៤ខែដំបូង ឆ្នាំ២០២០ កម្ពុជានាំចេញឧបករណ៍អគ្គិសនី ទៅកាន់ទីផ្សារអន្ដរជាតិប្រមាណជាង ២៦០ លានដុល្លារ

បើទោះជាមានការរំខានពីជំងឺ កូវីត ១៩ ក៏ដោយ ការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារ​អន្តរជាតិនៅតែឃើញមានលទ្ធផលល្អប្រសើរ។ គិតត្រឹមរយៈពេល ៤​ ខែ ដំបូងនៃ​ឆ្នាំ​ ២០២០ ​ឧបករណ៍​អគ្គិសនី គ្រឿង​ម៉ាស៊ីន និង​ឧបករណ៍​មេកានិច​ (Electrical Equipments, Parts thereof, Machinery and Mechanical Appliances) របស់​កម្ពុជា ដែលនាំចេញ​ទៅក្រៅប្រទេស ​ មាន​តម្លៃ​ប្រមាណ​ជិត ២៦៤,៨៩  ​លាន​ដុល្លារ ​កើនឡើង​ជាង ៣៣ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​ ២០១៩​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​ក្រសួង​ពាណិជ្ជកម្ម​។

ទិន្នន័យ​ដដែលនោះក៏បានរាយការណ៍ឲ្យដឹងទៀតថា ឧបករណ៍​អគ្គិសនី គ្រឿង​ម៉ាស៊ីន និង​ឧបករណ៍​មេកានិច សរុប ៧២ ​មុខ​ដែល​ត្រូវបាន​នាំចេញ​ ដោយ​ស្មើនឹង​ទម្ងន់​សរុប ២៧ ២៧៣ ​តោន​។ ឧបករណ៍​ទាំងនោះ​រួមមានដូចជា ខ្សែចម្លង​អគ្គិសនី​, យ៉ូត​, ត្រង់ស៊ីស្ទ័រ​, ឧបករណ៍​បឺតខ្យល់​, ម៉ូទ័រ​អគ្គិសនី ម៉ាស៊ីន​ជនិតាអគ្គិសនី (​មិន​រាប់បញ្ចូល​ម៉ាស៊ីនភ្លើង​), ឧបករណ៍​មេកានិច​អគ្គិសនី​ប្រើប្រាស់​ក្នុងផ្ទះ​ដែល​មាន​ភ្ជាប់​ម៉ូទ័រ​អគ្គិសនី និង​សៀគ្វី​អេឡិចត្រូនិក​ចម្រុះ​ជាដើម​។

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បានថ្លែងប្រាប់យ៉ាងដូច្នេះថា៖ «ការនាំចេញ​ក្នុង​វិស័យ​នេះ​មិន​បាន​ទទួលរង​ផលប៉ះពាល់​ដូច​វិស័យ​កាត់ដេរ និង​វាយនភណ្ឌ​ឡើយ បើ​ទោះបី​ភាគច្រើន​នៃ​ប្រទេស​ដែល​ជា​គោលដៅ​នាំ​ចេញ​ពី​កម្ពុជា​កំពុង​ស្ថិត​ក្នុង​កាលៈទេសៈ​បិទ​ប្រទេស​ដោយសារ​កូវីដ​១៩ ក៏ដោយ​។

លោកក៏បានបន្ថែមថា ការនាំចេញ​គ្រឿង​ផ្គុំ​អេឡិចត្រូនិក​របស់​យើង គឺ​សម្រាប់​ផ្គត់ផ្គង់​ដល់​រោងចក្រ​សហគ្រាស​ផលិត​ឧបករណ៍​អេឡិចត្រូនិក​នៅ​បរទេស ដែល​មាន​កិច្ចសន្យា​ទិញ​គ្រឿង​ផ្គុំ ឬ​ជួល​ឲ្យ​រោងចក្រ​នៅ​កម្ពុជា​ផលិត​គ្រឿង​ផ្គុំ​ឲ្យ​ខ្លួន ហើយ​ដែល​កិច្ចសន្យា​ទាំងនោះ​នៅ​ជា​ធរមាន​នៅឡើយ​។ ម្យ៉ាងទៀត រោងចក្រ​ផលិត​របស់​យើង​ដែល​ទទួល​កិច្ចសន្យា​ផលិត​រួចហើយ ក៏​នៅ​បន្តសកម្មភាព​ផលិត និង​នាំចេញ​របស់​ខ្លួន​ជាធម្មតា ទោះបី​ក្នុង​កាលៈទេសៈ​កូវីដ ១៩ នេះ​ក្ដី​»​។

លោក លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​និយាយថា ភាពទាក់ទាញ​នៃ​គោលនយោបាយ​វិនិយោគ​របស់​កម្ពុជា​ព្រម​ជាមួយ​ការកើត​មាន​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក​ដែល​បណ្តាល​ឲ្យ​ប្រទេស​ទាំង​ ២ បង្កើន​ការយកពន្ធ​ពី​ទំនិញ​នាំចូល​រវាង​ខ្លួន​កំពុង​តែ​ផ្តល់​ឱកាស​ឲ្យ​កម្ពុជា​ស្រូប​អ្នកវិនិយោគ​លើ​វិស័យ​ផលិត​ឧបករណ៍​អគ្គិសនី គ្រឿង​ម៉ាស៊ីន និង​ឧបករណ៍​មេកានិច​ជាច្រើន​ចូល​មក​បណ្តាក់ទុន​នៅ​កម្ពុជា​។ លោកក៏មាន​ជំនឿ​ថា ការវិនិយោគ និង​ការនាំចេញ​របស់​កម្ពុជា​លើ​គ្រប់​វិស័យ​នឹង​មាន​កំណើន​ជា​បន្តបន្ទាប់​នៅពេល​អនាគត​»​។

គួរបញ្ជាក់ផងដែរ កាលពី​ឆ្នាំ​ ២០១៩ កម្ពុជា​បាន​នាំចេញ​ឧបករណ៍​អគ្គិសនី គ្រឿង​ម៉ាស៊ីន និង​ឧបករណ៍​មេកានិច​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​មាន​តម្លៃ​សរុប ៦៩០,១៨ ​លាន​ដុល្លារ​។ ខណៈប្រទេស​ដែល​នាំចូល​ផលិតផល​ឧបករណ៍​អគ្គិសនី គ្រឿង​ម៉ាស៊ីន និង​ឧបករណ៍​មេកានិច​ពី​កម្ពុជា​ច្រើន​ជាង​គេ​រួមមាន ប្រទេស​ថៃ ចិន ជប៉ុន និង​អាមេរិក​៕

ដោយ៖ ស្រីពេជ្រ