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន ក្នុងការជំរុញអនុវត្តន៍ វិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្ម ៦ប្រភេទ ដើម្បីទប់ស្តាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ដែលរួមមានសេវាស្នាក់នៅភោជនីយដ្ឋាន ការដឹកជញ្ជូនទេសចរណ៍ ផ្លូវគោក ការដឹកជញ្ជូនទេសចរណ៍ផ្លូវទឹក រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ ទេសចរណ៍។

គួរបញ្ជាក់ផងដែរ  ចាប់តាំងពីថ្ងៃទី ១៥-២៣ ខែ មិថុនា ឆ្នាំ២០២០ ក្រសួងទេសចរណ៍កម្ពុជា បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការទេសចរណ៍អាស៊ានទាំង ៤ តាមរយៈ Video Conference ដើម្បីពិភាក្សាគ្នាលើការស្តារវិស័យទេសចរណ៍ក្នុងតំបន់ឡើងវិញឲ្យមានភាពល្អប្រសើរ ក៏ដូចជាពិភាក្សាលើវិធានការនានា សម្រាប់ទប់ទល់ និងដោះស្រាយលើវិបត្តិជំងឺកូវីដ-១៩៕

ដោយ៖ ស្រីពេជ្រ